Hacker ​​ខ្លាំងៗ ភ្នាក់ងារ​ FBI កំពុង​តាម​ចាប់​

  • 2019-06-24 06:47:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ Hacker ខ្លាំងៗ​ជា​ច្រើន​កំពុង​ត្រូវ​បាន​តាម​ចាប់​ដោយ​​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​អាមេរិក ហៅ​កាត់​ថា​ FBI ដែល​ភាគ​ច្រើន​គឺ​មាន​ប្រភព​ចេញ​ពី​ប្រទេស​រុស្ស៊ី និង​ប្រទេស​ចិន។ ​ចង់​ដឹង​មាន​នរណា​ខ្លះ តាមដាន​ដូច​ត​ទៅ ៖

  • Evgeniy Mikhaylovich Bogachev

​​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា​ "Slavik” Bogachev គឺ​ជា​អ្នក​បង្កើត​មេរោគ​គ្រោះ​ថ្នាក់​ជា​ច្រើន ដើម្បី​វាយ​ប្រហារ​ធនាគារ។ Bogachev បាន​រង​ការ​ចោទ​ប្រកាន់​ថា​បាន​លួច​លុយ​ជាង​ ១០០ លាន​ដុល្លារ ដោយ​ប្រើ​មេរោគ​ GameOver Zeus នៅ​ឆ្នាំ ២០១៤។ Hacker រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ទំនាក់ទំនង​ជា​មួយ​ចារកម្ម​រុស្ស៊ី។ គួរ​ដឹង​ថា FBI នឹង​ផ្ដល់​រង្វាន់ ៣ លាន​ដុល្លារ ដល់​អ្នក​ដែល​មាន​ដំណឹង​អំពី Bogachev ដើម្បី​ឈាន​ដល់​ការ​ចាប់​ខ្លួន។

  • ក្រុម DNC Hacker

តាម​ការ​ឲ្យ​ដឹង​ពី FBI ក្រុម​ DNC Hacker ជា​ក្រុម​គ្រោះថ្នាក់​មួយ​ មាន​គ្នា​ចំនួន​ ១២ នាក់ ដែល​ជា​ទាហាន​រុស្ស៊ី។ មាន​​ការ​រាយការណ៍​ថា​ក្រុម​នេះ​ជា​​​ក្រុម​​មួយ ក្នុង​ចំណោម​ក្រុម​វាយ​ប្រហារ​​ខ្លាំងៗ​ទាំង​ពីរ​ក្រុម​របស់​រដ្ឋាភិបាល​រុស្ស៊ី។ នៅ​ថ្ងៃ​ទី ១៣ កក្កដា ២០១៨ ក្រុម​នេះ​បាន​រង​ការ​ចោទ​ប្រកាន់​ថា​បាន​​លួច​ចូល​ទៅ​ក្នុង Server របស់​​គណៈកម្មការ​ជាតិ​ប្រជាធិបតេយ្យ​ដើម្បី​លួច​យក​ទិន្នន័យ​​អំឡុង​ឆ្នាំ ២០១៥ និង ២០១៦ រួច​ប្រើ​វា​ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បោះ​ឆ្នោត​រើស​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦។

  • ក្រុម​វាយ​ប្រហារ​ Yahoo

នៅ​ខែ​មីនា​ ឆ្នាំ ២០១៧ ក្រសួង​យុត្តិធម៌​អាមេរិក ចោទ​ប្រកាន់​ Hacker ចំនួន​បួន​នាក់ ដែល​បាន​វាយ​ប្រហារ​ Server Yahoo នៅ​ឆ្នាំ ២០១៤ លួច​យក​ទិន្នន័យ​អ្នក​ប្រើ​ប្រាស់​ជាង ៥០០ លាន​នាក់។ ក្រុម​នេះ​មាន​ Alexsey Belan, Dmitriy Aleksandrovich Dokuchayev និង Igor Suchin ហើយ​ម្នាក់​ទៀត​ឈ្មោះ​ Karim Baratow។ Baratow ត្រូវ​បាន​ចាប់​ខ្លួន​នៅ​កាណាដា រួច​បញ្ជូន​ទៅ​សហរដ្ឋអាមេរិក​កាល​ពី​ឆ្នាំ​មុន ហើយ​​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៥ ឆ្នាំ​ទៀត​ផង។

  • ក្រុម IRGC

នៅ​ខែ​កុម្ភៈ ឆ្នាំ ២០១៩ សហរដ្ឋអាមេរិក​បាន​ចេញ​បញ្ជា​ឲ្យ​ចាប់​ខ្លួន​​បុរស​សញ្ជាតិ​អ៊ីរ៉ង់​ ៤ នាក់ នៃ​ក្រុម​ IRGC និង​​អតីត​​មន្ត្រី​ចារកម្ម​នៃ​កងទ័ពអាកាស​អាមេរិក​ ក្រោយ​ពី​ពួក​គេ​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​រយៈ​អ៊ីមែល និង​បណ្ដាញ​សង្គម។ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ ២០១៧ Behzad Mesri ​តែ​ឯង បាន​ Hack ចូល​ក្រុមហ៊ុន​ទូរទស្សន៍​ខ្សែកាប HBO និង​បាន​បង្ហោះ​ឈុត​ឆាក​នៃ​សាច់​រឿង​ដែល​មិន​ទាន់​ចេញ​ផ្សាយ លើ​គណនី HBO ទៀត​ផង។

  • Fujie Wang

Wang ត្រូវ​បាន​គេ​ជឿ​ថា​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ចារកម្ម​អ៊ីនធឺណិត​របស់​ចិន។ បុគ្គល​ម្នាក់​នេះ​បាន​វាយ​ប្រហារ​ Anthem ដែល​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ធំ​ទី​ពីរ​នៅ​សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ ២០១៥ ​ដោយ​បាន​ធ្វើ​លេច​ធ្លាយ​ទិន្នន័យ​សម្ងាត់​របស់​អតិថិជន ៨០ លាន​នាក់។

  • ក្រុម SEA

នៅ​ឆ្នាំ ២០១៦ ក្រសួង​យុត្តិធម៌​អាមេរិក​ចោទ​ប្រកាន់​បុរស​ជន​ជាតិ​ស៊ីរី ៣ នាក់​ នៃ​ក្រុម Syrian Army Electronics Group (ហៅ​កាត់ SEA) ថា​បាន​វាយ​ប្រហារ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​នៃ​​ការិយាល័យ​រដ្ឋបាល​ប្រធានាធិបតី និង​កងទ័ព​ជើង​ទឹក​អាមេរិក។ មាន​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន ឯ​ពីរ​នាក់​ទៀត​ឈ្មោះ​ថា​ Ahmed al Agha និង​ Firas Dardar កំពុង​ស្ថិត​ក្នុង​បញ្ជី​តាម​ចាប់​ខ្លួន​របស់ FBI។

  • Park Jin Hyok

ក្នុង​ខែ​កញ្ញា​ ឆ្នាំ ២០១៨ Park Jin Hyok ត្រូវ​បាន​​ចោទ​ប្រកាន់​ថា​បាន​ប្រើ​ប្រាស់​មេរោគ WannaCry វាយ​ប្រហារ​ប្រព័ន្ធ​កុំព្យូទ័រ​រាប់​លាន​ជុំវិញ​ពិភពលោក រួម​មាន​​ក្រុមហ៊ុន​អាមេរិក Lockheed Martin និង ​ផលិតកម្ម​ Sony Pictures ផង​ដែរ។ Hacker វ័យ ៣៤ ឆ្នាំ​នេះ ត្រូវ​បាន​គេ​ជឿ​ថា​ជា​សមាជិក​សំខាន់​មួយ​នៃ​ក្រុម​ Lazarus ជា​ក្រុម​​ Hacker ដែល​​មាន​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​នៅ​ពី​ក្រោយ​ខ្នង។

  • ក្រុម Jabberzeus

ក្រុម Jabberzeus បាន​ប្រើ​ប្រាស់​មេរោគ Zeus ដោយ​ដាក់​ឈ្មោះ​ថា​ Jabber Zeus ដើម្បី​វាយ​ប្រហារ​ធានាគារ​ធំៗ។ ក្រុម​នេះ​មាន​សមាជិក ៩ នាក់ ប៉ុន្តែ​ ៦ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឆ្នាំ ២០១៤។ សេស​សល់​ ៣ នាក់​ទៀត​រួម​មាន​ Vyacheslav Igorevich Penchukov (ខាង​ស្ដាំ​) ជា​មេ​ក្រុម, Ivan Viktorvich Klepikov (ខាង​ឆ្វេង) ជា​អ្នក​គ្រប់គ្រង​ទិន្នន័យ និង Alexey Dmitrievich Bron ទទួល​ខុស​ត្រូវ​លើ​ការ​ផ្ទេរ​ប្រាក់​ទៅ​ក្រៅ​ប្រទេស៕​​​​​​​​​

ចុចអាន៖

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី