ស្វែងយល់​ពីរបៀបនាំចូលឡានមួយទឹក មុនពេលដាក់លក់នៅខ្មែរ

  • 2019-04-02 01:49:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡាន​មួយ​ទឹក​ដែល​អ្នក​ឃើញ​មាន​លក់​នៅ​លើ​ទី​ផ្សារ​មាន​ទាំង Luxes, Hightlander, Prius, Camry បាឡែន ភាគ​ច្រើន​ត្រូវ​បាន​នាំចូល​ពី​សហរដ្ឋអាមេរិក ដែល​ជា​ទីផ្សារ​ឡាន​មួយ​ទឹក​ដ៏​ធំ​សម្រាប់​តំបន់​អាស៊ី។

មុន​ពេល​នាំ​យក​មក​លក់​បាន​ ឈ្មួញ​​ត្រូវ​ធ្វើ​ដូច​ម្ដេច​ខ្លះ? និង​ត្រូវ​ដឹក​ជញ្ជួន​បែប​ណា? ខាង​ក្រោម​នេះ​គឺ​ជា​ការ​ចែក​រំលែក​បទពិសោធន៍​រឿង​នាំ​ឡាន​មួយ​ទឹក​យក​មក​លក់៖

លោក ឌី ពិសិទ្ធ អ្នក​ជំនាញ​ឆែក​ឡាន​មួយ​ទឹក​នៅ Autocheck Cambodia ដែល​ធ្លាប់​មាន​បទ​ពិសោធន៍​ជា​មួយ​ឡាន​មួយ​ទឹក​បាន​ប្រាប់ Sabay ថា​​ មុន​ពេល​បាន​រថយន្ត​មួយ​ទឹក​ទាំង​នេះ​យក​មក​លក់ ​អ្នក​ទិញ​ត្រូវ​ចំណាយ​ពេល​យូរ​ទាំង​ការ​ទិញ​ និង​ដឹក​ជញ្ជួន។ លោក​បន្ត​ថា​ឡាន​មួយ​ទឹក​ទាំង​នេះ​ត្រូវ​បាន​បែង​ចែក​ជា ៤​ប្រភេទ​សម្រាប់​ឈ្មួញ​ទិញ​យក​មក​លក់​បន្ត​គឺ៖

  • ប្រភេទ​ឡាន​​មួយ​ទឹក​លក់​នៅ​តាម​ឃ្លាំង៖ ជា​ប្រភេទ​ឡាន​ដែល​អ្នក​ទិញ​អាច​រក​បាន​នៅ​តាម​ឃ្លាំង​លក់​​មួយ​ទឹក ​ដែល​នៅ​មាន​ស្ថាន​ភាព​ស្អាត គុណ​ភាព​ល្អ។ ឡាន​ប្រភេទ​នេះ​ច្រើន​នៅ​មាន​តម្លៃ​ថ្លៃ​គួរ​សម ព្រោះ​ជា​ឡាន​មួយ​ទឹក​ដែល​ចេញ​​ពី​ក្រុមហ៊ុន​ផ្ទាល។

  • ប្រភេទ​ឡាន​មួយ​ទឹក​ចេញ​ពី​អ្នក​ប្រើ​ប្រាស់៖ ឡាន​ប្រភេទ​នេះ​ឈ្មួញ​អាច​រក​ទិញ​ត​ពី​អ្នក​ប្រើ​ប្រាស់​នៅ​តាម​ផ្ទះ នៅ​មាន​ស្ថាន​ភាព​ស្អាត និង​គុណ​ភាព​ល្អ​ផង​ដែរ​ ដោយ​សារ​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន ច្រើន​ប្ដូរ​ស៊េរី​ថ្មី​ និង​លក់​ចេញ​ទៅ​ឲ្យ​ឈ្មួញ​ដែល​មាន​អ្នក​ស្គាល់ និង​យក​មក​លក់​បន្ត។

  • ប្រភេទ​ឡាន​មួយ​ទឹក​ដេញ​ថ្លៃ៖ ជា​ឡាន​មួយ​ទឹក​ដែល​មាន​សភាព​ខូច​ខាត​តិច​តួច ដោយ​សារ​បុក ឬ​បញ្ហា​ណាមួយ ដែល​​ធ្វើ​ការ​ដាក់​បង្ហាញ​ឲ្យ​អ្នក​ទិញ ឈ្មួញ​ធ្វើ​ការ​ដេញ​ថ្លៃ​យក។ ឡាន​មួយ​ទឹក​ប្រភេទ​នេះ​ពុំសូវ​​មាន​ស្ថាន​ភាព​ស្អាត​ទេ តែ​នៅ​មាន​គុណ​ភាព​ល្អ​អាច​នៅ​ប្រើ​ប្រាស់​បាន ដោយ​តែ​ត្រូវ​យក​មក​ធ្វើ​បន្ថែម​ត្រង់​ចំណុច​ខូច​ខាត​ណា​មួយ​ប៉ុណ្ណេះ។

  • ប្រភេទ​ឡាន​ជជុះ ឬ លក់​លៃឡុង៖ ឡាន​ប្រភេទ​នេះ​មិន​ចាំ​បាត់​ធ្វើ​ការ​ដេញ​ថ្លៃ​ទេ ព្រោះ​ជា​ប្រភេទ​ឡាន​ដែល​មាន​លក្ខណៈ​ខូច​ខាត​ខ្លាំង ភាព​ច្រើន​ជា​ឡាន​ដែល​ក្រុម​ហ៊ុន​ធានា​រាប់​រង​កាត់​ចេញ​ពី​អ្នក​ប្រើ​ប្រាស់​នៅ​ពេល​មាន​បញ្ហា​បុក​ធ្ងន់ធ្ងរ ឬ ជា​ប្រភេទ​ឡាន​លិច​ទឹក។ ឡាន​ប្រភេទ​នេះ​ពុំ​សូវ​មាន​ឈ្មួញ​ទិញ​យក​មក​លក់​ឡើយ​ព្រោះ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​ជួស​ជុល និង​ពុំ​សូវ​មាន​គុណ​ភាព។

បន្ទាប់​ពី​ទិញ​ឡាន​ទាំង​នេះ​បាន​ហើយ​ គេ​ត្រូវ​ធ្វើ​ការ​ដឹក​ជញ្ជួន​តាមរយៈ​កប៉ាល់។

ក្នុង​ដំណាក់​កាល​នេះ លោក​ ងិន សុភាព ជា​អ្នក​ធ្លាប់​មាន​បទ​ពិសោធន៍​នាំ​ឡាន​មួយ​ទឹក​មក​លក់​បាន​ឲ្យ​ដឹង​ថា​​ដំណើរ​ការ​ដឹក​ជញ្ជូន​រថយន្ត​ពី​សហរដ្ឋអាមេរិក មក​លក់​ខ្មែរ​គឺ​ត្រូវ​ដឹក​តាម​រយៈ​កប៉ាល់ និង​ត្រូវ​ចំណាយ​ពេល​វេលា​ប្រហែល​មួយ​ខែ (អាច​យូរ​ជាង​នេះ ឬ លឿន​ជាង​នេះ) អា​ស្រ័យ​ទៅតាម​​កប៉ាល់​ដែល​ត្រូវ​ទម្លាក់​ទំនិញ​នៅ​ប្រទេស​ផ្សេងៗ។

រថយន្ត​ដែល​ដឹក​ជញ្ជូន​គឺ​ត្រូវ​រក្សា​ទុក​ក្នុង​ទូ​កុងតឺន័រ​ ដោយ​ក្នុង​មួយ​កុងតឺន័រ​អាច​រក្សា​ទុក​រថយន្ត​បាន​​​​ច្រើន​បំផុត​ ៣-៤ គ្រឿង​ដោយ​ដាក់​ប្រជ្រៀត​គ្នា ប៉ុន្តែ​ប្រសិន​បើ​រថយន្ត​ណា​មាន​តម្លៃ​ថ្លៃ និង​មាន​ទំហំ​ធំ​គេ​អាច​រក្សា​ទុក​បាន​ ១-២ គ្រឿង​ប៉ុណ្ណោះ​ ដោយ​ខ្លាច​ថា​វា​អាច​ប៉ះ​ទង្គិច​គ្នា​​ធ្វើ​ឲ្យ​ខាត​លើស​ដើម។

ដោយ​ឡែក​ចំពោះ​​កម្រៃ​​លើ​ការ​ដឹក​ជញ្ជូន​​វិញ​មាន​ចន្លោះ​ពី​ ៣ ០០០ ដុល្លារ​ ទៅ ៤ ០០០ ដុល្លារ​ ក្នុង​មួយ​ទូ។ នេះ​ជា​កត្តា​មួយ​ទៀត​​ដែល​ធ្វើ​ឲ្យ​រថយន្ត​ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​មាន​តម្លៃ​ថ្លៃ​ ក្រៅ​ពី​ការ​​ចំណាយ​លើ​​ពន្ធ​នាំ​ចូល៕

អត្ថបទ៖ ម៉េងងី