ថាមិនចង់និយាយទេ គឺថា ចេញដាំបាយលើកដំបូង ម៉ែភ្លាត់មាត់ស្រែកពេញផ្សារ
- 2018-10-19 12:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថាមិនចង់និយាយទេ គឺថា ចេញដាំបាយលើកដំបូង ម៉ែភ្លាត់មាត់ស្រែកពេញផ្សារ
ចន្លោះមិនឃើញ
វិលមកកាន់ទំព័រ "នឹកឡើងហួសចិត្ត" យើងម្ដងទៀត...លើកនេះ លោក សូនី មកពីខេត្តបាត់ដំបង បានចែករំលែកបទពិសោធន៍ កាលពីលោករៀនដាំបាយលើកដំបូង លទ្ធផលចេញមកពិតមិនគួរឲ្យជឿ។
ដើមឡើយ មិនដែលនឹកគិតថា នឹងបានឱកាសនិយាយរឿងនេះចេញឲ្យគេសើចទេ ប៉ុន្តែទើបឃើញទំព័រ "នឹកឡើងហួសចិត្ត" នេះ គិតថា ដាក់មួយរឿងចែកគ្នាហួសចិត្តដែរហ្មងទៅ គឺពាក់ព័ន្ធនឹងការដាំបាយ។
ខ្ញុំបាទ ឈ្មោះ សូនី ជាអ្នកខេត្តបាត់ដំបង មានម្ដាយជាអាជីវករលក់នៅផ្សារបឹងឈូក ហើយផ្ទះខ្ញុំនៅឆ្ងាយពីផ្សារប្រមាណ ១០០ម៉ែត្រ។ ដោយសារម៉ាក់រវល់លក់ គាត់មិនដែលមកញុំាបាយនៅផ្ទះទេ អីចឹងរាល់ថ្ងៃ គឺខ្ញុំជាអ្នកយកបាយទៅឲ្យម៉ាក់រាល់ថ្ងៃ។ខ្ញុំកាលណោះ មានវ័យប្រមាណជា ៨-៩ ឆ្នាំ ហើយការងារខ្ញុំ ក្រៅពីរៀនសូត្រ មានតែប៉ុណ្ណឹង គឺយកបាយឲ្យម៉ាក់ហ្នឹងឯង។
ថ្ងៃមួយ ហេតុតែចង់ឲ្យម៉ាក់សរសើរ ចង់ធ្វើជាកូនល្អ ខ្ញុំស្រាប់តែកើតមានគំនិតមួយ គឺនឹងរៀនដាំបាយឲ្យម៉ាក់ញុំាម្ដង។ ដូច្នេះហើយ ដើម្បីចេះដាំ ខ្ញុំបានលួចសួរយាយទួតរបស់ខ្ញុំពីរបៀបដាំ ថាតើត្រូវធ្វើយ៉ាងម៉េច។ យាយ ទួត ក៏ប្រាប់តាមដំណើរថា ដំបូងបង្កាត់ភ្លើង ព្រោះកាលណោះ មិនមានហ្គាស ឬឆ្នាំងខ្សែភ្លើងអីទេ អំឡុងទសវត្សរ៍ ៨០ ជាង។ បន្ទាប់ត្រូវដាក់អង្ករក្នុងឆ្នាំង រួចលាង ២ទឹក ហើយដាក់ឲ្យដាំឲ្យពុះ រួចសម្រិតទឹកចេញខ្លះ ហើយដាក់ផ្ងំប្រមាណ ១៥នាទីអីចឹងទៅ។
"ដូចជាមិនមានអីពិបាកផង...ចាំមើលថ្ងៃណាមួយដាំបាយយកឲ្យម៉ាក់ ដើម្បីឲ្យគាត់សរសើរម្ដង!" ខ្ញុំនឹកក្នុងចិត្ត ក្រោយពីបានការណែនាំពីយាយទួតហើយ។ ថ្ងៃមួយឱកាសក៏មកដល់ ពេលដែល ពុកខ្ញុំ គាត់ជាប់កិច្ចការប្រជុំនៅកន្លែង មកមិនទាន់ធ្វើបាយម្ហូបឲ្យម៉ាក់ ខ្ញុំក៏ចាប់ផ្ដើមបញ្ចេញថ្វីដៃ ជាមួយការរំពឹងថា ថ្ងៃនេះម៉ាក់នឹងសរសើរថា ខ្ញុំជាកូនល្អ កូនឆ្លាតមិនខាន។
ដំបូងចាប់ផ្ដើមបង្កាត់ភ្លើង និងធ្វើតាមយាយទួតប្រាប់បន្តបន្ទាប់ អត់មានរំលងអីមួយឡើយ។ ប៉ុន្តែត្បិតថា ជាការងារលើកដំបូង ភ្លើងដែលខ្ញុំបង្កាត់នោះ វាមិនសូវឆេះល្អប៉ុន្មានទេ គឺបក់ផង ផ្លុំផង ទម្រាំបានបាយដោះយកទៅឲ្យម៉ាក់(ដាំតែបាយទេ ឯម្ហូបចាំឲ្យម៉ាក់ទិញនៅផ្សារខ្លួនឯងចុះ មិនចេះ)។ រៀបចំដួសដាក់ស្រាក់រួចរាល់ ខ្លួនឯងក៏ទៅមុជទឹក សិតសក់ ស្លៀកពាក់អីម៉ាស្អាត និយាយរួម គឺត្រៀមខ្លួនទៅទទួលយកការសរសើរពីម៉ាក់នៅឯផ្សារ។
ប្រមាណ១០នាទី ដោយថ្មើរជើង ខ្ញុំក៏មកដល់កន្លែងម៉ាក់ខ្ញុំលក់នៅផ្សារនៅម៉ោងប្រមាណ ១១ថ្ងៃត្រង់ គឺម៉ោងបាយល្មម និយាយទៅគឺលៃម៉ាអេម មិនឲ្យម៉ាក់រមួលពោះឡើយ។ "ម៉ាកនេះ បាយ...”។ ម៉ាក់ខ្ញុំក៏ទទួលស្រាក់បាយពីដៃខ្ញុំ ហើយបើកគ្របឡើង។ "ស្អីគេហ្អែងហ្នឹងអាឃ្នី...!!!” ម៉ាក់ខ្ញុំភ្លាត់មាត់ ជាមួយសំណើច ម៉ាក់ខ្ញុំគាត់អ្នកមាត់លឺស្រាប់ផង មានអី លឺពេញផ្សារហ្នុងឯង។
“គឺបាយហ្នឹងម៉ាក់!” ខ្ញុំឆ្លើយទៅគាត់។ "ហើយបាយស្អីឯង អង្ករនៅជាអង្ករ ទឹកនៅជាទឹកហ្នឹង! អាណាដាំ?”។ ម៉ាក់ខ្ញុំអស់សំណើច ហើយសួររន្ថើនមកខ្ញុំ ខ្ញុំក៏ប្រាប់ថា ខ្ញុំអ្នកដាំ។ តាមពិតពេលកំពុងតែដាំបាយនោះ ខ្ញុំកើតចិត្តអន្ទះសាខ្លាំងណាស់ ចង់ឲ្យតែបានបាយឆាប់ៗ យកទៅម៉ាក់ ដើម្បីបានការសរសើរ ហាហា។ ដូច្នេះផ្សំនឹងភ្លើងពុំសូវឆេះផង ចាំយូរពេក ខ្ញុំក៏សម្រេចចិត្តដួសវាដាក់ស្រាក់។
ថាល្ងង់ក៏បាន ថាឆ្លាតក៏បានដែរ ព្រោះខ្ញុំពេលនោះ ស្រាប់តែលេចគំនិតមួយមកពេលបាយនៅលើចង្ក្រាននៅឡើយថា។ "មិនអីទេ ដួសយកទាំងទឹកអីចឹងហ្នឹងតាហ្មងទៅ ព្រោះទម្រាំដើរដល់ផ្សារ ទឹកបាយនោះ វានឹងរីងអស់បាត់ហើយ...ហាហា...ខ្ញុំប្រាប់ម៉ាក់តាមដំណើរអីចឹង ស្រាប់តែម៉ាក់ខ្ញុំ គាត់ផ្ទុះសំណើចម្ដងទៀត ហាស ហាស...ឯអ្នកជិតខាងគាត់ ក៏សើចចង់ឈ្លក់បាយដូចគ្នា។
“អូយ...ល្ងង់អីល្ងង់ម៉េស អាឃ្នី" ម៉ាក់នៅតែឧទានជាមួយសំណើច...បន្ទាប់ពីសើចអស់ចិត្ត គាត់បានប្រាប់របៀបដាំ និងបានឲ្យយកបាយនោះ ត្រឡប់មកផ្ទះវិញ ឲ្យយាយទួត ជួយកែកុន។ យ៉ាងណា ខ្ញុំនៅតែមិនបោះបង់ ថ្ងៃបន្ទាប់ ក៏សាកដាំម្ដងទៀត នឹងអាចជាការបានជាងលើកដំបូង។ មែន...ដូចការគិត...ម៉ាក់សរសើរថាកូនល្អ កូនចេះ...ហាស សប្បាយចិត្តមួយភ្លែតហ្នឹងឯង...។
ប៉ុន្តែតាំងពីហ្នុងមក ក្លាយជាអ្នកដាំបាយរហូត...អ្នកដែលស្រួលគឺ ពុកខ្ញុំវិញ ព្រោះគាត់មិនបាច់ប្រញាប់មកដាំបាយឲ្យម៉ាក់ដូចមុនទេ។ អីចឹងបានថា ការងារខ្លះ បើមិនចេះ កុំចង់ចេះ តែចេះ គឺ...ធ្វើរហូតអីចឹង...!ហាហា បើមិនចេះស្រួលខ្លួនសឹងអី ដល់ពេលចេះ ដល់ម៉ោងដាំបាយ នៅឯណា ធ្វើអីក៏ដោយ ត្រូវតែមកដាំបាយ បើខកខាន ដឹងតែ រំពាត់ ឡើងខ្នងហើយ។ ហ៊ឺ...មើលទៅជំនួញមួយនេះ ដូចមិនចំណេញទេ ខុសខ្លួនអស់ ខិខិខិ!!!
បងប្អូនមានអនុស្សាវរីយ៍ហួសចិត្ត សើចសប្បាយ ចង់ចែករំលែក សូមទាក់ទងលេខ ០១០ ៥៥៥ ៦៩៥ ឬផ្ញើសារជាសំឡេងមកប្រអប់សារនៃទំព័រ "នឹកឡើងហួសចិត្ត" ក៏បាន!!!