សរុប​មង្គល​ការ​ដ៏​កក្រើក​ពិភព​សិល្បៈ​របស់​តារា​ល្បី​ៗខ្មែរ ជា​ប្រវត្តិសាស្ត្រ១០​ឆ្នាំ​ចុង​ក្រោយ

  • 2019-06-06 04:44:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រៀបការ​មាន​គូស្រករ ដើម្បី​កាន់​ដៃ​គ្នា​ដើរ​លើ​ជីវិត​គូ​ជាមួយ​គ្នា គឺ​ជា​អ្វី​ដែល​គ្រប់​គ្នា​រមែង​ប្រាថ្នា​ចង់បាន។ គោល​បំណង​នៃ​ពិធី​នេះ គឺ​ដើម្បី​បំពេញ​តាម​ទំនៀម​ប្រពៃណី​របស់​ជាតិ​ខ្មែរ​ដែល​ថា គូ​ស្វាមី​ភរិយា ឬ​គូ​ស្នេហ៍​មិន​អាច​រស់​នៅ​ជាមួយ​គ្នា​ដោយ​មិន​បាន​រៀបការ​ឡើយ ពុំ​នោះ​ទេ គេ​ជឿ​ថា នឹង​ធ្វើ​ឲ្យ​ដូនតា​ក្ដៅ​ក្រហាយ​ដោយ​សារ​តែ​ក្ដី​អាម៉ាស់​កូន​ចៅ​យក​គ្នា មិន​បាន​រៀបការ។ ដូច្នេះ​ហើយ​ដូនតា នឹង​មិន​ឲ្យ​កូន​ចៅ​រក​ស៊ី​មាន​បាន ឬ​រស់​នៅ​សុខ​ស្រណុក​ស្រួល​ទេ។

បើ​ទោះ​ធ្វើ​ក្នុង​គោល​បំណង​ដូច​គ្នា ប៉ុន្តែ​ពិធី​នេះ ប្រែប្រួល​រូបរាង​តូច​ធំ អធិកអធម​ទៅ​តាម​លទ្ធភាព និង​មុខ​មាត់​កិត្តិយស​ម្ចាស់​សាមី​កម្មវិធី។ យោង​លើ​ហេតុផល​នេះ​ហើយ បើ​ងាក​មក​មើល​ប្រវត្តិ​នៃ​ការ​រៀបអាពាហ៍ពិពាហ៍​របស់​សិល្បករ​ខ្មែរ​វិញ ឃើញ​ថា កម្មវិធី​របស់​គូ​ខ្លះ គឺ​អធិកអធម​ខ្លាំង​មែន​ទែន រហូត​ដល់​មាន​ថ្នាក់​ដឹកនាំ​ប្រទេស​ចូល​រួម​ទៀត​ផង។ ខាង​ក្រោម​នេះ ជា​ពិធី​របស់​គូ​ដែល​គគ្រឹកគគ្រេង​កម្រ​ប្រទះ៖

១.ឱក សុគន្ធ​កញ្ញា និង​លោក អឹ៊ង សុខលី ៖ សុគន្ធ​កញ្ញា បាន​រៀបការ​ជាមួយ​ប្អូន​ប្រុស​ថៅកែ​ផលិតកម្ម​ហង្សមាស ការ​រៀបការ​នៅ​ថ្ងៃ​ទី ១៦ ឧសភា ២០១៩។ ប្រារព្ធ​នៅ​សណ្ឋាគារ​ផ្កាយ ៥ ពិធី​របស់ តារា​ស្រី​ហង្សមាស អាច​ជា​ពិធី​មង្គល​ដ៏​មហោឡារិក​បំផុត​ប្រចាំ​ឆ្នាំ ២០១៩​នេះ ក្នុង​នោះ សូម្បី​សម្ដេច​តេជោ ហ៊ុន សែន ក៏​ផ្ដល់​កិត្តិយស​ចូល​រួម​កាត់​សក់​បង្កក់​សេរី​ដល់​ពួក​គេ​ដោយ​ផ្ទាល់​ដែរ។ ដូច្នេះ មិន​មាន​អ្វី​ត្រូវ​សង្ស័យ​ទៀត​នោះ​ទេ គឺ​ថា មង្គល​ការ ឱក សុគន្ធ​កញ្ញា មាន​ឯកឧត្ដម រដ្ឋមន្ត្រី អ្នក​ឧកញ៉ា អ្នក​មុខ អ្នក​ការ​រាប់​រយ​នាក់​ឯណោះ៕

២.អ្នក​ស្រី ហូវ ដានេ នាយិកា ឌែរម៉ូគ្លីនិក បាន​​សម្រេច​​ចិត្ត​ចូល​រោង​ជ័យ ជា​​​​មួយ​អ្នក​ជំនួញ​ល្បី​ឈ្មោះ​ម្នាក់​ឈ្មោះ Thammarat Thurathong មាន​ប្រាក់​វាល់​លាន​ដុល្លារ​មក​ពី​ស្រុក​ថៃ កាល​ពី​ថ្ងៃ​ទី ៣១ ធ្នូ ២០១៨។ ស្វាមី​រូប​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា គឺ​ជា​​កូន​ពៅ ក្នុង​ត្រកូល​​អភិជន​ដែល​មាន​កូន​តែ​២នាក់ និង​​ជា​អ្នក​ជំនួញ​ជួរ​មុខ​ក្នុង​ប្រទេស​ថៃ ដែល​​មាន​ក្រុមហ៊ុន​ធំៗ​ក្នុង​ដៃ​ជា​ច្រើន​ដូច​ជា ​ក្រុមហ៊ុន​យន្តហោះ​​​​ឯកជន ក្រុមហ៊ុន​កប៉ាល់​ឯកជន ក្រុម​ហ៊ុន​លក់​មាស ក្រុម​ហ៊ុន​ផលិត​ជី ក្រុម​ហ៊ុន​លក់​ដី សណ្ឋាគារ និង​ភោជនីយដ្ឋាន​លំដាប់​ផ្កាយ​៥ និងក្រុម​ហ៊ុន​កែ​សម្ផស្ស​ជាដើម។

ដោយ​ឡែក អ្នក​ស្រី ហូវ ដានេ ក៏​ជា​ពាណុិជ្ជករ​ល្បី​ឈ្មោះ​មួយ​រូប​ក្នុង​ស្រុក​ដែរ។ នៅ​ថ្ងៃ​មង្គល​នោះ អ្នក​ស្រី ដានេ បាន​ទទួល​អំណោយ​យ៉ាង​ក្រាស់ក្រែល​ពី​ម្ដាយ​ក្មេក គឺ​ខ្សែក​​ពេជ្រ ១​ខ្សែ តាម​ដឹង​តម្លៃ​​ប្រហែល ​៤៧ម៉ឺន​ដុល្លារ និង​ចិញ្ចៀន​ពេជ្រ ​១វង្ស​មាន​តម្លៃ​​ប្រហែល​ជាង​៣០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

៣.កូន​ស្រី​ថៅកែថោន វ៉ា នីតា និង​លោក ធី ឥន្រ្ទ័ធនី ៖ កូន​ស្រី​ម្ចាស់​ផលិតកម្ម​ថោន កញ្ញា វ៉ា នីតា បាន​រៀបការ​ជាមួយ​កូន​ប្រុស​លោក​ឧកញ៉ា គា ធី នៅ​ថ្ងៃ​ទី ៨ ឧសភា ២០១៨។ ជា​កូន​ស្រី​របស់​ឯកឧត្ដម វ៉ា សុធា អគ្គនាយក​ថោន​គ្រុប និង​ជា​មន្ត្រី​មាន​មុខ​មួយ​រូប​នៅ​សាលា​រាជធានី​ភ្នំពេញ ពិធី​ទាំង​មូល ត្រូវ​បាន​ធ្វើ​យ៉ាង​​អធិកអធម​បំផុត​ប្រចាំ​ឆ្នាំ។

មង្គល​ការ​មួយ​នេះ មាន​ការ​រៀប​ចំ និង​តុប​តែង​យ៉ាង​អស្ចារ្យ ដោយ​គ្រាន់​តែ​ការ​តុប​តែង​គេហដ្ឋាន និង​ផ្កាភ្ញី​ទាំង​នៅ​ផ្ទះ ទី​តាំង​ទទួល​ភ្ញៀវ ចំណាយ​ដល់​ទៅ​រាប់​សិប​ម៉ឺន​ដុល្លារ​ឯណោះ។ក្នុង​ថ្ងៃ​ពិសេស​នេះ​ដែរ​កូន​ក្រមុំ​វ័យ​ក្មេង វ៉ា នីតា ដែល​មាន​តួនាទី​ជា CEO នៃ​ស្ថានីយ​ទូរទស្សន៍ ថោន និង​កូន​កំលោះ​រូប​សង្ហា បាន​គ្រង​នូវ​ឈុត​សំលៀកបំពាក់​ប្រពៃណី​ខ្មែរ ក្នុង​ទឹក​មុខ​ញញឹម ពព្រាយ៕

៤.សុគន្ធ និសា និង​លោក ចៅ សម្បត្តិ ៖ ដូច​គ្នា​នឹង ស្រីមុំ ដែរ ពិធី​របស់ សុគន្ធ និសា បាន​ប្រព្រឹត្តិ​ទៅ​នៅ​សណ្ឋាគារ​សូហ្វីតែ នៅ​ថ្ងៃ​ទី ០១ ធ្នូ ឆ្នាំ​ ២០១៧។ ស្វាមី​របស់​តារា​ចម្រៀង ប៉ុន សុគន្ធា ហៅ សុគន្ធ និសា ឈ្មោះ ចៅ សម្បត្តិ ហៅ​ សាំបា​ ជា​អាណិកជន​ខ្មែរ​អាមេរិក បច្ចុប្បន្ន​បម្រើ​ការ​ជា​ថ្នាក់​ដឹកនាំ និង​ជា​ម្ចាស់​ហ៊ុន​មួយ​នៃ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​មួយ។

ដូច្នេះ​ហើយ ពិធី​របស់​នាង មាន​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រយ​នាក់ ភាគ​ច្រើន​បំផុត គឺ​ជា​ភ្ញៀវ​លំដាប់​ខ្ពស់ ឬ​លំដាប់​អភិជន។ ពេល​នោះ មិន​មាន​តួលេខ​ពី​ការ​ចំណាយ​លើ​ការ​រៀប​ចំ​ពិធី​ឡើយ។ ប៉ុន្តែ​គេ​ប៉ាន់​ប្រមាណ​ថា ការ​ចំណាយ​មិន​ក្រោម ១០ម៉ឺន​ដុល្លារ​នោះ​ឡើយ៕

៥.គង់ ចាន់​ស្រី​មុំ និង​ គឹម សីហា ៖ ក្រោយ​ស្រឡាញ់​គ្នា​ប្រមាណ ៩ឆ្នាំ គង់ ចាន់​ស្រីមុំ និង គឹម សីហា បាន​រៀបចំ​យ៉ាង​អធិកអធម​នៅ​សណ្ឋាគារ​សូហ្វី​តែល​​កាល​ពី​ថ្ងៃ​ច័ន្ទ ទី ១៤ មីនា ២០១៦ និង​ជា​ពិធី​ដ៏​អធិកអធម​ប្រចាំ​ឆ្នាំ​ហើយ​នា​ពេល​នោះ ព្រោះ​ថា អ្នក​ទាំង​ពីរ ត្បិត​វ័យ​ក្មេង​ក៏​ពិត​មែន ប៉ុន្តែ​ពួក​គេ​មាន​ជំនួញ​ក្នុង​ដៃ​ធំ​មួយ​ចំនួន​រួច​ស្រេច​មុន​សម្រេច​រៀបការ។ ដូច្នេះ​ហើយ ពិធី​ជ័យ​ប្រចាំ​ជីវិត​របស់​ពួក​គេ ក៏​អស្ចារ្យ​ទៅ​តាម​នោះ​ដែរ។

គូស្វាមី ភរិយា វ័យ​ក្មេង​មួយ​គូ​នេះ បាន​ជ្រើស​រើស​យក​សណ្ឋាគារ​សូហ្វីតែល ធ្វើ​ជា​កន្លែងប្រារព្ធ​ពិធី​ជ័យ​មង្គល​របស់​ពួក​​គេ។ នា​ពេល​នោះ មាន​ព័ត៌មាន​ថា ពួក​គេ​បាន​ចំណាយ​លើ​ការ​រៀបការ អស់​ប្រមាណ ១០ម៉ឺន​ដុល្លារ​ឯណោះ នេះ​ដោយ​មិន​ទាន់​បូក​បញ្ចូល​ចិញ្ចៀន​ពេជ្រ តម្លៃ ១០ម៉ឺន​ដុល្លារ​ដែល ស្វាមី ទិញ​ជូន​ភរិយា​នោះ​ឡើយ៕

៦.ស្រី​តូច ចំណាន និង​អ្នក​ឧកញ៉ា គិត ម៉េង ៖ មិន​មាន​អី​សង្ស័យ​ទេ ពិធី​របស់​សេដ្ឋី​លំដាប់​ប្រទេស​ម្នាក់​ទៅ​ហើយ រឿង​អី​មិន​កក្រើក ពោល​គឺ​នេះ​គឺ​ជា​ពិធី​ដ៏​អធិកអធម​បំផុត​ប្រចាំ​ឆ្នាំ ២០១៥។ អ្នក​ឧកញ៉ា គិត ម៉េង និង​ស្រី​តូច ចំណាន ធ្វើ​​នៅ​ថ្ងៃ​ទី ២១ មីនា ២០១៥ ដោយ​បាន​ចំណាយ​ប្រមាណ ១លាន​ដុល្លារ​លើ​ពិធី​ទាំង​មូល ក្នុង​នោះ​​​​តុ​អាហារ​សុទ្ធ​តែ​រៀបចំ​លំដាប់​ផ្កាយ​ប្រាំ អំណោយ​ជូន​ភ្ញៀវ សុទ្ធ​តែ​​ទឹកអប់​កុម្ម៉ង់​ពី​បារាំង។

ដោយ​ឡែក​ភ្ញៀវ​កិត្តិយស​វិញ ដែល​សុទ្ធ​ជា​លំដាប់​អភិជន ឯកឧត្ដម ឧត្ដម​មន្ត្រី បាន​កើន​លើស​គម្រោង ​រហូត​ពង្រីក​៤.អគារ​ពី ៥ ទៅ ៦ ឯណោះ៕

៧.សារ៉ាយ សក្ខណា និង​លោក កែវ ប៊ុន​មេត្រី ៖ មួយ​គូ​នេះ រៀបការ​នៅ​ថ្ងៃ នៅថ្ងៃទី១២ ខែ​ធ្នូ ២០១៣។ ត្បិត​ថា ពិធី​របស់​អតីត​តារា​សម្ដែង​ល្បី​ឈ្មោះ​រូប​នេះ មិន​មាន​មន្ត្រី​ធំ​ចូល​រួម ប៉ុន្តែ​ថ្ងៃ​មង្គល​របស់​នាង អធិកអធម​ខ្លាំង​សម្រាប់​ឆ្នាំ​នោះ ដោយ​សារ​តែ​ស្វាមី​នាង គឺ​ជា​មេធាវី​មក​ពី​សហរដ្ឋ​អាមេរិក។ ពិធី​ទាំង​មូល ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា បាន​ចំណាយ​ថវិកា​រៀប​ចំ​យ៉ាង​ច្រើន ក្នុង​នោះ​គ្រាន់តែ​​ចំណាយ​លើ​រ៉ូប​កូន​ក្រមុំ​មួយ​ឈុត អស់​១ម៉ឺន​ដុល្លារ​បាត់​ទៅ​ហើយ៕

យ៉ាង​ណា​ពេល​នោះ សក្ខណា ក៏​ទទួល​បាន​ការ​រិះគន់​ច្រើន​ដែរ ក្រោយ​បង្ហើប​តម្លៃ​នៃ​រ៉ូប​មួយ​ឈុត​នោះ។ ប្រិយមិត្ត​មួយ​ចំនួន​យល់​ថា នោះ​គឺ​ជា​ការ​ចំណាយ​ខ្ជះខ្ជាយ ព្រោះ​ប្រាក់ ១ម៉ឺន​ដុល្លារ​ក្នុង​ពេល​នោះ មិន​ងាយ​រក​ឡើយ៕

៧.គង់ សុជាតិ និង ជា វិបុល ៖ ពិធីការិនី ពិធីករ​ទាំង​ទ្វេ​នេះ បាន​រៀប​ការ​នៅ​​ថ្ងៃ​ទី ៩ វិច្ឆិកា ២០១៣។ នេះ​ជា​ពិធី​មង្គល​បន្ទាប់​ក្នុង​ឆ្នាំ​តែ​មួយ​ជាមួយ សារ៉ាយ សក្ខណា ស្រប​ពេល​គេ​ដឹង​ថា អ្នក​នាង គង់ សុជាតិ គឺ​ជា​តារាស្រី​​ទ្រព្យ​ស្តុក​មួយ​រូប។ ដោយ​ឡែក​កូន​កំលោះ ជា វិបុល ក៏ជា​បុគ្គល​ក្នុង​គ្រួសារ​ខ្ពង់​ខ្ពស់​ដែរ ដូច្នេះ​ហើយ ពិធី​មង្គល​របស់​ពួក​គេ បាន​ជ្រើស​យក​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាប់ អ៊ីនធើកុង​ទីណង់តាល់ យ៉ាង​កម្រ​នា​គ្រា​នោះ៕

៩.អ៊ុក ណារីម ឆោម ឆពុំ ៖ ឆោម ឆ​ពុំ និង​លោក អ៊ុក ណារីម បាន​រៀបការ​ក្លាយ​ជា​គូ​ស្វាមី​ភរិយា​នឹង​គ្នា​កាលពី​ថ្ងៃទី២៩ ខែ​មិថុនា ឆ្នាំ​២០១២ បន្ទាប់ពី​ព្យាយាម​បិទបាំង​ចំណង​ស្នេហ៍​អស់​ពេល​ជាច្រើន​ឆ្នាំ។ មង្គលការ​នេះ បាន​ទទួល​ការ​ផ្ចុងផ្ដើម​ដោយ​សម្ដេច​នាយក​រដ្ឋមន្ត្រី និង​លោកជំទាវ ព្រោះ​ថា ពួក​គេ​គឺ​ជា​កូន​ធម៌​របស់​ថ្នាក់​ដឹកនាំ​ប្រទេស។

ដូច្នេះ​ហើយ ទើប​ក្នុង​ថ្ងៃ​មង្គល​នោះ របស់​ពួក​គេ គេ​ឃើញ​មាន​​មន្ត្រី​ថ្នាក់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ជា​ច្រើន​ បាន​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស ស្រប​ពេល​ដែល ឯកឧត្ដម​នាយ​ឧត្ដម​សេនីយ៍​ផ្កាយ​មាស​៤ ហ៊ីង ប៊ុន​ហៀង មេ​​បញ្ជា​ការ​​នៃ​​បញ្ជា​ការដ្ឋាន​អង្គ​រក្ស​​ ទទួល​​ភារ​ជា​តំណាង​សម្ដេច ហ៊ុន សែន ធ្វើ​ជា​មេបា​របស់​ពួក​គេ​ទៀត​ផង៕

អត្ថបទ៖ ទារិកា