នោះ!​ ឡើង​ប្រកួត​ហើយ​ចុង​សប្ដាហ៍​នេះ​ វុទ្ធី​ ម៉ារ៉ានិត​ អ្នក​ប្រដាល់​ហ្វេសបុក​

  • 2019-06-13 08:03:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កុមារា​ដែល​ល្បី​ឈ្មោះ​លើ​ហ្វេសបុក​ វុទ្ធី​ ម៉ារ៉ានិត​ នឹង​ឡើង​សង្វៀន​លើក​ដំបូង​របស់​ខ្លួន​ហើយ​នា​ថ្ងៃ​អាទិត្យ​ ទី១៦​ ខែ​មិថុនា​ ឆ្នាំ​២០១៩​នេះលើ​សង្វៀន PNN ។​

កុមារា វុទ្ធី ម៉ារ៉ានិត

អ្នក​គាំទ្រ​វិស័យ​ប្រដាល់​គុន​ខ្មែរ​ បាន​ឃើញ​ហើយ​ពី​ការ​ហ្វឹកហាត់​ ការ​តាំង​ចិត្ត​ និង​កាយសម្បទា​របស់​កុមារា​ វុទ្ធី​ ម៉ារ៉ានិត​ នៅ​ពេល​កន្លង​ទៅ​នេះ​តាម​ហ្វេសបុក​ និង​ Youtube​ ជា​ដើម។​ ប៉ុន្តែ​មិន​ទាន់​បាន​ឃើញ​ពី​ការ​ឡើង​សង្វៀន​ប្រកួត​ជាក់ស្ដែង​នោះ​ទេ​ ពោល​ពេល​ខ្លះ​បាន​ឃើញ​ត្រឹម​សម​ជា​មួយ​ដៃគូ​ប៉ុណ្ណោះ។​ ដូច​ទៅ​និង​ការ​រៀបរាប់​ខាង​លើ​ ដំណឹង​ពី​ការ​ប្រកួត​របស់​កូន​សិស្ស​ លោក​ ស៊ន​ អេលីត​ រូប​នេះ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​និយម​ប្រដាល់​ចង់​ឃើញ​ការ​ប្រកួត​មួយ​នេះ​ណាស់។​

ម៉ារ៉ានិត ពេលហាត់ជាមួយលោក ស៊ន អេលីត

ចំណែក​លោក​ ទូច​ វុទ្ធី​ ដែល​ជា​ឪពុក​របស់​ ម៉ារ៉ានិត​ បាន​ឲ្យ​ដឹង​ថា​ ដំណឹង​ពី​ការ​ប្រកួត​នេះ​គឺ​ពិត​មែន​ ប៉ុន្តែ​មិន​ទាន់​ថា​ត្រូវ​រ៉ូ​វអាច​ប្រកួត​បាន​១០០%​ នោះ​ទេ​ ព្រោះ​កូន​របស់​លោក​ចាញ់​ទម្ងន់​គេ​ដល់​៤​គីឡូក្រាម​ឯ​ណោះ។​ ខណៈ​ពេល​ឥលូវ​លោក​កំពុង​ចុះ​ខេត្ត​ដូច្នេះ​ចាំ​មើល​ពេល​លោក​វិល​ត្រលប់​មក​វិញ​សិន​ ហើយ​ពិភាក្សា​គ្នា​ថា​សម្រេច​យ៉ាង​ដូចម្ដេច​ទៀត។​

ម៉ារ៉ានិត និងមិត្តរួមក្លឹប

រំលឹក​ដែរ​ថា​ កីឡាករ​ វុទ្ធី​ ម៉ារ៉ានិត​ ជា​អ្នក​ប្រដាល់​ថ្មីថ្មោង​របស់​ក្លឹប​ ឆ្មាសសែនសុខ​ របស់​លោក​ ស៊ន​ អេលីត។​ កីឡាករ​រូប​នេះ​ហ្វឹកហាត់​ដោយ​ខ្លួន​ឯង​ និង​បាន​ការ​បង្ហាត់បង្ហាញ​ពី​ឪពុក​ខ្លះៗ​រយៈពេល​២-៣​ឆ្នាំ​ ប៉ុន្តែ​មិន​ដែល​ឡើង​ប្រកួត​លើ​សង្វៀន​នានា​នោះ​ឡើយ។ វុទ្ធី ម៉ារ៉ានិត នឹង​ត្រូវ​ប៉ះកីឡាករ ស្រីបូទីអូអែល របស់​ក្លឹបនាគរាជចតុមុខ ថ្ងៃ​អាទិត្យ​នេះ​នៅ​សង្វៀន​ PNN៕​

អត្ថបទ៖ នួន ស៊ីណា​