ចង់ជួបតែរឿងល្អៗសមបំណង មេរៀនជីវិតទាំង១២ នេះត្រូវរំលឹកខ្លួនឯងរាល់ថ្ងៃ
- 2019-01-24 05:27:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ជួបតែរឿងល្អៗសមបំណង មេរៀនជីវិតទាំង១២ នេះត្រូវរំលឹកខ្លួនឯងរាល់ថ្ងៃ
ចន្លោះមិនឃើញ
ជីវិត គឺដំណើរដ៏វែងឆ្ងាយ និងមានគ្រប់រសជាតិ។ បើទោះខ្លះកើតមកមានអ្វីគ្រប់យ៉ាង ខណៈខ្លះទៀតស្ទើរគ្មានអ្វីសោះក្តី តែគ្មានអ្នកណាម្នាក់ល្អឥតខ្ចោះ ហើយរីករាយរហូតនោះដែរ ដូច ពាក្យចាស់ពោលថាចង្កៀងផ្ទះណា ភ្លឺផ្ទះនោះ។ សេចក្តីសុខរបស់មនុស្សម្នាក់ៗ ត្រូវកំណត់ដោយការគិតរបស់គេ ដែលគេខ្លួនឯងត្រូវប្រឹងប្រែងរក និងបង្កើតវា។
បើចង់ឲ្យជីវិតជួបតែរឿងល្អៗ សមបំណងនោះ មានមេរៀនជីវិត១២ អ្នកគួររំលឹកខ្លួនឯងជារឿយៗ ដូចជា ៖
១. ធ្វើល្អ បានល្អ ៖ ជីវិតជាជម្រើសអ្នក អ្នកសាងអីទទួលផលនោះ ។ ត្រូវចាំថាបើទោះមនុស្សជុំវិញខ្លួនអ្នកកំពុងដើរផ្លូវខុស ក៏អ្នកត្រូវប្រកាន់គោលជំហរខ្លួនឯង បន្តធ្វើល្អដល់ទីបំផុត ព្រោះការធ្វើអំពើល្អ នឹងនាំភាពស្ងប់សុខដល់ផ្លូវចិត្តផងដែរ។
២. មនុស្សល្អ ជួបល្អ ៖ ត្រូវធ្វើជាមនុស្សដែលអ្នកតែងប្រាថ្នាចង់ជួប ចង់ស្គាល់ និងនៅឲ្យឆ្ងាយពីមនុស្សដែលបំពុលដល់ជីវិតអ្នក។
៣. ដរាបណាមានការព្យាយាម គង់មានលទ្ធផល ៖ មនុស្សដែលចង់បានភាពចម្រុងចម្រើនរមែងតែងរិះរកផ្លូវឆ្ពោះទៅចំណុចខ្លួនចង់ទៅដល់។ ទោះរាល់ការព្យាយាមទាំងអស់មិនប្រាកដថាបានលទ្ធផលដូចបំណងក្តី តែយ៉ាងហោចណាស់អ្នកនឹងទទួលបានអ្វីមួយពីវា។
**៤. ធ្វើការងារអ្វីក៏ដោយត្រូវធ្វើឲ្យល្អបំផុត** ៖ មនុស្សបើទម្លាប់ធ្វើអីលំៗឲ្យតែរួចពីដៃនោះ គឺធ្វើលំៗ គ្រប់រឿងតែម្តង។ កុំឲ្យខូចអនាគតទាំងមិនដឹងខ្លួនទាន់ ត្រូវចាប់ទម្លាប់មត់ចត់នឹងការងារពីពេលនេះ និងធ្វើអីមួយឲ្យអស់ពីចិត្ត ទើបមានតម្លៃ។
៥. ត្រូវចេះរក្សាមនុស្សដែលផ្តល់ថាមពលដល់ជីវិតអ្នក ៖ កាន់តែចម្រើនវ័យហើយ ជីវិតក៏កាន់តែស្មុគស្មាញដែរ ពេលខ្លះធ្វើឲ្យអ្នកនឿយហត់ អស់កម្លាំង អ្នកគួរសម្រាកបន្តិច រកកន្លែងសាកថ្មឲ្យខ្លួនឯង។ អ្នកគួរចំណាយពេលនៅជាមួយមនុស្សដែលតែងផ្តល់ភាពកក់ក្តៅដល់អ្នកដោយគ្មានលក្ខខណ្ឌ ដូចជាក្រុមគ្រួសារជាដើម។
៦.ពេលអារម្មណ៍ច្របូកច្របល់ គួរដកឃ្លាធ្វើចិត្តឲ្យស្ងប់សិន ៖ មនុស្សធំយល់ការរាក់ជ្រៅម្នាក់ មិនគួរច្រឡោតខឹងឆេវឆាវឡើយ បើទោះជាអ្នកកំពុងតែខឹង ខ្លាំងយ៉ាងណាក៏ដោយ។ គួរដកឃ្លាទៅនៅម្នាក់ឯង ផ្តល់ពេលវេលាឲ្យខ្លួនឯងបានបន្ទូរសម្ពាធ ហើយចាំត្រលប់មកដោះស្រាយបញ្ហានោះម្តងទៀតប្រសើរជាង។
៧. កុំត្រចៀកស ឆាប់ជឿគេពេក ៖ រឿងអីក៏ដោយ មុនសម្រេចចិត្ត ឬ ឆ្លើយតប ត្រូវគិតថ្លឹងថ្លែងឲ្យល្អិតល្អន់ រកហេតុ រកផល។ ហើយបើមិនច្បាស់ត្រូវចេះសួរនាំ និងស្វែងរកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ដាច់ខាតកុំហៃអើតាមគេឲ្យសោះ។
៨. ជឿទៅចំណេះដឹង ពិតជាអាចធ្វើឲ្យជីវិតអ្នកប្រសើរឡើង៖ ការសិក្សា គឺជាការវិនិយោគរយៈពេលយូរ កុំរំពឹងថាវាផ្តល់ផលក្នុងរយៈពេលខ្លីឲ្យសោះ។ ហើយនេះក៏មិនមានន័យថាត្រូវតែរៀនយកសញ្ញាប័ត្រធំៗដែរ គឺត្រូវរៀនឲ្យចេះពិតប្រាកដ ទើបវាក្លាយជាទ្រព្យជាប់ខ្លួនដែលមិនចេះជ្រុះបាត់ ឬ គេលួចប្លន់បាន។ ចំណេះវិជ្ជា ធ្វើឲ្យខួរក្បាលអ្នកវាងវៃ ហើយជោគជ័យនឹងរត់មករកអ្នកដោយឯងៗ។
៩. ចរិតមាយាទល្អ គឺមនុស្សជាអ្នកកំណត់ ៖ រៀនខ្ពស់ប៉ុណ្ណា ឬ ធ្វើការងារធំដុំអីក៏ដោយ បើមានចរិតមាយាទអន់ហើយ គឺប្រៀបបាននឹងសូន្យ។
១០. កុំបណ្តោយឲ្យជំងឺតួឯកគ្រប់គ្រងអ្នកបានឲ្យសោះ ៖ ទោះពូកែយ៉ាងណាក្តី អ្នកមិនអាចជោគជ័យយូរអង្វែងឡើយ បើអ្នកជាន់ពន្លិចមនុស្សជុំវិញខ្លួន។ សារជាតិមនុស្ស គឺអាចអាត្មានិយម គិតពីប្រយោជន៍ផ្ទាល់ខ្លួនជាចម្បង តែត្រូវចេះទាញខ្លួនឲ្យមករកផ្លូវត្រូវវិញ ហើយរស់ឲ្យមានតុល្យភាព ចេះចែករំលែក ម្តងគេ ម្តងយើង ទើបអាចរកបានភាពស្ងប់សុខ និងរីកចម្រើន។
១១. ស្នេហា គឺជាអារម្មណ៍រំជើបរំជួលមួយគ្រាប៉ុណ្ណោះ ៖ ដើម្បីឲ្យអ្នកអាចនៅជាមួយមនុស្សម្នាក់អស់មួយជីវិតដោយមានសុភមង្គលនោះ វាត្រូវការអ្វីជាច្រើនទៀតលើសពីស្នេហា។
១២. បាត់បង់សុខភាព គឺ បាត់បង់អ្វីគ្រប់យ៉ាង ៖ ប្រឹងរាល់ថ្ងៃ បើចុងក្រោយធ្លាក់ខ្លួនឈឺមានន័យអីហើយនាំទុក្ខដល់អ្នកផ្ទះទៀត។ ដូច្នេះហើយ ត្រូវថែទាំសុខភាពផង គួរប្រឹងហាត់ប្រាណឲ្យបែកញើស ឲ្យបានយ៉ាងហោចណាស់ ៣០នាទី ទៅ១ម៉ោងរាល់ថ្ងៃ៕