Torres និយាយ​ថា រឿង​២​យ៉ាង​ Rafa Benitez ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​កំពូល​ខ្សែ​ប្រយុទ្ធ

  • 2019-06-22 00:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខែ​សីហា ​ឆ្នាំ​២០០៧ Fernando Torres រក​​គ្រាប់​បាល់​ដំបូង​របស់​ខ្លួន​នៅ Liverpool។ ឆ្លងកាត់​ប្រមាណ ១០០ ប្រកួត​ស៊ុត​បាន​ជាង ៦០​គ្រាប់ នៅ​ហង្ស​ក្រហម។ ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​មាន​ពេលវេលា​មាស​របស់​ខ្លួន​នៅ Liverpool និង មាន​កំណត់ត្រា​ល្អ​ជាង​កីឡាករ Robbie Fowler, Michael Owen, Ian Rush, Kenny Dalglish ឬ Roger Hunt។

Torres ដែល​ទើប​ប្រកាស​ចូលនិវត្តន៍​បាន​និយាយ​ថា Rafa Benitez គឺ​ជា​អ្នក​ដែល​ជម្រុញ​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជា​កំពូល​ខ្សែ​ប្រយុទ្ធ​​ល្អ​បំផុត​ម្នាក់​របស់​ពិភពលោក៖

១ ពេល Torres ស៊ុត​ចូល​ច្រើន Benitez ថា​​អតីត​ខ្សែ​ប្រយុទ្ធ Liverpool លេង​មិន​ល្អ៖

​​​Torres បាន​និយាយ​ថា "នៅ​ពេល​ដែល​ខ្ញុំ​បាន​ជួប Rafa ខ្ញុំ​ចាប់​ផ្តើម​យល់​ពី​តួនាទី​គ្រូ​បង្វឹក​មាន​សារសំខាន់​ប៉ុណ្ណា"។

Torres ពន្យល់​ថា Benitez មិន​ត្រឹម​តែ​ជា​គ្រូ​បង្វឹក​ដែល​ដាក់​ជម្រើស​១១​នាក់​ដោយ​គិត​ពី​ប្រព័ន្ធ​ និង របៀប​ហ្វឹកហាត់​ផ្សេងៗ​គ្នា​អាស្រ័យ​គូបដិបក្ខ​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​គ្រូ​បង្វឹក​រូប​នេះ​​តែង​រៀបចំ​រួច​ជា​ស្រេច​ថាតើ​ កីឡាករ​ណា​ជា​អ្នក​រុញ​ច្រាន​គូ​ប្រកួត ហើយ​អ្នកណា​ជា​អ្នក​ថែរក្សាទីលាន​របស់​ខ្លួន។

"នៅ​ពេល​ដែល​ខ្ញុំ​ស៊ុត​បញ្ចូល​ទី​២ ឬ ៣​គ្រាប់ គាត់​ប្រាប់​ខ្ញុំ​ថា​ខ្ញុំ​លេង​មិន​ល្អ​សោះ​ប្រកួត​នោះ​ ព្រោះ​ខ្ញុំ​មិន​បាន​ជួយ​អ្នក​នៅ​ក្រោម"។ ​​Torres បាន​និយាយ។

២ ក្នុង​នាម​ជា​ខ្សែប្រយុទ្ធ​ត្រូវ​ចេះ​វិនិច្ឆ័យ​ខ្សែ​ការពារ ជាជាង​ឲ្យ​ខ្សែ​ការពារ​វិនិច្ឆ័យ​មក​លើ​ខ្លួន៖

​Torres បាន​និយាយ​ថា "Rafa និយាយ​ប្រាប់​ខ្ញុំ​ជា​ច្រើន​អំពី​ចលនា​នៃ​រាងកាយ​របស់​ខ្ញុំ។ នៅ​ពេល​អ្នក​ញោច​ខ្លួន​ទៅ​ឆ្វេង​ ឬ ស្តាំ អ្នក​ចំណេញ​ពេល​១​វិនាទី អីចឹង​ប្រសិន​បើ​អ្នក​បាន​បាល់​ភ្លាម អ្នក​នឹង​អាច​រំកិល​ខ្លួន​របស់​អ្នក​ចេញ​ឆ្ងាយ [ពី​ខ្សែ​ការពារ]"។

“វិធី​ដែល​​អ្នក​​ឈរ​ទល់​មុខ​ជាមួយ​ខ្សែ​ការពារ គឺ​ត្រូវ​ផ្តោត​អំពី​ទីតាំង​របស់​ពួកគេ និង ព្យាយាម​ស្មាន​ចលនា​របស់​ពួកគេ។ ហើយ​ចំណុច​សំខាន់​មួយ​ទៀត​ដែល​ខ្ញុំ​បាន​រៀន​ពី Rafa គឺ​ការ​លេង​នៅ​ជិត​ប្រអប់​គ្រោះថ្នាក់​ របៀប​ដែល​យើង​លេង​ពី​ក្រោយ​ខ្នង​ខ្សែ​ការពារ​ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ​ទោល។ ខ្ញុំ​មិន​ចាំ​បាច់​មើល​បាល់​នោះ​ទេ តែ​ខ្ញុំ​​អាច​លេង​ដោយ​បត់បែន​ទៅ​តាម​ទីតាំង​ដែល​ខ្សែ​ការពារ​ឈរ ជា​ជាង​ព្យាយាម​គ្រប់គ្រង​បាល់ ឬ លេង​សម្រុក​ពី​ក្រោម"។

ចំណុច​នេះ​ស្រដៀង​ទៅ​នឹង​ការ​លើកឡើង​របស់ Virgil van Dijk ដែល​ទម្លាយ​ថា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ខ្លួន​អាច​បញ្ឈប់​ខ្សែ​ប្រយុទ្ធ​បាន​នោះ​ គឺ​តែងតែ​ធ្វើ​ឱ្យ​ខ្សែ​ប្រយុទ្ធ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត ហើយ​នោះ​ជា​ពេល​ដែល​គេ​ព្យាយាម​ដណ្ដើម​បាល់​ចេញ​ពី​ពួកគេ៕

អាន៖ Van Dijk ទម្លាយ​ពី​មូលហេតុ​ដែល​ស្ទើរ​តែ​គ្មាន​កីឡាករ​ណា​អាច​​ឆ្លង​ផុត​ពី​រូបគេ

អាន៖ Salah បំបែកកំណត់ត្រា របស់ Torres នៅ​ Liverpool

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី