ជីវិត​ពិត​លោក ធុល រិទ្ធី៖ ​រៀន​មិន​ចប់​សាកលវិទ្យាល័យ តែ​អាច​បង្កើត​កុំព្យូទ័រ​បាន

  • 2019-06-17 09:40:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​លោក​ ធុល រិទ្ធី​​​ សហ​ស្ថាបនិក​ SmallWorld ​​ជា​មនុស្ស​​ចូលចិត្ត​ឆ្ងល់ ​ចូល​ចិត្ត​សាកល្បង​​អ្វី​ដែល​ថ្មី​ បើ​ទោះ​ជា​លោក​មិន​បាន​ទទួល​ការ​សិក្សា​ជ្រៅជ្រះ​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ​ដូច​គេ​ក៏​ដោយ។ ​​បើ​ទោះ​ជា​មិន​មាន​ធនធាន និង​ហិរញ្ញវត្ថុ​ច្រើន​ដូច​គេ ​តែ​ក្តី​​​ស្រមៃ និង​ការ​តាំង​ចិត្ត​ខ្ពស់​ ​​​​​រិទ្ធី​​បាន​បង្កើត​​ SmallWorld ដែល​ជា​កន្លែង​ជំរុញ​អាជីវកម្ម​លើក​ដំបូង​ (Startup) ​​ដោយ​ជោគជ័យ​ដើម្បី​​​​ផ្ដល់​ជា​គំនិត ​​ការ​ប្រឹក្សា ​​​​​និង​កន្លែង​ចាប់​ផ្ដើម​សម្រាប់​អ្នក​ដែល​ចង់​បង្កើត​អាជីវកម្ម​ថ្មោងថ្មី។ បន្ថែមលើនេះ លោក​បាន​បោះ​ជំហាន​ដ៏ធំមួយ គឺផលិត​កុំព្យូទ័រ​បាន​ដោយខ្លួនឯង គឺកុំព្យូទ័រម៉ាកគម្ពីរ (Koompi)។

តើ​លោក ធុល រិទ្ធី មានដំណើរ​ជីវិត​បែបណាដែរ?

មាន​ស្រុក​កំណើត​កើត​ជា​នៅ​ស្រុង​ស្អាង ​ខេត្ត​កណ្ដាល​ បុរស​វ័យ ៣២ឆ្នាំរូបនេះ បាន​ផ្សង​ជីវិត​​មក​រស់នៅ​រាជធានី​ក្រោយ​បញ្ចប់​ថ្នាក់​ទី​ ១២ ​នៅ​ឆ្នាំ ​២០០៤។ ​

លោក​រិទ្ធី បានជិះកង់​ជាមួយ​មិត្តភក្ដិ ពីស្រុកកំណើត មក​ស្នាក់​អាស្រ័យ​នៅ​វត្ត ទាំង​មិន​ស្គាល់​ភ្នំពេញ សូម្បីតែបន្តិច។ ​នៅ​វត្ត​ រិទ្ធី​ត្រូវ​​ដេក​ជាប់​ចម្រឹង​ដែក​ក្នុង​កុដិ​ ​ដោយ​មាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ពី​គ្រួសារ​ត្រឹម ​៣០​​ ទៅ​ ៤០ ​ដុល្លារ​ក្នុង​មួយ​ខែ​ប៉ុណ្ណោះ។ ​​ឆ្នាំដំបូង​នៅ​សាកលវិទ្យាល័យ លោក​​​ចូល​រៀន​ជាប់​លាប់​​​ធម្មតា​​ ​តែ​ចូល​ឆ្នាំ​ទី ​២ ​​គេ​បែរ​បែក​គំនិត​មិន​ចូល​សាលា ​ដោយ​យក​ពេល​ចូល​ទៅ​អ៊ីនធឺណិត​ស្រាវជ្រាវ​តែ​ម្នាក់​ឯង​ច្រើន​ជាង។

រិទ្ធី​ចាប់​ផ្ដើម​ចូលចិត្ត​អ៊ីនធឺណិត​​ ព្រោះ​ឮ​ថា ​អ៊ីនធឺណិត​អាច​​ឲ្យ​ទាក់ទង​គ្នា​បាន​ដោយ​ឥត​អស់​ប្រាក់​ ​​និង​អាច​មើល​មុខ​គ្នា​ឃើញ​ទៀត។ ​​​​លុយ​ដែល​ផ្ញើ​មក​ពី​ស្រុក​មួយ​ខែ​ៗ ​រិទ្ធី​ចំណាយ​ប្រហែល​ ៥០ ​ទៅ ​៦០​ភាគរយ​ លើ​អ៊ីនធឺណិត។ ​​ជា​មនុស្ស​ដែល​ឆ្ងល់ ​និង​ចង់​សាក​អ្វី​ដែល​ថ្មី​ លោក​បាន​​ចាប់​ផ្ដើម​​ចាប់អារម្មណ៍​ និង​ងប់​​លើ​​​ការ​អាន​កាន់​តែ​ខ្លាំង។ ​​ជា​រៀងរាល់​ថ្ងៃ​​ចាប់​ពី​ម៉ោង​​៥ កន្លះ​ល្ងាច​ដល់​ម៉ោង ​១ ​យប់​ រូប​គេ​ចំណាយ​ពេល​សំកុក​តែ​នៅ​ក្នុង​ហាង​អ៊ីនធឺណិត​​ អាន​ពី​ជីវិត​បុគ្គល​ល្បី​ៗ​ក្នុង​ផ្នែក​គណិតវិទ្យា ​រូបវិទ្យា ​ចិត្តវិទ្យា​ និង​បុគ្គល​ល្បី​ផ្សេង​ទៀត​។

​ឆ្នាំ​ ២០០៥ ​ដល់​​ ២០០៦ ​រិទ្ធី​ចូល​ធ្វើការ​នៅ​​អង្គការ​កុមារ​កំព្រា​មួយ​ដោយ​ទទួល​បៀវត្ស​ដំបូង​​ ៥០ ​ដុល្លារ។ ​ខែ​ទី​ពីរ​គេ​ឡើង​បាន​ ៧៥​ ​ដុល្លារ ​​និង​បន្ត​ឡើង​នៅ​ខែ​បន្តៗ​ទៀត​​ ព្រោះ​ក្រៅ​ពី​បង្រៀន​អង់គ្លេស​ដែល​ចេះ​ដោយ​ខ្លួន​ឯង​ទាំង​រដាក់រដុប រិទ្ធី​ក៏បាន​​បង្រៀន​កុំព្យូទ័រ​ដែល​ចេះ​​ខ្លះ​ៗ​​​ ពី​ការ​ចូល​ទៅ​សំកុក​នៅ​ហាង​អ៊ីនធឺណិត​​នោះ​ឯង។​​ ​​មាន​ប្រាក់​ខែ​ផ្ទាល់​ខ្លួន​ រិទ្ធី​​អាច​សម្រួល​បន្ទុក​គ្រួសារ​បាន​ខ្លះ ​​តែ​ពេញ​មួយ​ឆ្នាំ​ គេ​បាន​​យក​លុយ​ទាំង​នោះ​ទៅ​ចំណាយ​ទៅ​លើ​សៀវភៅ​​កាន់​តែ​ច្រើន​ឡើង។ ​​​​​​​​ចំណូល​ប្រហែល​ ៨០% ​ត្រូវ​ចំណាយ​ទៅ​លើ​សៀវភៅ ​ហើយ​មាន​ថ្ងៃ​ខ្លះ ​​រិទ្ធី​​ជក់​អាន​​តាំង​ពី​ល្ងាច​ដល់​ម៉ោង​ ៣ ​ឬ​ ៤ ​យប់ ​​​​ដេក​លក់​​ដោយ​មិន​ដឹង​ខ្លួន​ ​ពេល​​​​​​​​ភ្ញាក់​​មក​វិញ​ឃើញ​សៀវភៅ​កៀប​ជាប់​នឹង​មេជើង​ក៏​មាន។

សាក​ធ្វើ​ជំនួញ​លើក​ដំបូង

​​ការ​អាន​ និង​ស្វែង​យល់​ច្រើន​ពី​អ៊ីនធឺណិត ​​រិទ្ធី​សម្រេច​បង្កើត​ជំនួញ​ដំបូង​ទៅ​លើ​អ៊ីនធឺណិត​ ដោយ​យក​ប្រាក់​សន្សំ​មួយ​ឆ្នាំ​របស់​ខ្លួន​ ៣០០ ​ដុល្លារ ​និង​បញ្ចុះបញ្ចូល​មិត្តភ័ក្ដិ​ផ្សេង​ទៀត​ឲ្យ​ជួយ​សរុប​បាន​ប្រាក់ ​១២៧៣ ​ដុល្លារ។ ​តែ​ការ​ធ្វើ​មិន​ដូច​ការ​គិត​ឯណា ​ជំនួញ​ដែល​រិទ្ធី​គិត​ថា ​នឹង​ទទួល​បាន​ផ្លែ​ផ្កា​ ​បែរ​ជា​ត្រូវ​ខាត​ឡុងចុង ​​ហើយ​ពេល​នោះ​ជា​ពេលវេលា​ដែល​យុវជន​​រូប​នេះ​ខក​ចិត្ត​បំផុត។ ​

​ឆ្នាំ ​២០០៦ ​​ក្រោយ​ខាត​ជំនួញ​អស់​លុយ។ ​​នៅ​ក្នុង​ហោប៉ៅ​ រិទ្ធី​មាន​លុយ​តែ​ ៥ ​ពាន់​រៀល​​គត់។ ​ដោយ​ចង់​លម្ហែ​ ​​​គេ​បាន​ខ្ចី​លុយ​​មិត្តភ័ក្ដិ​បន្ថែម​ទៀត​ចំនួន ​២០ ​ដុល្លារ និង​ជិះ​កង់​ផ្សងព្រេង​តែ​​ម្នាក់​ឯង​ទៅ​កំពង់សោម។ ​ពេល​ទៅ​ដល់​ទី​នោះ​ រូប​គេ​បាន​ជួប​និយាយ​លេង​ជាមួយ​ប្រជាជន​ដែល​ចង់​លក់​ដី។ ​គេ​ក៏​ចេះ​តែ​និយាយ​ថា ​​នឹង​ជួយ​ប្រកាស​លក់​ដី​នោះ​ពេល​​ទៅ​ភ្នំពេញ​វិញ។ ​​

​​​មក​ដល់​ភ្នំពេញ​ ​ដោយ​ចេះ​អ៊ីនធឺណិត​​ខ្លះ​ៗ​ រិទ្ធី​បាន​​​​ប្រកាស​លក់​ដី​នៅ​លើ​​ Page ​នានា​​ ឬ​កន្លែង​ណា​ដែល​អាច​លក់​បាន។ ​​បន្ទាប់​មក​មាន​អ្នក​ចង់​ទិញ​ដី​​​​ទាក់ទង​ទៅ​ម្ចាស់​​ដី​ ដោយ​​​និយាយ​អង់គ្លេស​។ ​ស្ដាប់​គ្នា​មិន​បាន ​ម្ចាស់​ដី​ក៏​​ឲ្យ​រិទ្ធី​ដាក់​លេខ​ទូរសព្ទ​ខ្លួន​ឯង​ ​​ហើយ​​ចរចា​ជួយ​លក់​បន្ត​ដោយ​​យក​កម្រៃ​ជើង​សារ។ ​ដល់​ត្រង់​នេះ​ រិទ្ធី​ចាប់​អារម្មណ៍​ថា ​​​​ល្អ​ដែរ​តើ ​បើ​គេ​ដើរ​តួរ​ជា​ឈ្មួញ​កណ្ដាល​ជួយ​បង្ហោះ​លក់​នៅ​លើ​អ៊ីនធឺណិត​ដើម្បី​ប្តូរ​មក​វិញ​នូវ​កម្រៃ​ជើង​សារ។

ដាក់​គោលដៅ​​​​​ធំ ​និង​ចាប់​ផ្ដើម​ដើរ​ធ្វើ​សិក្ខាសាលា

​​ក្រោយ​បាន​កម្រៃ​ពី​ការ​ជួយ​លក់​ដី​ ​រិទ្ធី​ចាប់​ផ្ដើម​មាន​មហិច្ឆតា ​និង​បាន​ដាក់​គោលដៅ​ខ្លួន​ឯង​ធំ​ជាង​មុន​ថា រយៈពេល​​​​មួយ​ឆ្នាំ​ទៀត​ត្រូវ​រក​ឲ្យ​បាន​មួយ​ម៉ឺន​ដុល្លារ។ ​«និយាយ​ទៅ​ដាក់​គោលដៅ​ឲ្យ​ខ្ពស់​បន្តិច​ទៅ! ​វា​​ដូច​យើង​បាញ់​ធ្នូ​អីចឹង​ ​បើ​យើង​​លើក​​ធ្នូ​បាញ់​រាង​ខ្ពស់​បន្តិច ​បើ​មិន​ធ្លាក់​ចំ​គោលដៅ​ក៏​បាន​ក្បែរៗ​នោះ​​ដែរ»។ ​នេះ​ជា​ការ​បញ្ជាក់​របស់​​សហគ្រិន​វ័យ​ក្មេង។ ​ក្រៅ​ពី​លក់​ដី​ រិទ្ធី​​ដើរ​ធ្វើ​ Workshop ​​ធ្វើ​មគ្គទេសក៍​ទេសចរ​​ ​និង​សិក្សា​ពី​ការ​ជំរុញ​អាជីវកម្ម​ដំបូង ​(Business Incubation) ​​និង​សហ​​ការិយាល័យ ​(co-working space) ​ពី​អ៊ីនធឺណិត។​

​​​​​​​​​​ឆ្នាំ ​២០១១ ​​រិទ្ធី​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​កម្មវិធី​បោះជំរំ​រដូវ​ក្ដៅ​នៅ​អាមេរិក​ រយៈពេល​ពីរ​ខែ ​​ដោយ​នៅ​ទី​នោះ​គេ​​ធ្វើ​ការ​ជា​គ្រូ​បង្រៀន​ជិះ​កង់​ដៃ​ត្រង់។ ​​​​​​​​ប្រាក់​ដែល​បាន​​ពី​ការ​បង្រៀន​នោះ​ រិទ្ធី​ចំណាយ​ទាំង​អស់​​លើ​ការ​ដើរ​ផ្សងព្រេង​ ចង់​ស្គាល់​ជីវិត​នៅ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​មួយ​នេះ។ ​​រិទ្ធី​បាន​សុំ​មិត្តភ័ក្ដិ​ដែល​ស្គាល់​តៗ​គ្នា​ ​ស្នាក់​នៅ​ជាមួយ​គេ ​​ពេល​ខ្លះ​មាន​បន្ទប់​ដេក​ត្រឹមត្រូវ​ ហើយ​​​​ពេល​ខ្លះ​ដេក​លើ​សាឡុង​ក៏​មាន។ ​​នៅ​ពេល​នោះ​ យុវជន​រូប​នេះ​ក៏​បាន​ចូល​ទៅ​តាម​សហ​ការិយាល័យ​នានា​​សុំ​មើល​​ទិដ្ឋភាព ​​និង​ដំណើរការ​នៃ​សហ​ការិយាល័យ​ទាំង​នោះ។

ការ​បង្កើត​ SmallWorld

​​គំនិត​ចង់​បង្កើត​​កន្លែង​ជំរុញ​អាជីវកម្ម​ថ្មោងថ្មី​​​​​ មាន​តាំង​ពី​នៅ​ស្រុក​ខ្មែរ ​មុន​ទៅ​អាមេរិក​ម្ល៉េះ​ តែ​រិទ្ធី​មិន​ទាន់​ចង់​បង្កើត​ ព្រោះ​គិត​ថា ​​បើ​បើក ខ្លួន​នឹង​គ្មាន​ពេល​វេលា​សម្រាប់​​​ដំណើរ​ផ្សងព្រេង​​ ដែល​ចូលចិត្តត​​​ទៅ​ទៀត។​​ ​​តែ​ក្រោយ​ការ​ជំរុញ​ពី​លោក​ ជី សិលា​ ​​​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Sabay ​ថា​ ​«មិន​ធ្វើ​ឥលូវ​ ចាំ​អង្កាល់?»​។​ ​​​​រិទ្ធី​សម្រេច​ចិត្ត​​​​​​ថា ​ត្រូវ​តែ​ធ្វើ ​ដោយ​រត់​​រៃ​អង្គាស​ប្រាក់​​​​​​ពី​សៀមរាប​មក​ភ្នំពេញ​រយៈពេល​ ១០ ​ថ្ងៃ​ដោយ​ដាក់​ឈ្មោះ​កម្មវិធី​ថា ​"រត់​ដើម្បី​ក្ដី​​សុបិន" ​ឬ​ "Run The Dream”។ ​​ការ​រត់​នោះ​​រិទ្ធី​ប្រមូល​បាន​ប្រាក់​ឧបត្ថម្ភ​ ៣ ​ពាន់​​ដុល្លារ​ពី​មិត្តភ័ក្ដិ​ជា​ជន​បរទេស ​​និង​ ២៥០០ ​ដុល្លារ​ពី​ក្រុមហ៊ុន​ Sabay។

​​នៅ​ខែ​ធ្នូ ​២០១១ ​រិទ្ធី​ និង​សហស្ថាបនិក​បី​នាក់​ទៀត​បាន​ចូល​លុយ​គ្នា​បាន ​១៥០០​ ដុល្លារ​បូក​នឹង​ប្រាក់​ឧបត្ថម្ភ​ខាង​លើ​​បង្កើត​ SmallWorld ​​ឡើង។ ​រិទ្ធី​ថា ​ពេល​ដំណើរការ​ដំបូង​លោក ​និង​មិត្តភ័ក្ដិ​ជួប​ការ​លំបាក​ជា​ច្រើន​ដូចជា ​​ពិបាក​ពន្យល់​ឲ្យ​គេ​ស្គាល់​ថា ​SmallWorld ​ជា​អ្វី​ ព្រោះ​​មនុស្ស​ភាគច្រើន​គិត​ថា ​ទី​នោះ​ជា​អង្គការ​ច្រើន​ជាង។ ​ចំណែក​ការ​លំបាក​ធំ​បំផុត​មួយ​ទៀត​គឺ​បញ្ហា​លុយ​នេះ​ឯង។ ​​រិទ្ធី​ថា ​​ដោយ​គ្មាន​ចំណូល​មិត្តភ័ក្ដិ​ដែល​ចូល​រួម​បង្កើត​បាន​ធ្វើការ​ក្រៅ​ម៉ោង​បណ្ដើរ ​យក​លុយ​មក​ជួយ​បណ្ដើរ ​ហើយ​ខែ​ខ្លះ​សឹង​ថា ​មិន​មាន​លុយ​គ្រប់​ឲ្យ​ថ្លៃ​ឈ្នួល​ផ្ទះ​ផង។ ​តែ​ក្រោយ​ដំណើរការ​​ជិត​បួន​ឆ្នាំ ​ពេល​នេះ​ ​​ស្ថាប័ន​ជំរុញ​អាជីវកម្ម​ថ្មោងថ្មី​មួយ​នេះ​អាច​មាន​ភាព​នឹងធឹង​ជាង​មុន ​​​​ដោយ​បច្ចុប្បន្ន​មាន​ អាជីវកម្ម​តូចៗ​ចំនួន ​១១ ​ចំណុះ​ឲ្យ ​និង​មាន​ ៧ ​អាជីវកម្ម​ដែល​​ដើរ​ដោយ​រលូន។ ​​មាន​អាជីវកម្ម​ផ្សេង​ទៀត​ដែល​ចាប់​ផ្តើម​នៅ​ទីនោះ ​ហើយ​ពេល​ដំណើរការ​ល្អ ​ពួកគេ​អាច​ចេញ​ទៅ​​ដំណើរការ​ខាងក្រៅ​ដោយ​ខ្លួន​ឯង។ ​​​នៅ​ SmallWorld ​រិទ្ធី និង​ក្រុមការងារ​​មាន​ភារៈ​ជា​អ្នក​ប្រឹក្សា​​ ​ផ្តល់​ការ​បណ្តុះបណ្តាល​នានា​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​ដែល​​គ្រោង​នឹង​បើក ​ហើយ​សិក្សា​ពី​លទ្ធភាព​វា​ថា ​អាច​ទៅ​រួច​ឬ​អត់។​​

ការ​ផលិត​កុំព្យូទ័រ​ម៉ាកគម្ពីរ (Koompi)

គម្ពីរ ជា​​កុំព្យូទ័រ​ផលិត​ដោយ​កូន​ខ្មែរ​ដំបូង​គេ ដែលត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​ កាលពីខែតុលា ឆ្នាំ២០១៨។ លោក ធុល រិទ្ធី ដែល​ជា​ស្ថាបនិក បាន​បញ្ជាក់ថា ការ​បោះ​ជំហាន​ដ៏ធំ​ តាម​រយៈ​ការ​បង្កើត​កុំព្យូទ័រ​​ផ្ទាល់​ខ្លួននេះ គឺដើម្បី​​​ជា​ការ​លើក​ទឹក​ចិត្ត​​ដល់​អ្នក​រៀន​សរសេរ​កូដ​ជំនាន់​ក្រោយ។ ក្នុង​រយៈ​ពេល​ ៣ឆ្នាំ​ លោក​សង្ឃឹម​ថា​ ​នឹង​អាច​លក់​កុំព្យូទ័រ​នេះ​បាន​​កន្លះ​លាន​គ្រឿង​​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ហើយ​ត្រឹម​ឆ្នាំ​ ២០២០ លោក​ រិទ្ធី​ ក៏​​មាន​បំណង​ចង់​ឲ្យ​​កុំព្យូទ័រ​របស់​ខ្លួន​អាច​​ដំឡើង​បាន​ដោយ​រោងចក្រ​ផលិត​ក្នុង​ស្រុក​ ដែល​បច្ចុប្បន្ន​មិន​ទាន់​មាន​​​សោះ។ បន្ទាប់​មកទៀត លោក​មានមហិច្ឆតា ពង្រីកទីផ្សារ​ដល់​ប្រទេស​ជិត​ខាង​ទៀត។

​គោលបំណង​អនាគត

លោក រិទ្ធី​ចង់​​ឃើញ ​SmallWorld ​ក្លាយ​ទៅ​ជា​សហគមន៍​អាជីវកម្ម​ថ្មោងថ្មី​​​ ដែល​មាន ​១០០ ទៅ ​២០០ ​អាជីវកម្ម​​ដំណើរការ។ ​​​លោក​សង្ឃឹម​ថា ​ការ​បង្កើត​អាជីវកម្ម​ច្រើន​នេះ​​នឹង​ជួយ​​​ឲ្យ​​ប្រជាជន​កម្ពុជា​ច្រើន​ពាន់​នាក់​​មាន​ការងារ​ធ្វើ​ទាំង​ដោយ​ផ្ទាល់ ​និង​ដោយ​ប្រយោល។ ​មួយ​ទៀត​វា​​ជា​មោទនភាព​មួយ​ដែល​អាច​បញ្ជាក់​ថា ​កម្ពុជា​ក៏​អាច​បង្កើត​អាជីវកម្ម​ថ្មោងថ្មី​ដែល​មាន​គុណភាព​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង​បាន​។

​​ការ​ផ្ដាំ​ផ្ញើ​ដល់​យុវជន

លោក ធុល ​រិទ្ធី បាន​​ផ្ដាំ​ផ្ញើ​ដល់​យុវជន​ជំនាន់​ក្រោយ​ថា៖ ​«​ជំនាន់​យើង​មាន​ឱកាស​ច្រើន។ ​យើង​អាច​ផ្លាស់ប្ដូរ​បញ្ហា​ទៅ​ជា​ឱកាស​​បាន​ ព្រោះ​យើង​មាន​បច្ចេកវិទ្យា​នៅ​ជួយ​ស្រាប់។ ​​ស្វែង​រក​បញ្ហា​ដែល​ចាប់​អារម្មណ៍​បំផុត​ហើយ​ចាប់​ផ្ដើម​ធ្វើ​វា ​ដោយ​​កុំ​ទាន់​​គិត​ទៅ​លើ​ដំណោះស្រាយ»៕

អត្ថបទ៖ សីហា

អត្ថបទថ្មី