ឧកញ៉ា កែវ មុំ៖ លើវិថីជំនួញភាពជោគជ័យ និងបរាជ័យខុសគ្នាតែមួយជំហានប៉ុណ្ណោះ ដាច់ខាតកុំប្រហែសឲ្យសោះ

  • 2019-05-28 03:32:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈរ​ជើង​រឹង​មាំ​ក្នុង​វិស័យ​ផលិត​នំក្នុង​ស្រុក​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ពិសេស​សម្រាប់​ទីផ្សារ​កម្ពុជា​ដែល​តូច ហើយ​ពោរ​ពេញ​ដោយ​ការ​ប្រកួត​ប្រជែង​ពី​ផលិតផល​នាំ​ចូល។ ប៉ុន្តែ​សម្រាប់​ក្រុម​ហ៊ុន​ផលិត​នំ​ស្រួយ លី លី​ របស់​លោក​ស្រី កែវ​ មុំ​​ មិន​ត្រឹម​ជា​សហគ្រាស​ផលិត​​ដើម្បី​ផ្គត់​ផ្គង់​​ ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ថែមទាំង​​នាំ​ចេញ​ទៅ ​ក្រៅ​ប្រទេស​ផង​ដែរ។

មុន​ទទួល​បាន​ជោគជ័យ​ក្នុង​ជំនួញ​ដូច​បច្ចុប្បន្ន លោក​ស្រី​បាន​ហែរ​ឆ្លង​ការ​លំបាក​មិន​តិច​ឡើយ ដូចជា បញ្ហា​ហិរញ្ញវត្ថុ ខ្វះទុន ការ​គ្រប់​​​គ្រង​បុគ្គលិក​កម្មករ​ ការ​ប្រើប្រាស់​ម៉ាស៊ីន និង​ការ​​ធ្វើ​ឲ្យ​ទីផ្សារ​ដើរ។

កើត​នៅ​ឆ្នាំ ១៩៧៥ ក្នុង​ត្រកូល​អាជីវករ​នៅ​ខេត្ត​តាកែវ លោកស្រី កែវ មុំ​ ដុះ​គំនិត​រកស៊ី​តាំង​ពី​តូច​ៗ​មក​ម្ល៉េះ។ តែ​ដោយ​សារ​ជីវភាព​មាន​ការ​លំបាក​ អ្នកស្រី​ត្រូវ​បង្ខំ​ចិត្ត​ឈប់​រៀន​ត្រឹម​មធ្យម​សិក្សា និង​បាន​ផ្ដើម​អាជីព​ដំបូង​ជា​អាជីវករ​លក់​ដូរ​បន្តិច​បន្តួច​នៅ​ផ្សារ ហើយ​ក្រោយ​មក​ធ្វើ​ការងារ​ជា​បុគ្គលិក​ផ្នែក​លក់​នៅ​​ក្រុមហ៊ុន​​ភេសជ្ជៈ​សិង្ហបុរី​មួយ​។ ​​ធ្វើ​ជា​បុគ្គលិក​ផ្នែក​លក់​នេះ​ហើយ​ជា​ឱកាស​មួយ​ អាច​​ឱ្យ​លោក​ស្រី​បាន​សម្លឹង​ឃើញ​សក្ដានុពល ​តម្រូវការ​​ទីផ្សារ​​កម្ពុជា​។

ដោយ​មាន​ការ​តាំងចិត្ត​ចង់​ចាប់​ផ្ដើម​អាជីវកម្ម​​​ផ្ទាល់​ខ្លួន​ស្រាប់ និង​ឱកាស​ហុច​ឲ្យ​ផង​នោះ ក្នុង​ឆ្នាំ ២០០២ លោក​ស្រី​បាន​ប្រឹងប្រែង​ប្រមូល​ទុន​ប្រមាណ​ជាង ១០ម៉ឺនដុល្លារ​ពី​ការ​លក់​ផ្ទះ និង​ខ្ចី​បង​ប្អូន មក​វិនិយោគ​ចាប់​ផ្តើម​សហគ្រាស​ផលិត​នំ​ស្រួយ លី លី ដែល​កាល​នោះ​មាន​​បុគ្គលិក​តែ​ជាង​ ២០នាក់​ប៉ុណ្ណោះ។

បច្ចុប្បន្ន​សហគ្រាស​ផលិត​នំ​ស្រួយ​លីលី​ បាន​​​ផ្ដល់​ការងារ​ដល់​បុគ្គលិក​ខ្មែរ​​ចំនួន​ ២៥០​នាក់ ត្រូវ​បាន​មហាជន​ជាច្រើន​ស្គាល់ និង​​កំពុង​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ជាច្រើន ​ដូចជា អាមេរិក កាណាដា អូស្ត្រាលី ​ថៃ ម៉ាឡេស៊ី និង​កូរ៉េ​។

​បោះ​ជំហាន​មក​ដល់​ចំណុច​នេះ ​លោកស្រី កែវ មុំ​ ពិតជា​មាន​មោទនភាព តែ​លោកស្រី​ក៏​នៅ​តែ​មិន​ប្រលែង​ដៃ​ឡើយ ដោយ​លោក​ស្រី​បាន​សង្កត់​ធ្ងន់​ថា ​ដរាប​ណា​យើង​នៅ​មាន​ជីវិត​​ ភាព​ជោគជ័យ​ និង​​បរាជ័យ​ខុស​គ្នា​តែ​មួយ​ជំហាន​ប៉ុណ្ណោះ។ បើ​យើង​ធ្វេស​ប្រហែស​ អាច​ជួប​នឹង​ភាព​បរាជ័យ​ភ្លាម​។ អ្វី​ដែល​យើង​ទទួល​បាន​ លេច​ចេញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​តាំងពី​​អត់​មាន​អី​ទាន់​តែ​សោះ យើង​អាច​ធ្វើ​បាន​ប៉ុណ្ណឹង​ ចុះ​ឥឡូវ​យើង​មាន​ប៉ុណ្ណឹង​ហើយ​ ​យើង​អាច​ធ្វើ​បាន​ច្រើន​ទៀត​ ដូច្នេះ​យើង​ត្រូវ​ប្រឹង​បន្ត​ទៀត។

លោកស្រី​នឹង​ខិតខំ​ប្រឹងប្រែង​ ដោយ​​ប្រុង​ប្រយ័ត្ន​ជានិច្ច។ ដូច​ពាក្យ​ចាស់​ពោល​ថា ទោះ​បី ជិះ​សោះ​​ស្ទាត់​ជំនាញ​យ៉ាង​ណា បើ​ធ្វេស​ប្រហែស​តែ​បន្តិច​អាច​នឹង​មាន​គ្រោះថ្នាក់​គ្រប់​ពេល​៕

ប្រភព៖ Sabay News   ប្រែ​សម្រួល៖ លីដា

អត្ថបទពេញនិយម