សរុបរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ ក្នុងពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិធំបំផុត ឆ្នាំ ២០១៩
- 2019-03-27 04:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សរុបរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ ក្នុងពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិធំបំផុត ឆ្នាំ ២០១៩
ចន្លោះមិនឃើញ
ពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិដ៏ធំប្រចាំឆ្នាំ Digital Cambodia 2019 ជាលើកដំបូង បានបញ្ចប់ទៅកាលពីពេលថ្មីៗកន្លងទៅ ដោយបន្សល់ទុកនូវរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ ជាច្រើន។
រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ទាំងនោះ មានដូចជា៖ ពិព័រណ៍នេះ មានអ្នកបានឃើញនៅលើអនឡាញចំនួន ២ លានដង និងមានអ្នកមកចូលរួមទស្សនាផ្ទាល់ ដល់ទៅជាង ៣ម៉ឺននាក់។ ពិព័រណ៍នេះ មានស្តង់ចំនួន ១៧០ មានវាគ្មិនជំនាញសរុបជាង ១២០រូប មកពីបណ្ដាប្រទេសទាំង ១០ ក្នុងតំបន់អាស៊ាន ដែលសុទ្ធសឹងជាអ្នកពាក់ព័ន្ធនឹងវិស័យ ICT រួមនិងភ្ញៀវកិត្តិយសមកពី ៥០ប្រទេស ធ្វើបទបង្ហាញទាក់ទងនឹងបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤ និងការ startup អាជីវកម្ម។ រឿងវ៉ាវមួយទៀតនោះគឺ កាហ្វេជាង ១ម៉ឺនកែវ ត្រូវបានផ្ដល់ជូនអ្នកចូលរួម ដោយមិនគិតថ្លៃ ក្នុងរយៈពេល ៣ថ្ងៃពេញ។
លើសពីនេះទៀត Digital Cambodia 2019 ក៏មានការចូលរួមចំណែកពីក្រសួងពាក់ព័ន្ធចំនួន ៦ ដែលមានបែងចែកប្រធានបទ ពិភាក្សាសរុបចំនួន ៣០ ម៉ោង និងការតាំងបង្ហាញស្មាតហ្វូន 5G ដំបូងគេនៅអាស៊ានពីសំណាក់ក្រុមហ៊ុន Huawei ថែមទៀតផង។
ពិព័ណ៌នេះ ក៏បានបង្កើតជា Platform ថ្នាក់ជាតិ បង្ហាញថាកម្ពុជា ជាគោលដៅសម្រាប់ការវិនិយោគលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ក៏ដូចជាផ្ដល់ឲ្យសហគ្រិន និងអាជីវកម្ម Startup នានា ក្នុងការអភិវឌ្ឍបណ្ដាញទំនាក់ទំនងរបស់ពួកគេ ជាមួយក្រុមហ៊ុនផ្តល់មូលនិធិប្រកបដោយសក្ដានុពលជាច្រើន។
សន្និសីទនិងពិព័រណ៍ Digital Cambodia 2019 បាននាំមកនូវគំនិតច្នៃប្រឌិតថ្មីៗ និងល្អបំផុតមិនធ្លាប់មាននៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ដែលពោរពេញទៅដោយគំនិតដឹកនាំ ចំណេះដឹងល្អៗ និងដំណោះស្រាយជាក់ស្តែង។ វាបានបង្ហាញឲ្យឃើញនូវការរីកចម្រើនប្រកបដោយសក្តានុពលនៃបច្ចេកវិទ្យាឌីជីថលនៅកម្ពុជាកាន់តែខ្លាំងឡើង។
អ្នកជំនាញ អ្នកអភិវឌ្ឍបច្ចេកវិទ្យាច្នៃប្រឌិត និងអ្នកដឹកនាំពាក់ព័ន្ធទូទាំងពិភពលោក ពីក្នុងវិស័យធុរកិច្ច និងរដ្ឋាភិបាល ក៏ដូចជាអ្នកសិក្សាស្រាវជ្រាវ នឹងធ្វើការពិភាក្សា ព្រមទាំងធ្វើបទបង្ហាញពីនិន្នាការ និងការអភិវឌ្ឍន៍ថ្មីៗនៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ជាពិសេសពួកគាត់នឹងផ្តល់គំនិត និងទស្សនវិស័យរបស់ពួកគាត់ ចំពោះបញ្ហាប្រឈមចំពោះក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍នៅកម្ពុជា និងលើសាកលលោក។៕
អត្ថបទពាក់ព័ន្ធ