ឆ្ងល់ដែរ...ចេះនាំគ្នាខ្លាចខ្មោចៗ តើមានខ្មោចមកពីណា...!!!
- 2018-11-02 11:51:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្ងល់ដែរ...ចេះនាំគ្នាខ្លាចខ្មោចៗ តើមានខ្មោចមកពីណា...!!!
ចន្លោះមិនឃើញ
វិលមកជួបគ្នាជាថ្មី ជាមួយទំព័រ "នឹកឡើងហួសចិត្ត" ចង់ដឹងទេថា មានរឿងអីផ្ញើមកពីស្រុកស្រែយើង គឺថា...គឺថារឿងខ្មោចទៀតហើយ....ធ្វើស៊ីអ្នកនៅម្នាក់ឯងយប់ៗហ្មង ខិខិខិ !។ តោះ...ស្ដាប់បង វាសនា មកពីសៀមរាប ប្រូទាំងអស់គ្នា!
បាទខ្ញុំឈ្មោះ វាសនា មានរឿងផ្ទាល់ខ្លួនមួយ យកមកចែករំលែកជូនបងប្អូនដឹងទាំងអស់ រឿងរបស់ខ្ញុំគឺពាក់ព័ន្ធនឹងការដើរយប់...អ្នកណាខ្លះធ្លាប់ធ្វើជាទីទុយរកស៊ីពេលយប់? តាំងពីដើមឡើយ ខ្ញុំគឺជាមនុស្សខ្លាចខ្មោចណាស់ ប៉ុន្តែតាំងពីចេះដើរលេងយប់ រាំវង់ ចាប់ឈូក អីមក វាហាក់សាំនឹងមជ្ឈដ្ឋានពេលយប់ យូរទៅក៏លែងអី។ ប៉ុន្តែមុននឹងសុំា បងប្អូនដឹងថា មានរឿងអីទេ?
តាមធម្មតា ខ្ញុំមានមិត្តភ័ក្ដិមួយក្រុមមានគ្នាប្រមាណជា ៧-៨នាក់ ការងាររាល់ថ្ងៃនាពេលនោះ គឺអង្គុយមុខផ្ទះចាំមើលរ៉ឺម៉កដឹកធុងបាស់ទៅភូមិណា ស្រុកណា...យប់ឡើងប្រមូលកម្លាំងសំដៅកន្លែងលឺភ្លេងហើយ។ ស្ទើរជារៀងរាល់យប់ ពិសេសរដូវធ្លាក់ខ្យល់នេះ ដែលមេឃមិនសូវភ្លៀង យប់ណាក៏ដើរលេងដែរ លើកលែងតែមិនមានកម្មវិធីអ្វី ដូច្នេះមួយយប់ៗដឹងតែពីសប្បាយដែរ។
ដូច្នេះឲ្យតែចាប់បានគោលដៅច្បាស់ យប់ឡើងក្រោយពីបាយរួចរៀងខ្លួន គឺត្រូវជុំគ្នា ហើយក៏ចេញដំណើរ ម៉ូតូ២ គ្នា៧-៨នាក់អីចឹងទៅ។ ក្រោយសប្បាយអស់ចិត្ត អស់ចង់ហើយ ជួនអ្នកខ្លះក៏មកមុន ខ្លះក៏មកក្រោយ តាមតែការស៊ូទ្រាំរៀងខ្លួន អ្នកណាងងុយដេកហើយ ចង់មកមុនក៏មកចុះ បើអត់ទេ នៅបន្តទៀត ចាំត្រឡប់មកវិញទាំងអស់គ្នា។ ប៉ុន្តែសម្រាប់ខ្ញុំ ជម្រើសមួយណា ក៏មិនប្រសើរសម្រាប់ខ្ញុំដែរ ព្រោះក្នុងចំណោមពួកម៉ាកខ្ញុំទាំងអស់ មានតែខ្ញុំម្នាក់ប៉ុណ្ណោះ ដែលមានផ្ទះនៅផ្លូវដាច់តែឯង ពោលគឺភាគច្រើន ផ្លូវទៅផ្ទះពួកគេ ច្រើនដល់មុនខ្ញុំ អាស្រ័យទៅលើទីតាំងរបស់ធុងបាស់។
ជារៀងរាល់លើក ពេលត្រឡប់មកពីដើរលេងវិញ ពួកម៉ាកខ្ញុំ បានបែកផ្លូវទៅផ្ទះមុនរៀងខ្លួនមុនអស់ សល់តែខ្ញុំត្រូវបន្តដំណើរទៅមុខទៀតទាំងញ័រខ្លួនរាល់តែលើក។ នៅតាមផ្លូវទៅផ្ទះរបស់ខ្ញុំ មានដើមពោរមួយដើមធំដុះនៅអែបផ្លូវ...ដើមឡើយ(ជំនាន់ពុកខ្ញុំ) ល្បីណាស់ រឿងខ្មោចលងនៅម្ដុំដើមពោធិនេះ។ ប៉ុន្តែអំណាចនៃចិត្តចង់ដើរលេង ចេះតែតស៊ូ តាំងចិត្តទៅ...ដូច្នេះរាល់ពេលត្រឡប់មកពីដើរលេង រឿងដែលខ្ញុំត្រូវធ្វើពេលមកដល់ដើមពោធិធំនោះ គឺ "រត់"។
រាល់លើក ឲ្យតែខ្វះប្រមាណជា ៥០ម៉ែត្រដល់ដើមពោធិ ខ្ញុំចាប់ផ្ដើមសម្រួលឥរិយាបថ ដោះស្បែកជើងកាន់នឹងដៃ សម្រួលអារម្មណ៍ បន្តិចមក ក៏រាប់ពី ១ ដល់ ៣(រាប់ក្នុងចិត្ត) រួចរត់ម៉ាទំហឹងតែម្ដង អត់មានងាកក្រោយទេ សុខចិត្តទៅផ្ទះឈរដង្ហក់ចង់ដាច់ខ្យល់នៅផ្ទះ។ អាហ្នឹងម្យ៉ាង ម្យ៉ាងទៀតបងប្អូនដឹងថាម៉េចទេ គឺអាឡើងកាំជណ្ដើរ ជិតផុតកាំនោះអី ខ្វះមួយកាំទៀតផុតហ្នឹង គឺចេះតែគិតថា ខ្លាចតែមានស្អីមកចាប់ជើង...ណ្ហើយមិនដឹងនិយាយយ៉ាងម៉េចត្រូវ និងឲ្យបងប្អូនយល់អារម្មណ៍ពេលនោះទេ លើកលែងធ្លាប់ខ្លាច ធ្លាប់មានបទពិសោធន៍ស្រដៀងៗគ្នាហ្នឹងដែរ។
រាប់ខែ គឺបែបនេះ យប់ណា ក៏ជាយប់រត់ម៉ារ៉ាតុងដែរ ក្រោយត្រឡប់មកពីដើរលេងវិញ។ថ្ងៃមួយ ធ្លាប់មានរឿងម្ដង គឺបន្ទាប់ពីដោះស្បែកជើងរត់ ឆ្លងកាត់ដើមពោធិមកដល់ផ្ទះ ឡើងជណ្ដើរ វឹប...វឹប ហើយ ស្រាប់ជាន់ជណ្ដើរខុសកាំ...បងប្អូនអើយ...ចង់បែកប្លោក ហួលចង់ងាប់ តាំងពីនោះមក ខ្ញុំចាប់ផ្ដើមប្ដូរការគិត។ "ទេ...អញដើរលេងរាប់ខែមកហើយ ហើយមកដល់ដើមពោធិចេះតែរត់រហូត...ហើយម្ដងៗហត់ចង់ងាប់...តែដូចមិនឃើញមានរឿងអីផង គឺចេះតែខ្លាចខ្លួនឯង បង្អើលខ្លួនឯង!” ខ្ញុំនឹកក្នុងចិត្ត...បន្ទាប់នឹកគិតដល់ចំណុចអស់នេះហើយ ខ្ញុំនៅតែបន្តដើរលេងយប់ ចាប់ឈូង រាំវង់ ញ៉ែក្រមុំៗតាមភូមិដដែល។
ប៉ុន្តែខ្ញុំលែងរត់ទៀតហើយ ពេលមកដល់ដើមពោធិ គឺខ្ញុំសម្រួលអារម្មណ៍ និងប្រាប់ខ្លួនឯងថា ឈប់ខ្លាច ព្រោះមិនអីទេ។ ខ្ញុំតាំងចិត្ត និងប្រាប់ខ្លួនឯងបែបនេះ រហូតដល់យូរៗទៅ អារម្មណ៍ខ្លាចក៏លែងសូវមាន ហើយទោះមកដល់ដើមពោធិ ក៏ដើរធម្មតា គ្រាន់តែឆ្កែព្រុសបន្តិច។ ហាសហា ទាល់តែប៊ិះបែកប្លោក ទើបចេះភ្ញាក់ខ្លួន...អរគុណហើយ "ប្លោក...!”។ បើមានវីដេអូខ្លួនឯងពេលនោះ មកអង្គុយមើលឥឡូវ មិនដឹងអស់សំណើចនឹងខ្លួនឯងយ៉ាងណា!!!
បងប្អូនមានអនុស្សាវរីយ៍ហួសចិត្ត សើចសប្បាយ ចង់ចែករំលែក សូមទាក់ទងលេខ ០១០ ៥៥៥ ៦៩៥ ឬផ្ញើសារជាសំឡេងមកប្រអប់សារនៃទំព័រ "នឹកឡើងហួសចិត្ត" ក៏បាន!!!