ប្រើ​ល្បិច​ទល់​មេឃ លួច​ឪ​ទៅ​រាំ​វង់​ម្ដង​មើល៍ អស់​ប៉ុន្មាន​លុយ!

  • 2018-12-14 12:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បែក​២​សប្ដាហ៍​ហើយ ឥឡូវ​ជួប​គ្នា​ទៀត​ៗ ក្នុង​ទំព័រ "នឹក​ឡើង​ហួស​ចិត្ត"។ គួរ​ឲ្យ​ចាប់​អារម្មណ៍ មាន​បង​ប្រុស​ម្នាក់​ចែក​រំលែក​ល្បិច​ទល់​មេឃ​មួយ...ស្ដាប់​ទៅ​ដូច​រឿង​របស់ "ទិនហ្វី"។ តោះ...តាម​ដាន​ឲ្យ​អស់​សង្ស័យ។

ឲ្យ​តែ​ដល់​ខែ​កក្ដិក​ធ្លាក់​ខ្យល់​រអឹក​បែប​នេះ នៅ​ស្រុក​ស្រែ​សប្បាយ​ណាស់​បង​ប្អូន​អ្ហើយ...ខ្យល់​អាកាស​បរិសុទ្ធ​ល្ហែល្ហើយ​កាយា​ណាស់ ម្យ៉ាង​កម្មវិធី​ដើរ​លេង​យប់​ក៏​មាន​ច្រើន​ដែរ។ និយាយ​បែប​នេះ មិន​មែន​ខ្ញុំ​ជា​អ្នក​ដើរ​លេង​យប់ រាំ​វង់ ចាប់​ឈូង​ជា​អាជីព​ទេ គឺ​យូរ​ៗ​បាន​ម្ដង​ដែរ។

រូប​តំណាង

សុំ​មិន​បញ្ចេញ​ឈ្មោះ​ទៅ​ចុះ...និយាយ​ពី​រឿង​ដើរ​លេង​យប់ មិន​មែន​ថា​ខ្ញុំ​នេះ​មិន​ចូល​ចិត្ត​ទេ ឃើញ​មិត្ត​ឃើញ​ម៉ាក​ទៅ ក្នុង​ខ្លួន​នៅ​មិន​សុខ​ឡើយ។ ប៉ុន្តែ​បញ្ហា​ត្រង់​ថា ឪពុក​របស់​ខ្ញុំ គាត់​តឹង​តែង​ណាស់ មិន​អាច​ធ្វើ​អ្វី​តាម​ចិត្ត​ដូច​ពួក​ម៉ាក​ដទៃ​ទៀត​នោះ​ទេ ហេតុផល គាត់​ថា​ដើរ​លេង​យប់ ខ្លាច​មាន​រឿង ព្រោះ​ជំនាន់​ឆ្នាំ ១៩៩៧-៩៨ បង​តូច​បង​ធំ មាន​ច្រើន​ដែរ។ មួយ​វិញ​ទៀត ខ្ញុំ​ដល់​ឆ្នាំ​ប្រឡង​បាក់​ឌុប​ផង។

ដូច្នេះ​ហើយ ចង់​សុំ​គាត់​ដើរ​លេង​យប់ រាំ​វង់ ចាប់​ឈូង គឺ​ដូច​ទៅ​សុំ​ភ្លើង​យក្ស​ដែរ។ អា​រឿង​រាំ​វង់ ចាប់​ឈូង​អី​ហ្នឹង គឺ​ជា​រឿង​មួយ ប៉ុន្តែ​រឿង​មួយ​ទៀត កាល​ណោះ ខ្ញុំ​មាន​ជាប់​ចិត្ត​ជាមួយ​កូន​ក្រមុំ​គេ​ម្នាក់​នៅ​ភូមិ​ស្រុក​ជិត​គ្នា កាល​ដែល​ទៅ​ដើរ​លេង​ពេល​យប់ គឺ​ចង់​ជួប​នាង​ហ្នឹង​ឯង។ បើ​ទោះ​ពិបាក​សុំ ប៉ុន្តែ​ខ្ញុំ​ក៏​មាន​សិល្បៈ​របស់​ខ្ញុំ​ដែរ គឺ​ថា ថ្ងៃ​ណា​ដែល​ចង់​ដើរ​លេង​យប់ ថ្ងៃ​នោះ ប្រឹង​ធ្វើ​ការ​មិន​ឈប់ បោស​ផ្ទះ កើប​អាចម៍​គោ រែក​ទឹក​ដាក់​ពាង...ជា​ដើម ដើម្បី​យក​ពិន្ទុ ឬ​ក៏​ថា​យក​ចិត្ត​ពុក​ក៏​ថា​បាន។

“ឃើញ​ប្រឹង​ធ្វើ​ការ​ផ្ទះ​ណាស់​ថ្ងៃ​នេះ អា​ហ្នឹង​ សង្ស័យ​ប្រុង​សុំ​ទៅ​ណា​ហើយ​នៀក!”។ ពុក​សួរ​បែប​បញ្ចើចបញ្ចើ​មក​ខ្ញុំ។ យ៉ាង​ណា មិន​មែន​ថា គ្រប់​ពេល ធ្វើ​បែប​នេះ​ដឹង​តែ​បាន​ផល​នោះ​ដែរ។ ថ្ងៃ​មួយ មាន​កម្មវិធី​បុណ្យ​ក្នុង​ភូមិ​របស់​នារី​ដែល​ខ្ញុំ​លួច​ស្រឡាញ់...ខ្ញុំ​តាំង​ចិត្ត​ថា យប់​នេះ ត្រូវ​តែ​សុំ​ពុក​ទៅ​លេង​ឲ្យ​ទាល់​តែ​បាន។ គិត​ហើយ ខ្ញុំ​ប្រឹង​ធ្វើ​ការ​ផ្ទះ​មិន​ឈប់ ធ្វើ​នេះ​ធ្វើ​នោះ ជួប​ពុក​រាក់​ទាក់ ពុក​អីចេះ ពុក​អី​ចុះ...ហាហា ដឹង​តែ​បាន​ផល​ហើយ!

រូប​តំណាង

​តែ​មាន​ឯណា...ពុក​ដឹង​តម្រុយ​មុន។ "យប់​នេះ អត់មាន​​ទៅ​ណា​ទេ​ណា អា​អូន នៅ​ផ្ទះ​រៀន!”។ គ្រាន់​តែ​ប៉ុណ្ណេះ ខ្ញុំ​ធ្លាក់​ថ្លើម​ក្ឌុក ពំនោល​បដិសេធ​របស់​ពុក គឺ​ជា​ឧបសគ្គ​ដែល​ពិបាក​ឆ្លង​បំផុត ពិបាក​ជាង​ឡើង​ភ្នំ​ឱរ៉ាល់​ទៅ​ទៀត។ "ខ្ញុំ​សុំ​ទៅ​ដើរ​លេង​ម្ដង​ម៉ោ​ពុក ខ្ញុំ​ទៅ​តែ​មួយ​យប់​ហ្នឹង​ទេ...ខ្ញុំ​ខាន​ដើរ​លេង​យូរ​ហើយ សុំ​ទៅ​ម្ដង​ណា​ពុក​ណា"។ ខ្ញុំ​ត្អូញ​ថ្ងូរ ជាមួយ​ពាក្យ​អង្វរ​លួង​លោម មើល​ទៅ​គួរ​ឲ្យ​អាណិត​ពន់​ពេក។

" អត់​ទេ ព្រឹក​ត្រូវ​ទៅ​រៀន ថ្ងៃ​ប្រឡង​ក៏​ជិត​មក​ដល់​ដែរ ដើរ​លេង​ក្បាល​អ្ហែង​អី!" ពុក​ខ្ញុំ ម៉ាត់​ណា គឺ​ម៉ាត់​ហ្នឹង​ហើយ ដូច​ប្រាប់​ពី​ខាង​លើ ពាក្យ "ទេ" មួយ​ម៉ាត់​របស់​គាត់ គឺ​ពិបាក​ឆ្លង ជាង​ឡើង​ភ្នំ​ភ្លើង​ទៅ​ទៀត ពិសេស​ចំ​ថ្ងៃ​រៀន​ទៀត​នោះ កុំ​សង្ឃឹម...បើ​ចំ​យប់​ថ្ងៃ​សៅរ៍​គ្រាន់​បើ​បន្តិច។ ត្បិត​ថា ក្នុង​ចិត្ត​ជ្រួល​ច្របល់​នៅ​មិន​សុខ ប៉ុន្តែ​គ្មាន​ជម្រើស​ទេ បាយ​ហើយ កាន់​សៀវភៅ ប៉ុន្តែ​គ្មាន​អារម្មណ៍​អី​បន្តិច ធ្វើ​បន្លំ​ៗ​ភ្នែក​ពុក​មួយ​សន្ទុះ ក៏​ចូល​ដេក​បាត់។

ខ្លួន​ក្នុង​មុង ក្បាល​លើ​ខ្នើយ ក៏​ពិត​មែន ប៉ុន្តែ​ដេក​មិន​លក់​សោះ រសេះរសោះ​ក្នុង​ខ្លួន​នៅ​មិន​សុខ ចិត្ត​មួយ​នឹក​ខឹង​ពុក​ផង ហេតុ​អី​ក៏​តឹង​តែង​យ៉ាង​នេះ ឯ​ចិត្ត​មួយ​ទៀត ហោះ​ទៅ​ដល់​កន្លែង​ពិធី ស្រមៃ​បើ​ពេល​នេះ អញ​នៅ​កន្លែង​នោះ មិន​ដឹង​សប្បាយ​យ៉ាង​ណា។ មួយ​ផ្នែក​ក៏​នឹក​ដល់​នារី​ដែល​ខ្ញុំ​លួច​ស្រឡាញ់​ផង ពេល​នេះ មិន​ដឹង​ជា​នាង​នៅ​កន្លែង​នោះ​ឬ​ក៏​អត់ ក្នុង​ចិត្ត​បន់​កុំ​ឲ្យ​នាង​ទៅ​ដូច​ខ្ញុំ​ដែរ បារម្ភ​ខ្លាច​គេ​ហៅ​នាង​ឡើង​រាំ ខ្លាច​គេ​ទៅ​ញ៉ែ​នាង។

រូប​តំណាង

និយាយ​ទៅ​វិលវល់ ច្របូកច្របល់​ដល់​ក ប៉ុន្តែ​រំលង​បាន​ប្រមាណ​ជាង​១​ម៉ោង ក្រោយ​ពី​ភាព​ងងុយ​ចូល​មក​ទន្ទ្រាន​លាន​លុប​លើ ចិត្ត​ច្របូកច្របល់​នោះ​ហើយ ខ្ញុំ​ក៏​ដេក​លក់​បាត់​ទៅ។ រំលង​បាន​តែ​ប៉ុន្មាន​ថ្ងៃ ក៏​ទទួល​ដំណឹងថា ប្អូន​ជីដូន​មួយ​នាង​ភ្ជាប់​ពាក្យ ហើយ​យប់​ឡើង​គេ​ដាក់​ធុង​បាស់​រាំ។ ដល់​ពេល​ទៀត​ហើយ​ខ្ញុំ...ឆ្លេឆ្លា...ក្នុង​ចិត្ត​គិត​ថា ខកខាន​លើក​ទី​១​បាន ប៉ុន្តែ​ខាន​លើក​ទី​២​ទៀត​មិន​បាន​ទេ ខ្ញុំ​ត្រូវ​តែ​ទៅ​ឲ្យ​បាន​ម្ដង​នេះ។

ប៉ុន្តែ​បញ្ហា​ត្រង់​ថា ធ្វើ​ម៉េច? បើ​វិធី​ចាស់​គាត់​ចាប់​ថ្នាក់​បាន​ហើយ លែង​មាន​ប្រសិទ្ធភាព​ហើយ ម្យ៉ាង​ថ្ងៃ​សុក្រ​ទៀត... “គ្រាន់​តែ​ភ្ជាប់​ពាក្យ​សោះ ម៉េច​មិន​ធ្វើ​ថ្ងៃ​សៅ​ទៅ​លោក​អើយ!”។ ខ្ញុំ​នឹក​ក្នុង​ចិត្ត...គិត​ចុះ​គិត​ឡើង បន្តិច​ក្រោយ​មក​ ខ្ញុំ​នឹក​ឃើញ​វិធី​មួយ។ ម៉ោង​ប្រមាណ​ជាង ៣​រសៀល ខ្ញុំ​បាន​និយាយ​ទៅ​កាន់​ពុក "ពុក​ថ្ងៃ​នេះ ខ្ញុំ​ដូច​ចង់​ទៅ​ដេក​ផ្ទះ​យាយ​មួយ​យប់​ពុក!"។ លោក​យាយ គឺ​ជា​ម្ដាយ​បង្កើត​របស់​ពុក​ខ្ញុំ ផ្ទះ​របស់​គាត់​នៅ​ភូមិ​មួយ​ទៀត ប៉ុន្តែ​ចម្ងាយ​ពី​គ្នា​ប្រមាណ​តែ​កន្លះ​គីឡូ​ដី​ប៉ុណ្ណោះ ម្យ៉ាង​កន្លង​មក ក៏​ធ្លាប់​ទៅ​ដេក​ជាមួយ​យាយ​ម្ដង​ម្កាល​អីចឹង​ដែរ។

“អើ...ទៅ​ក៏​ទៅ​ចុះ ប៉ុន្តែ​ដាក់​សៀវភៅ​ទៅ​រៀន​ផង លឺ​អត់? ជិត​ប្រឡង​មែន​ទែន​ហើយ!”។ លឺ​តែ​ប៉ុណ្ណេះ ខ្ញុំ​ត្រេក​អរ​ចង់​ហោះ នឹក​ថា ប៉ុណ្ណេះ​សម្រេច​ផែន​ការ​ហើយ។ ក្រោយ​ពី​ធ្វើ​ការងារ​ផ្ទះ​ខ្លះ​ៗ​រួច ម៉ោង​ប្រហែល​៥ ល្ងាច ខ្ញុំ​ក៏​រៀប​សៀវភៅ និង​ខោអាវ​ទៅ​រៀន​រួច​ស្រេច ព្រោះ​ព្រឹក​ឡើង​ទៅ​រៀន​តែ​ម្ដង អត់​ត្រឡប់​មក​ផ្ទះ​វិញ​ទេ ព្រោះ​ផ្ទះ​យាយ​ខ្ញុំ​នៅ​ជិត​សាលា​ស្រាប់។ ប៉ុន្តែ​ក៏​មិន​ភ្លេច​ដាក់​ខោអាវ​ដើរ​លេង​យប់​មួយ​កំប្លេ​ដែរ។

រូប​តំណាង

ទៅ​ដល់​ផ្ទះ​យាយ ខ្ញុំ​គិត​ថា នឹង​មិន​សុំ​យាយ​ទេ គឺ​លួច​ទៅ​ដើរ​លេង​តែ​ម្ដង ព្រោះ​បើ​សុំ នឹង​ដឹង​ដល់​ពុក​មិន​ខាន។ គិត​ដូច្នេះ បន្ទាប់​ពី​បាយ​ល្ងាច​ជាមួយ​យាយ​រួច ម៉ោង​ប្រមាណ​ជា ៧យប់ ក៏​ចូល​ដេក ដោយ​ខ្ញុំ​ដេក​ផ្ទាល់​លើ​ក្ដារ ឯ​យាយ និង​តា​សម្រាន្ត​លើ គ្រែ​ក្ដារ​ងឿ(គ្រែ​ដែល​ធ្វើ​ពី​បន្ទះ​ឈឺ​ក្រាស់​ៗ គ្រែ​ប្រភេទ​នេះ​គេង​ត្រជាក់​ស្រួល​ណាស់)។ ខ្ញុំ​សម្ងំ​ធ្វើ​ដេក មួយ​សន្ទុះ ក៏​លឺ​យាយ និង​តា​សម្រាន្ត​លក់​ស្រមុកខុល។

ខ្ញុំ​ក៏​ងើប​ឡើង​យឺត​ៗ ថ្នម​ៗ​ ហើយ​យក​ខ្នើយ​ឱប​រៀប​ស្រួលបួល ហើយ​គ្រប​ភួយ​ពី​លើ​ឲ្យ​មើល​ទៅ​ដូច​ខ្ញុំ​កំពុង​ដេក​អីចឹង។ រួច​ហើយ ក៏​ចុះ​ជណ្ដើរ​លបៗ មក​ដល់​ដី លើក​ស្បែក​ជើង​កាន់ អត់​ហ៊ាន​ពាក់​ទេ ខ្លាច​ដើរ​ទៅ​លឺសំឡេង ហើយ​ក៏​លើក​កង់​លី​ទៀត ខ្លាច​បណ្ដើរ​អូស​ទៅ​លឺ​សូ​ច្រវ៉ាក់។

ទី​បំផុត ខ្ញុំ​ចេញ​ផុត​ពី​ផ្ទះ​យាយ​បាន​សម្រេច ដោយ​មិន​បែក​ការ​ណ៍​សោះ​ឡើយ។ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ "អូន រចនា បង​នឹង​បាន​ឃើញ​អូន​ហើយ" លាក់​បាំង​អី កាល​ហ្នុង​លួច​ស្រឡាញ់​គេ​ម្នាក់​ឯង​ទេ គេ​មិន​ដឹង​ខ្លួន​ឡើយ...មួយ​ថ្ងៃ​ៗ ឲ្យ​តែ​បាន​ឃើញ​មុខគេ​បន្តិច អស់​ចិត្ត​ហើយ ទោះ​មិន​បាន​និយាយ​ជាមួយ​ក៏​ដោយ។

រូប​តំណាង

ធាក់​កង់​ង៉ែតង៉ត​ៗ ប្រមាណ​ជា​២០​នាទី ខ្ញុំ​បាន​ទៅ​ដល់​ផ្ទះ​ពិធី​ដែល​នៅ​ឆ្ងាយ​គ្នា​ប្រមាណ​ជា ៤​គីឡូ។ ស្រាប់​តែ​ទៅ​ដល់ ខ្ញុំ​ធ្លាក់​ថ្លើម​ក្ឌុក​ម្ដង​ទៀត!!! ឆឺតឆឺត...ពុក​ខ្ញុំ​កំពុង​រាំ​ក្នុង​វង់​ដែរ...ចប់...គ្មាន​ជម្រើស​ឡើយ...ខ្ញុំ​បង្ខំ​ចិត្ត ត្រឡប់​មក​ផ្ទះ​យាយ​វិញ​ភ្លាម ព្រោះ​មិន​អាច​ឲ្យ​ពុក​ដឹង​ថា ខ្ញុំ​កុហក​គាត់​រឿង​សុំ​ទៅ​ដេក​ផ្ទះ​យាយ ដើម្បី​បាន​មក​ទី​នេះ​ទេ មិន​អីចឹង​ងាប់​មិន​ខាន ពុក​ខ្ញុំ​កាច​ណាស់។

ក្រោយ​មក​ទើប​ដឹង​ថា ពុក​ខ្ញុំ និង​ឪពុក​ប្អូន​ជីដូន​របស់​រចនា រាប់​អាន​គ្នា ព្រោះ​កន្លង​មក​ខ្ញុំ​មិន​ដែល​ស្គាល់​ប្អូន​ជីដូន​មួយ​នាង​នោះ​ទេ ឪពុក​ម្ដាយ​របស់​គេ(ប្អូន​ជីដូន​មួយ រចនា) ក៏​ខ្ញុំ​មិន​ស្គាល់​ដែរ។ កាល​ណោះ និយាយ​ពី​ថា​ស្ដាយ​នោះ មិន​ដឹង​ថា​យក​អ្វី​មក​និយាយ​ឲ្យ​ត្រូវ​ទេ...ហេតុ​តែ​មិន​មែន​គូ រចនា ត្រូវ​ឪពុក​ម្ដាយ​ផ្សំ​ផ្គុំ​ជាមួយ គ្រូ​បង្រៀន​ម្នាក់ មក​សព្វ​ថ្ងៃ នាង​មាន​កូន​៤ នាក់​រួច​ស្រេច៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី