វិល​ទៅ​អនុស្សាវរីយ​ស្រុក​ស្រែ​យើង៖ ជិះ​រ៉ឺម៉ក អាស៊ិន ទៅ​រាំ​វង់ ម៉ែ​កូន​ហើយ!!!

  • 2018-11-16 12:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​ដល់​ទៀត​ហើយ "នឹក​ឡើង​ហួស​ចិត្ត" ថ្ងៃ​ចុង​សប្ដាហ៍​នេះ នាំ​បង​ប្អូន​ទៅ​កៀក​កិត​នឹង​អនុស្សាវរីយ​ស្រុក​ស្រែ​យើង​ម្ដង​ទៀត ចែក​រំលែក​ដោយ សុភ័ណ្ឌ នៅ​រាជធានី​ភ្នំពេញ។

“ជួយ​ផង​វើយ អញ​ទប់​លែង​ជាប់​ហើយ" គឺ​ជា​សំឡេង​ស្រែក​របស់​ពួក​ម៉ាក​ម្នាក់ ដែល​មាន​នាទី​ជា​កាន់​ចង្កូត​រ៉ឺម៉ក មុន​ពេល​រ៉ឺម៉ក​ធ្លាក់​ចូល​ស្រែ។ បង​ប្អូន​អាច​នឹង​ឆ្ងល់​ថា ខ្ញុំ​នៅ​ភ្នំពេញ​ម៉េច​ទៅ​មាន​រឿង​នៅ​ឯ​ស្រែ តាម​ពិត​ខ្ញុំ​មាន​កំណើត​កើត​ជា​នៅ​ភ្នំពេញ​នេះ​មែន នៅ​ខាង​បាក់​ខែង​នេះ​ឯង ប៉ុន្តែ​ខ្ញុំ​មាន​មិត្តភ័ក្ដិ​ស្និទ្ធ​ស្នាល​ម្នាក់​នៅ​ខាង​ខេត្ត​កំពង់ឆ្នាំង ស្រុក​ព្រៃ​ខ្មែរ។

រូប​តំណាង

ដូច្នេះ កាល​ណោះ អំឡុង​ឆ្នាំ​ខ្ទង់ ២០០៧-២០០៨ ហោច​ណាស់​១​ឆ្នាំ ២ដង​ខ្ញុំ​ឡើង​ទៅ​លេង​សម្លាញ់​ខ្ញុំ ពិសេស​រដូវ​ហ្នឹង រដូវ​ប្រមូល​ផល​ច្រូតកាត់​ហ្នឹង​ឯង។ និយាយ​ពី​ពួក​ម៉ាក​ខ្ញុំ វា​មាន​ក្លើ​វា​មួយ​ក្រុម ចូល​ចិត្ត​ដើរ​លេង​យប់​ណាស់។ វា​មើល​ទៅ​មិន​ជា​មាន​លុយ​កាក់​អី​ច្រើន​ទេ ប៉ុន្តែ​មើល​ជីវភាព​ពួក​វា ដូច​សប្បាយ​មួយ​បែប​ខុស​ពី​យើង​អ្នក​ភ្នំពេញ។ រៀងរាល់​ថ្ងៃ ក្រៅ​ពី​រៀន​សូត្រ(ខ្លះ​នៅ​រៀន ខ្លះ​ឈប់ ធ្វើ​នេះ​ធ្វើ​នោះ​រៀង​ខ្លួន​ទៅ) ដឹង​តែ​ពី​ជុំ​គ្នា​ដើរ​លេង​យប់។

ដូច​​ខ្ញុំ​ប្រាប់​អីចឹង ពួក​វា​គ្មាន​លុយ​ទេ ជួន​ម្នាក់​គ្មាន​១០០​រៀល​ក្នុង​ខ្លួន​ផង ប៉ុន្តែ​ដើរ​សប្បាយ​ដាច់​ៗ​យប់​រាល់​តែ​ថ្ងៃ ខុស​ពី​យើង​ភ្នំពេញ ហ៊ាន​តែ​ដាច់​យប់ អស់​លុយ​ច្រើន ហើយ​ប្រឈម​រឿង​ជា​ច្រើន​ទៀត។ រៀង​រាល់​ថ្ងៃ ម្នាក់​ៗ​មាន​ភារកិច្ច​ក្ដាប់​ពី​ទីតាំង​រាំ​វង់...។ និយាយ​ពី​ការ​ធ្វើ​ដំណើរ មិន​ទៀង ជួន​កង់ ជួន​ម៉ូតូ ជួន​រ៉ឺម៉ក ហើយ​ជួន​ក៏​ដើរ​ទៅ​ដែរ តាម​ជាក់​ស្ដែង​ថា ម្ដាយ​ឪពុក​ព្រម​ឲ្យ​យក​កង់ ឬ​ម៉ូតូ​ទៅ ឬ​អត់។

ថ្ងៃ​មួយ​ទទួល​ដំណឹង​ថា នៅ​វត្ត​គ្រួស មាន​កម្មវិធី​រាំ​វង់...កាល​នោះ​វត្ត​នេះ សប្បាយ​ជាង​គេ​ហើយ...ពួក​ម៉ាក​ខ្ញុំ និង​ខ្ញុំ បាន​ជុំ​គ្នា​បាន​ប្រមាណ​ជា ១០​នាក់​ប្រុង​ទៅ​លេង​រាំ​វង់​វត្ត​គ្រួស។ តែ​បញ្ហា គឺ​អត់​អី​ជិះ ចៃដន្យ​អា ស៊ិន វា​ថា វា​អាច​យក​​រ៉ឺម៉ក​ម៉ូតូ​ឪ​វា​ទៅ​បាន តែ​អត់​មាន​សាំង​ទេ។ អីចឹង​ក៏​ចូល​លុយ​គ្នា​ចាក់​សាំង...រៃ​គ្នា​មួយ​សន្ទុះ​ទាំង​១០​នាក់ បាន​សាំង​មួយ​លីត្រ​ឲ្យ​គត់ ​ឲ្យ​អាស៊ិន យក​រ៉ឺម៉ក​ទៅ​ចាក់​សាំង។

រូប​តំណាង

បន្ទាប់​មក ពួក​យើង​ក៏​ចេញ​ដំណើរ​ទៅ​វត្ត​គ្រួស...ប្រមាណ​ជា ១៥នាទី​ប៉ុណ្ណោះ​ក៏​បាន​ទៅ​ដល់។ ពួក​យើង​ក៏​ចែក​គ្នា​ដើរ​រៀង​ខ្លួន មើល​ក្រមុំ​ៗ​ក្នុង​ភូមិ​ អ្នក​ណា​ស្អាត​ចូល​ទៅ​សុំ​គេ​រាំ​អីចឹង​ទៅ។ ក្រោយ​ពី​សប្បាយ​អស់​ចិត្ត​ប្រមាណ ៣​ម៉ោង ក៏​ប្រមូល​គ្នា​ទៅ​ផ្ទះ​វិញ។ នៅ​តាម​ផ្លូវ ពួក​យើង​នាំ​គ្នា​និយាយ​លេង​ពី​នេះ​ពី​នោះ បង្អាប់​គ្នា​លេង សើច​សប្បាយ​អឺងកង​ក្រោម​ពន្លឺ​ព្រះ​ច័ន្ទ​រាត្រី​ខែ​ភ្លឺ។ គិត​ៗ​ទៅ ដូច​មនោរម្យ​ណាស់​នា​ពេល​នោះ ពួក​ម៉ាក​ស្រឡាញ់​គ្នា សាមគ្គី​គ្នា​ណាស់។

រ៉ឺម៉ក បាន​ចេញ​ដំណើរ​បាន​ប្រមាណ​ពាក់​កណ្ដាល​ផ្លូវ ស្រាប់​តែ​លឺ​សំឡេង អាស៊ិន ស្រែក​កាត់​សំឡេង​អ្នក​ជិះ​ដែល​កំពុង​សើច​សប្បាយ ៖ "ជួយ...ជួយ​ផង​វ៉ើយ អញ​ទប់​លែង​ជាប់​ហើយ!”។ ស្រែក​តែ​ប៉ុណ្ណឹង អាស៊ិន ហក់​ចោល​ម៉ូតូ​បាត់ បណ្ដោយ​ឲ្យ​រ៉ឺម៉ក និង​អ្នក​ជិះ​ទៅ​តាម​យថាកម្ម ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក "គ្រាំ" រក​តែ​ជួយ​អី​មិន​បាន។ អ្នក​ជិះ​ក្រោយ ខ្លះ​ក៏​ហក់​ចេញ​ទាន់ ខ្លះ​ក៏​នៅ​លើ​រ៉ឺម៉ក ឯ​ខ្ញុំ​នៅ​ក្បាល​រ៉ឺម៉ក​កណ្ដាល​គេ ហក់​ម៉េច​ទាន់ ម៉ែ​កូន​អ្ហើយ កប់​ភក់...។

រូប​តំណាង

អាស៊ិន ឯណេះ​ឈរ​សើច​កាច់​ក តែ​ម្នាក់​ឯង​នៅ​លើ​ខ្នង​ទួល... “ម៉ូតូ​វា​រឹង​ក​ពេក អញ​កាច់​មិន​ឈ្នះ...ហាសហា"។ សំណាង​ពេល​នោះ មិន​មាន​អ្នក​គ្រោះ​ថ្នាក់ ព្រោះ​ចូល​ទឹក អីចឹង​ហើយ​ម្នាក់​ៗ ឈ្លក់​ទឹក ប្រឡាក់​ភក់​រៀង​ខ្លួន អាស៊ិន គិត​តែ​ពី​ឈរ​សើច...នាំ​គ្នា​ឡើង​ពី​ប្រឡាយ​មក​វិញ នាំ​គ្នា​ដេញ​ធាក់​អាស៊ិន។ "អញ​ខំ​ស្រែក​ប្រាប់​ហើយ​តើ...ឲ្យ​អញ​ធ្វើ​ម៉េច​បើ​ម៉ូតូ​រឹង​ក​ពេក អញ​កាច់​មិន​កើត ហាហា!”។

អា ស៊ិន រត់​គេច​ពី​ការ​ដេញ​ធាក់ ទាំង​សើច​ផង រត់​ផង។ បន្តិច​ក្រោយ​មក ក៏​នាំ​គ្នា​ចុះ​ទៅ​ដោះ​យក​កន្ទុយ​រ៉ឺម៉ក​អូស​ទាញ​ឡើង​មក​លើ​ខ្នង​ទួល​វិញ បន្ទាប់​មក​ក៏​យក​ម៉ូតូ​ឡើង​ទៀត...ប៉ុន្តែ​ធាក់​លែង​ឆេះ​ហើយ ក៏​នាំ​គ្នា​អូស​មក​ផ្ទះ ដោយ​ដាក់​វេន​គ្នា អូស​កន្ទុយ​រ៉ឺម៉ក និង​ម៉ូតូ​ម្ដង​ម្នាក់ ទម្រាំ​មក​ដល់​ផ្ទះ ដែល​មាន​ចំណាយ​ប្រមាណ ៤គីឡូ​ម៉ែត្រ។

កាល​ណោះ មិន​ដឹង អាស៊ិន ត្រូវ​ថ្មោង​ឪ​វា​យ៉ាង​ណា លួច​យក​រ៉ឺម៉ក​មក​ដឹក​ពួក​ម៉ាក​ដើរ​លេង​រាំ​វង់ ហើយ​ធ្លាក់​ចូល​ប្រឡាយ​ធ្វើ​ឲ្យ​ខូច​ខាត​ទៀត...គិត​ៗ​ទៅ ពួក​វា​សប្បាយ​ម្យ៉ាង​របស់​ពួក​វា...ហើយ​ខ្ញុំ​ក៏​ចូល​ចិត្ត​ដែរ អីចឹង​ហើយ​ទើប​ខ្ញុំ​ឧស្សាហ៍​ឡើង​ទៅ​លេង​នៅ​ទី​នោះ​ណាស់។ មិន​ដឹង​ឥឡូវ​គេ​នៅ​ដើរ​លេង​រាំ​វង់​យប់​ៗ​អីចឹង​ទៀត​អត់​ហ្ន៎ បើ​ឥឡូវ​រាង​ទំនើប​ជាង​មុន​ហើយ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី