យ៉ារ៉ូ ចាំមិនភ្លេចត្រង់ឈុត សុខ សោម៉ាវត្ដី ត្រូវថ្នាំសម្រើបចាប់រំលោភខ្លួនដល់រហែកអាវ

  • 2018-10-17 05:36:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំលោះ​សង្ហា​ យ៉ារ៉ូ ចងចាំ​មិន​ភ្លេច​​ត្រង់​ឈុត​ឆាក​​អ្នក​មេម៉ាយ​ចាយ​រាង សុខ សោម៉ាវត្ដី ត្រូវ​ថ្នាំសម្រើប​មក​ចាប់​រំលោភ​ខ្លួន​​ក្នុង​រឿង​"កែវវេទមន្ត" ដែល​បាន​ធ្វើ​ការ​សម្ពោធ​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​​នៅ​ផ្សារ​ទំនើប​សុវណ្ណា​​កាល​ពី​ល្ងាចមិញ។

​​​

យ៉ារ៉ូ ថា លោក​សុំ​សរសើរ​​ សុខ សោម៉ាវត្ដី ត្រង់​ឈុត​ឆាក​ត្រូវ​ថ្នាំសម្រើប​មក​ចាប់​រំលោភ​ខ្លួន​ដល់​ថ្នាក់​​ចាប់​ហែក​អាវ​លោក​ចេញ​ពី​ខ្លួន​​​ដោយ​គ្មាន​អៀន​ខ្មាស​អី​បន្តិច។ ខណៈ​លោក​វិញ​​អៀន​ផង​ភ័យ​ផង​ឡើង​រឹង​ខ្លួន​ទៅ​ហើយ​​ស្ទើរ​តែ​​និយាយ​មិន​ចេញ តែ​​ប្រឹង​ប្រែង​សម្ដែង​ឲ្យ​បាន​ល្អ​មិន​ឲ្យ​ខាង​ផលិតកម្ម​ក៏​ដូច​ជា​ទស្សនិកជន​ខក​បំណង។

លាយឡំ​ជាមួយ​សំណើច​​ យ៉ារ៉ូ រៀប​រាប់​ថា៖" ត្រង់​ឈុត​ត្រូវ​ថ្នាំសម្រើប​ហ្នឹង​ខ្ញុំ​សុំ​សរសើរ​គាត់​សម្ដែង​ឡើង​បាន​ល្អ​អត់​មាន​ខ្មាស​អៀន​ទេ​ចាប់​ហែក​អាវ​ខ្ញុំ​ឆៅៗ​ហ្មង​ បែរ​ជា​ខ្ញុំ​ទៅ​ជា​អៀន​គាត់​វិញ"។ តែ​ទោះ​បី​ជា​យ៉ាង​ណា​លោក​សុំ​អរគុណ​​ដល់​ សុខ សោម៉ាវត្ដី ដែល​ជួយ​ណែនាំ​​ និង​ផ្ដល់​បទ​ពិសោធន៍​ល្អ​​ឲ្យ​ខ្លួន​ក្នុង​ពេល​សម្ដែង​ ពិសេស​បង្កើត​ភាព​សប្បាយ​រីករាយ​​ដល់​ក្រុម​ការងារ​រហូត។

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​​​​​​ភាព​យន្ត​ខ្នាត​ធំ​​នេះ​ដែរ​​លោក​ យឹម សុសត្យា អ្នក​គ្រប់​គ្រង​ការ​ផលិត​នៅ​ផលិតកម្ម​ Rock បាន​មាន​ប្រសាសន៍​ថា ​"កែវវេទមន្ត" គឺ​ជា​ប្រភេទ​ភាពយន្ត​​បែប​រ៉ូមែនទិក​លក្ខណៈ​កំប្លែង​​និយាយ​អំពី​ការ​រស់​នៅ​បែប​ជីវិត​សាមញ្ញ​​ៗ​​បង្កប់​ទៅ​ដោយ​អត្ថន័យ​អប់រំ​ជា​ច្រើន​ដល់​​​ពុក​ម៉ែ​បង​ប្អូន​ទស្សនិកជន។

​​​"កែវវេទមន្ត" ចំណាយ​ដើម​ទុន​ក្នុង​ការ​ផលិត​៦ ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​ការ​ផលិត​​ ដោយ​ត្រៀម​នឹង​ដាក់​បញ្ចាំង​នៅ​​គ្រប់​រោង​ភាព​យន្ត​ទំនើប​ៗ​នៅ​រាជ​ធានី​ភ្នំពេញ​ សៀមរាប បាត់ដំបង នៅ​ថ្ងៃ​ទី​១៨ ខែ តុលា ឆ្នាំ​២០១៨ ស្អែក​នេះ​ហើយ។ ចូល​រួម​សម្ដែង​ដោយ យ៉ារ៉ូ សុខ សោម៉ាវត្ដី ស៊ឹម ស្រីនិច ទឹម វ៉ាយុ Joseph ព្រម​ទាំង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត៕​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម