ធ្លាប់​តែ​ឃើញ​ស្លាក​បិទ​ហាង​ដើម្បី​ជួសជុល ឥឡូវ​មក​ស្គាល់​ស្លាក​បិទ​ប្រទេស​​ដើម្បី​ជួសជុល​វិញ​ម្តង​

  • 2019-04-28 00:45:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​យើង​ប្រើប្រាស់​ស្លាក​​សញ្ញា​បិទ​ហាង​​មួយ​រយៈ​ដើម្បី​ជួសជុល នៅ​ពេល​នេះ​ប្រទេស​មួយ​ទាំង​មូល​ក៏​ត្រូវ​បាន​គេ​ប្រើប្រាស់​ស្លាក​​សញ្ញា​បិទ​​ប្រទេស​​ដើម្បី​ជួសជុល​វិញ​ម្តង ដែល​វា​ហាក់​បី​ដូច​ជា​រឿង​ថ្មី​មួយ។

​នៅ​ចុង​សប្ដាហ៍​នេះ ហ្វារ៉ូ​ដែល​ជា​ដែន​កោះ​ស្វយ័ត​​មួយ​ស្ថិត​នៅ​ក្នុង​ប្រជុំ​កោះ​របស់​​ដាណឺម៉ាក ​បាន​ប្រកាស​បិទ​ប្រទេស​របស់​ខ្លួន​ដើម្បី​ជួសជុល។

បើ​តាម​សេចក្ដី​រាយការណ៍​របស់​ Euronews បាន​ឲ្យ​ដឹង​ថា​នាយករដ្ឋមន្ត្រី Aksel V. Johannesen បាន​ប្រកាស​ថា​តំបន់​ទេសចរណ៍​មាន​កំណត់ ខណៈ​ពេល​ដែល​ពួកវា​កំពុង​​ត្រូវ​បាន​ជួសជុល។

គម្រោង​ជួសជុល​រួមមាន៖ ធ្វើ​ផ្លូវ​ដើរ​តាម​ជ្រលង​ភ្នំ កែ​លម្អ​កន្លែង​មើល​ទេសភាព និង កន្លែង​មើល​សត្វ​ស្លាប​ជា​ដើម។​ ប៉ុន្តែ​ទេសចរ​នៅ​តែ​ត្រូវ​បាន​ស្វាគមន៍ ផ្តល់​អាហារ​ដោយ​គិត​ឥត​ថ្លៃ និង កន្លែង​ស្នាក់​នៅ។

ការ​បិទ​ប្រទេស​ទាំង​មូល​ដែល​មាន​កោះ​តូចៗ​​ទាំង​១៨​នៃ​ប្រជុំ​កោះ​ហ្វារ៉ូ​គឺ​ដើម្បី​ធ្វើ​ឲ្យ​មាន​និរន្តរភាព​សម្រស់​របស់​ប្រទេស​ដែន​កោះ​នេះ។ ជា​រៀងរាល់​ឆ្នាំ ទេសចរ​ប្រមាណ​ ៦០ ០០០ បាន​ទៅ​ទស្សនា​នៅ​ទីនោះ ហើយ​គេ​នឹង​រំពឹង​ថា​មាន​ភ្ញៀវ​សម្រុក​ទៅ​ទីនោះ​កាន់​តែ​ច្រើន​បន្ទាប់​ពី ជើង​ហោះ​ហើរ​ត្រង់​ពី​​ប៉ារីស​មក​កោះ​នេះ​​​របស់​ក្រុមហ៊ុន Atlantic Airways នឹង​ដាក់​ដំណើរ​ការ​នៅ​ខែ​កក្កដា។

ក្រុម​អ្នក​ជំនាញ​នៅ National Geographic បាន​ហៅ​ទី​នោះ​ថា "ប្រហែល​វា​ជា​កន្លែង​ចុង​ក្រោយ​នៅ​លើ​ផែនដី​​ដែល​គួរ​ឲ្យ​ចង់​ទៅ"។

ជា​កោះ​ដែល​ផ្តល់​នូវ​ទេសភាព​ដ៏​អស្ចារ្យ​មិន​គួរ​ឱ្យ​ជឿ​សម្រាប់​ភ្ញៀវ​ទេសចរ។ គេ​អាច​ដើរ​តាម​កំពូល​ភ្នំ​ដែល​មាន​ឈ្មោះ​ថា ៣៤០ ហែល​ទឹក​ដ៏​ស្រស់​ស្អាត​នៅ​ឆ្នេរ Leynar ឬ ក៏​មើល​សត្វ​ព្រៃ​ដ៏​សម្បូរ​បែប​ពី​ច្រាំង​សមុទ្រ​កម្ពស់​ជាង ៤៥០ ម៉ែត្រ។ ​

ទេសចរ​ត្រូវ​ប្រុងប្រយ័ត្ន​បំផុត​គឺ​ជា​អ្វី​ដែល​អ្នក​ស្រុក​នេះ​ឲ្យ​ឈ្មោះ​ថា changeable weather​​ ពោល​គឺ​អាច​មាន​ភ្លៀង​ធំ​៣០០​ថ្ងៃ​ក្នុង​១​ឆ្នាំ ហើយ​វា​មិន​ចម្លែក​ទេ​ដែល​មេឃ​កំពុង​ភ្លៀង រួច​ក៏​ធ្លាក់​ព្រិល ហើយ​នៅ​សុខៗ​ក៏​បើក​ថ្ងៃ​មួយ​រំពេច ដែល​អ្នក​អាច​នឹង​ទទួល​បទពិសោធន៍​៤​រដូវ​ក្នុង​រយៈពេល​១​ថ្ងៃ។

កោះ​ដែល​មាន​​ដី​គោក​តែ ១៣៩៩ គីឡូម៉ែត្រ​ការ៉េ និង ប្រជាជន​មិន​ដល់​៥​ម៉ឺន​នាក់ ទេសចរ​អាច​ទទួល​បាន​បទពិសោធន៍​ពី​ជីវភាព​កសិករ​នៅ​ទីនោះ ដែល​ខ្លះ​បន្ត​មុខ​របរ​កសិករ និង ចិញ្ចឹម​ចៀម​អស់​១៧​ជំនាន់​ហើយ​ក៏​មាន៕

អាន៖ប៉ូឡូញ​គ្រោង​សម្លាប់​ជ្រូក​ព្រៃ​ទាំង​អស់​ក្នុង​ប្រទេស​របស់​​​ខ្លួន តែ​ត្រូវ​ពលរដ្ឋ​ជំទាស់

អាន៖ ៤​សន្លឹក​ស្អាត​ប្លែក! ​ទឹក​ក្តៅ​ប្រែក្លាយ​ជា​កក​ភ្លាមៗ​ក្រោម​សីតុណ្ហភាព​ -​​៤០°C​ ​នៅ​​ចិន​​​​

ប្រភព៖ Euro News   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម