ធ្វើយ៉ាងណាឈប់ដាច់លុយ (ទោះយើងរកលុយបានច្រើនប៉ុណ្ណាក៏ដោយ)
- 2019-06-27 06:55:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើយ៉ាងណាឈប់ដាច់លុយ (ទោះយើងរកលុយបានច្រើនប៉ុណ្ណាក៏ដោយ)
ចន្លោះមិនឃើញ
តើអ្នកកំពុងរៀនបណ្តើរ ធ្វើការរកលុយបណ្តើរមែនទេ? ឬក៏ទើបរៀនចប់មហាវិទ្យាល័យ ហើយចាប់ផ្តើមការងារជាលើកដំបូងមែន? ក្មេងៗអាយុ ២០ ឆ្នាំស្តើងដូចពួកយើងនេះ មិនត្រឹមតែចូលចិត្តមើលមីម (meme) ដូចគ្នានោះទេ ពួកយើងក៏មានចរិតមួយទៀតដែលស្រដៀងៗគ្នាដែរ នោះគឺ ម្នាក់ៗតែងមានអារម្មណ៍ភ័យព្រួយដោយសារអត់លុយចាយគ្រប់ ឲ្យតែចុងខែមកដល់! ចាំទេ… អារម្មណ៍ធ្លាក់ថ្លើមក្តុក ពេលដែលឆែកគណនីធនាគារទៅឃើញសល់លុយតែ ៨ ដុល្លារ… ឬអារម្មណ៍ពិបាកចិត្តគិតស្រាយមិនចេញ ដោយសារគ្មានលុយចងការបងជីដូនមួយមិត្តភក្តិម្នាក់នៅឯស្រុក…
ពួកយើងតែងស្រមៃថា ថ្ងៃណាមួយឲ្យតែយើងរកលុយបានច្រើន នោះយើងនឹងលែងមានទុក្ខពិបាកចិត្តរឿងដាច់លុយនេះទៀតហើយ។ តែគិតអញ្ចឹងត្រូវអត់? ពីរបីឆ្នាំមុន ខ្ញុំផ្ទាល់ធ្លាប់ធ្វើការបកប្រែ និងបង្រៀនភាសាក្រៅម៉ៅង រហូតអាចរកបានដល់ទៅជិត ១០០០ ដុល្លារឯណោះក្នុងមួយខែ។ សំរាប់សិស្សមហាវិទ្យាល័យម្នាក់ដែលមិនចាំបាច់ត្រូវបង់លុយសាលា លុយជួលផ្ទះ ឬបាយម្ហូបទេនោះ ប្រាក់ខែប៉ុណ្ណេះគឺវាច្រើនមហាសាលពេកណាស់ទៅហើយ! តែកាលហ្នឹង ខ្ញុំក៏នៅតែមានទុក្ខ នៅតែមានការបារម្ភខ្លាចអត់លុយចាយដដែល។ នៅក្នុងគណនីខ្ញុំកាលខ្លះនៅសល់តិចជាង ១០០ ដុល្លារក៏មាន ហើយមិនដែលអត់ស្ត្រេសទេ ដោយសារខួរក្បាលតែងព្យាយាមគិតរកវិធីធ្វើយ៉ាងណារកលុយឲ្យបានច្រើនជាងនេះទៀត!
បកមកដល់បច្ចុប្បន្នកាលវិញ ខ្ញុំឥលូវរកលុយបានតែ ៣០០ ដុល្លារក្នុងមួយខែទេ… តែបែរជាខ្ញុំអាចសន្សំទុកជាច្រើនដើម្បីទុកប្រើពេលបន្ទាន់ទៅវិញ។ ទោះប្រាក់ខែឥលូវតិចជាងមុនបីដង តែខ្ញុំបែរជាមានអារម្មណ៍នឹងថ្កល់ ហើយស្ងប់ចិត្តជាងមុន មិនសូវពិបាកចិត្តភ័យរឿងដាច់លុយទៀតនោះទេ។ សួរថា ឲ្យតែយើងធ្លាក់ខ្លួនរកលុយបានតិចជាងមុន ដឹងតែយើងឈប់ភ័យហើយឬ? អត់ទេ!
តែសំណាងដែរ ដោយសារវាសនាចង់ធ្វើការពេញម៉ោងឲ្យវប្បធម៌ ក៏បានបង្ខំចិត្តឲ្យខ្ញុំរស់នៅដោយគ្មានប្រាក់ខែអស់ជាងកន្លះឆ្នាំ ហើយទើបតែប៉ុន្មានខែចុងក្រោយនេះទេ ទើបមានប្រាក់ខែ ៣០០ ដុល្លារវិញ។ ដោយសារហេតុនេះហើយ ធ្វើឲ្យខ្ញុំមានឱកាសរៀនរស់នៅជាមួយលុយតិច ហើយក៏បានរៀនចេះថា ដើម្បីឈប់ភ័យព្រួយរឿងលុយ មិនមែនធ្វើបានដោយខំរកលុយឲ្យបានច្រើនរហូតនោះទេ តែយើងអាចឈប់ភ័យព្រួយរឿងលុយបាន ពេលដែលយើងរៀនចេះសន្សំ និងចាយតិចជាងមុន!
អញ្ចឹង ធ្វើយ៉ាងណាទើបយើងអាចចេះសន្សំ ហើយចាយតិចជាងមុនបាន? នៅក្នុងអត្ថបទនេះ យើងនឹងបង្ហើបគន្លឹះខ្លះៗឲ្យអ្នកអានទាំងអស់គ្នា! តែមុននឹងដល់ពេលរៀនតិចនិចទាំងនោះ គួរយកពេលរៀនពីទស្សនៈទាក់ទងនឹងលុយមួយចំនួន ដែលក្មេងៗវ័យប៉ុនៗយើងតែងយល់ខុសជាមុនសិន។
ទស្សនៈទី ១៖ យើងរស់នៅគឺចាំបាច់ត្រូវមានវត្ថុប្រណីតជាដាច់ខាត (luxury)
ឲ្យតែមានមិត្តភក្តិណាម្នាក់មកសុំយោបល់ខ្ញុំរឿងបញ្ហាលុយកាក់ខ្វះលុយចាយ ខ្ញុំតែងសួរគេសិនថាតើរាល់ថ្ងៃហ្នឹង ចាយអស់ប៉ុន្មាន គ្រាន់តែលើវត្ថុប្រណីត? វត្ថុប្រណីតគឺវត្ថុប្រើប្រាស់ ឬសេវាកម្មដែលមិនមែនសំរាប់ចម្អែតក្រពះយើង មិនមែនសំរាប់ឲ្យយើងមានកន្លែងដេក និងថ្នាំលេបពេលឈឺ!
អ្នកខ្លះថាខ្លួនអត់លុយទិញបាយម្ហូបល្អៗញ៉ាំទេ តែបែរជាយកលុយកាត់វ៉ែនតាម្តងអស់ដល់ទៅ ៨០ដុល្លារ! អ្នកខ្លះស្ត្រេសរឿងលុយ តែមិនដែលហាមាត់បដិសេធទេ ពេលគេហៅទៅផឹកនៅហាង ឬទៅលេងកំពតរាល់ខែម្តងៗនោះ។
តាមពិតទៅ ការចាយវាយលើដំណើរដើរលេងទៅខេត្តផ្សេង ឬទៅស្រុកក្រៅ លើចំណីអាហារ និងភេសជ្ជៈថ្លៃៗ លើខោអាវ និងគ្រឿងតុបតែងលំអរខ្លួន លើសំបុត្រកុន និងសៀវភៅហ្នឹងឯងសុទ្ធតែជាវត្ថុប្រណីតទាំងអស់។ បើគ្មានវា យើងមិនស្លាប់ទេ ក៏មិនដាច់ពោះ មិនហាលថ្ងៃហាលភ្លៀងឈឺនោះទេ!
ដូច្នេះហើយ ដើម្បីអាចចាយវាយតិចជាងមុន ហើយសន្សំបានច្រើនជាងមុននោះ អ្នកត្រូវប្តូរទស្សនៈនេះមុនគេ៖ នោះគឺត្រូវដឹងថា វត្ថុប្រណីតជាវត្ថុដែលយើងចង់បាន មិនមែនជាវត្ថុដែលអ្នកចាំបាច់ត្រូវការនោះទេ។ អ្វីដែលយើងត្រូវការចាំបាច់នោះគឺគ្រាន់តែមានបាយបីពេល មានកន្លែងស្នាក់នៅ និងមានខោអាវធម្មតាគ្របការពារខ្លួននោះទេ!
ទស្សនៈទី ២៖ សេចក្តីសុខគឺបានមកពីវត្ថុប្រណីត
ពួកយើងតែងជឿថា ឲ្យតែបានគេចទៅដើរលេងថៃបួនថ្ងៃហ្នឹងប្រាកដមែននោះ គ្រប់បញ្ហាដែលកំពុងធ្វើឲ្យយើងឈឺក្បាលនឹងរលាយបាត់ទៅ… ហើយពេលដើរលេងចប់ មកដល់ស្រុកវិញ យើងនឹងមានកំលាំងអាចរស់នៅដោយសប្បាយជាងមុនដប់ដងទៀតផង… តែជឿអញ្ចឹងត្រូវអត់?
បើងាកទៅមើលការស្រាវជ្រាវមួយនេះវិញ គេបែរជារកឃើញថា ការរត់គេចវេសពីស្ត្រេស ដោយការដើរលេងនេះមិនសូវជាជួយយើងបានច្រើនប៉ុន្មានទេ។ យ៉ាងច្រើន បើយើងមានសំណាងនោះ គឺវាអាចជួយឲ្យយើងមានអារម្មណ៍រាងសប្បាយបានពីរបីថ្ងៃ ឬពីរបីអាទិត្យក្រោយពេលដើរលេងរួច។ តែបើយើងគ្មានសំណាងវិញនោះ ពេលមកពីដើរលេងវិញ យើងថែមទាំងរឹតតែស្ត្រេសជាងមុនទៀតផង! ដោយសារមានការងារ ឬកិច្ចការសាលាដែលបានគរចោលជាច្រើន ពេលដែលយើងមិននៅហ្នឹងឯង! អ្នកអាចអានស្រាវជ្រាវបន្ថែមទាក់ទងនឹងការស្រាវជ្រាវមួយនេះនៅទីនេះ។
អញ្ចឹង ធ្វើម៉េចទើបយើងពិតជាអាចបំបាត់ស្ត្រេសយើងឲ្យអស់តែម្តងបាន? ដឹងតែមិនមែនដោយការបុករុញឲ្យខ្លួនឯងធ្វើការរកលុយឲ្យបានរឹតតែច្រើនជាងមុន ដើម្បីអាចដើរលេងឲ្យរឹតតែបានញឹកញាប់ជាងមុននោះទេ…. យើងអាចបំបាត់ស្ត្រេសបានដោយព្យាយាមរកតុល្យភាពរវាងការងារនិងការសំរាក ដោយរៀនសំរាកកាយ និងចិត្តឲ្យបានទាំងស្រុងតែម្តងនៅក្រៅម៉ោងធ្វើការនិងម៉ោងរៀន ដោយរកការងារណាមួយដែលយើងពិតជាស្រឡាញ់ចេញពីចិត្តពិតមែន។ (កុំភ័យអី ទៅថ្ងៃមុខ វប្បធម៌នឹងសរសេរអត្ថបទបកស្រាយ និងឲ្យគន្លឹះទាក់ទងនឹងប្រធានបទទាំងអស់នេះទេណា! ស្មេរសន្យា!)
ដូចគ្នានឹងរឿងដើរលេងអញ្ចឹង។ អ្នកខ្លះខំរកលុយ អត់ពេលដេកអត់ពេលពួនទេ គឺដើម្បីយកមកទិញខោអាវបំបាត់ស្ត្រេសនៅថ្ងៃចុងសប្តាហ៍។ សួរថា តើធ្វើអញ្ចឹងពិតជាមានប្រសិទ្ធិភាពមែនឬក៏អត់? ឬក៏គ្រាន់តែពាក់បានប៉ុន្មានដងក្រោយមក យើងត្រឡប់ទៅមានស្ត្រេស ត្រឡប់ទៅពិបាកចិត្តដដែល ហើយធ្វើឲ្យយើងទៅចុចមើលអុីនស្ត្រាក្រាមរបស់ហាងហ្នឹងដើម្បីរកខោអាវថ្មីដដែលទេ?
មនុស្សយើងម្នាក់ៗតែងរត់គេចពីបញ្ហារបស់ខ្លួនដោយវត្ថុប្រណីតខុសៗគ្នា អ្នកខ្លះទៅដើរលេងស្រុកក្រៅ ខ្លះទៀតទិញអាវ ទិញឡាន ឬទៅញ៉ាំម្ហូបថ្លៃៗ… តែមិនថាវត្ថុប្រណីតរបៀបណាទេ ក៏មិនអាចធ្វើឲ្យយើងសប្បាយចិត្តបានរហូតដែរ។ មិនយូរមិនឆាប់ វានឹងអស់ប្រសិទ្ធិភាព ហើយយើងនឹងមានសម្ពាធដើម្បីរត់ទៅរកវត្ថុថ្មីៗ វត្ថុថ្លៃៗជាងមុនទៅទៀត ដើម្បីរត់គេចពីបញ្ហាយើងដដែល។
សាកសង្កេតមើលខ្លួនឯង និងអ្នកជុំវិញខ្លួនអ្នកទៅនឹងឃើញហើយ… ការរកលុយបន្ថែមពីក្រៅដើម្បីមកចាយវាយខ្ជះខ្ជាយលើវត្ថុប្រណីតនោះ មិនអាចនាំមកនូវសេចក្តីសុខបានរហូតទេ។ ទាល់តែយើងឈប់រត់គេចពីបញ្ហាខ្លួន ទាល់តែយើងទុកពេលឲ្យខ្លួនយើង និងចិត្តយើងសំរាក ហើយយកពេលនោះមករកមើលវត្ថុដែលអាចនាំឲ្យយើងមានសេចក្តីសុខពិតប្រាកដយូរអង្វែងទើបបាន!
បើមិនមែនទូរសព្ទថ្មី បើមិនមែនការដើរលេងស្រុកគេ តើអ្វីទៅដែលអាចនាំសេចក្តីសុខពិតប្រាកដឲ្យយើងនោះ? សំណួរនេះជាសំណួរដែលមនុស្សគ្រប់គ្នាតែងសួរខ្លួនឯង ហើយមិនដែលមាននរណាមានចំលើយច្បាស់លាស់នោះទេ។ តែសាសនាធំៗជាច្រើននៅលើលោក ក៏ដូចជាទស្សនៈវិទូចាស់ក្មេង និងសូម្បីតែការស្រាវជ្រាវពីអ្នកវិទ្យាសាស្ត្រប៉ុន្មានសិបឆ្នាំចុងក្រោយមកនេះ បានឲ្យដឹងថា សេចក្តីសុខគឺមានប្រភពច្រើនណាស់!
មនុស្សយើងតែងមានសេចក្តីសុខពិតប្រាកដ ពេលដែលយើងធ្វើការងារមួយដែលយើងស្រឡាញ់ ពេលដែលយើងមានសហគមន៍និងមានមនុស្សមួយក្រុមដែលយល់ចិត្ត ក៏ដូចជាស្រឡាញ់មើលថែយើង ពេលដែលយើងមានលុយល្មមអាចញ៉ាំ ដេក និងផឹកទឹកបានគ្រប់គ្រាន់ ពេលដែលយើងយោគយល់ និងស្រឡាញ់ខ្លួនឯង ពេលដែលយើងមានមិត្តភក្តិល្អៗ ហើយពេលដែលយើងចេះថ្លែងអំណរគុណដល់អ្វីគ្រប់យ៉ាងដែលយើងមានជាដើម!
ប្រភពនៃសេចក្តីសុខទាំងនេះគឺយើងទាំងអស់គ្នាអាចរកបាន ដោយមិនបាច់ចំណាយលុយច្រើនទេ ហើយភាគច្រើនទោះយើងមានលុយក៏មិនអាចទិញបានផង!
ដោយសារហេតុនេះហើយ បានជាយើងឃើញមានអ្នកខ្លះ ទោះគាត់មានលុយរាប់ម៉ឺនដុល្លារជាប់ខ្លួនក៏ដោយ តែគាត់អត់មានមិត្តភក្តិដែលពិតជាអាណិតស្រឡាញ់គាត់នោះទេ គាត់ធ្វើការងារដែលគ្មានន័យសំរាប់គាត់ ហើយគាត់នៅមិនទាន់ចេះស្រឡាញ់ខ្លួននិងស្រឡាញ់ពិភពលោកនោះទេ… អញ្ចឹង ទោះគាត់មានលុយរាប់ម៉ឺនក៏ពិតមែន តែគាត់ក៏នៅតែមានអារម្មណ៍បាក់ទឹកចិត្ត មានអារម្មណ៍ថាខ្លួនអត់តម្លៃ ហើយអាចនឹងដល់ថ្នាក់ចង់សំលាប់ខ្លួនម្តងម្កាលទៀតផង!
ខ្ញុំចាំថា មួយរយៈពេលដែលខ្ញុំនៅធ្វើការរកលុយបានច្រើននោះ ខ្ញុំមានស្ត្រេសមិនតិចទេ ព្រោះត្រូវធ្វើការ ត្រូវទៅរៀន ទៅធ្វើការងារស្ម័គ្រចិត្ត ហើយនៅឆ្លៀតយកពេលនៅជាមួយមិត្តភក្តិ និងក្រុមគ្រួសារទៀតផង! ទោះជារកលុយបានជាងមួយពាន់ក៏ពិតមែន តែក៏ចាយជាងមួយពាន់ទៅវិញដែរ ដោយសារពេលនោះ ខ្ញុំឧស្សាហ៍ចេញញ៉ាំ ចេញផឹក និងទៅដើរលេងខេត្តផ្សេងៗជារៀងរាល់ខែដើម្បីរត់គេចពីស្ត្រេសនៃជីវិតខ្ញុំនោះឯង!
ថ្ងៃមួយ ស្រាប់តែភ្ញាក់ខ្លួន សំរេចចិត្តថាឈប់ចង់រស់នៅជីវិតមួយដែលចាំបាច់ត្រូវរត់គេចពីវារាល់ល្ងាច រាល់សៅរិ៍អាទិត្យអញ្ចឹងទៀតហើយ! ជាជាងព្យាយាមធ្វើការច្រើនដើម្បីរកលុយកាត់ស្ត្រេស ខ្ញុំសំរេចចិត្តឈប់ធ្វើការច្រើនពេក ហើយយកពេលនោះដើម្បីមកកែប្រែការរស់នៅរបស់ខ្ញុំ ធ្វើយ៉ាងណាកុំឲ្យបង្កើតស្ត្រេសច្រើនពេកទៅវិញទេ!
កាលពីប្រហែលជាមួយឆ្នាំមុន ពេលដែលចប់មហាវិទ្យាល័យភ្លាម ខ្ញុំក៏បានឈប់ធ្វើការក្រៅម៉ោង ដើម្បីផ្ចង់អារម្មណ៍លើវប្បធម៌សុទ្ធតែម្តង។ បច្ចុប្បន្ននេះ ខ្ញុំធ្វើការ ៧ ម៉ោងក្នុងមួយថ្ងៃ ប្រាំថ្ងៃក្នុងមួយអាទិត្យ ហើយធ្វើលើការងារដែលខ្ញុំស្រឡាញ់ចូលចិត្ត! ទោះជារកលុយបានតិចជាងមុនក្តី តែពេលរៀនចេះសន្សំ ចេះចាយតិចជាងមុនទៅ ខ្ញុំមិនដែលស្ត្រេសពិបាកចិត្តដោយសារចង់រកលុយបន្ថែមនោះទេ។ ពេលវេលា និងកំលាំងដែលនៅសល់នោះ ខ្ញុំយកមកពង្រឹងមិត្តភាពខ្ញុំ យកមកហាត់ចិត្តហាត់ប្រាណឲ្យមានសុខភាពល្អជាងមុន យកមកដោះស្រាយបញ្ហាផ្លូវចិត្តផ្សេងៗ ហើយចុងក្រោយបំផុត គឺទុកយកមកដេកថ្ងៃ! ហេហេ
ពេលអត់ត្រូវការរវល់ច្រើនពេក មានពេលដោះស្រាយបញ្ហាការងារ មិត្តភក្តិ និងបញ្ហាផ្ទាល់ខ្លួនដូចនេះហើយ ទើបធ្វើឲ្យខ្ញុំសប្បាយចិត្តនឹងជីវិតនេះជាងមុន! មិនបាច់ត្រូវការមានស្បែកជើងថ្លៃ ឬរត់ទៅនៅស្រុកគេពីរបីថ្ងៃទៀតទេ! រស់នៅតែក្នុងពេលបច្ចុប្បន្នហ្នឹងទៅបានហើយ រស់នៅតែលើទឹកដីនេះទៅគ្រប់ហើយ។
តែទំរាំបានមកដល់កំរិតនេះ វាជាង ២ ឆ្នាំទៅហើយតាំងពីខ្ញុំភ្ញាក់ខ្លួនហើយសំរេចចិត្តដំបូងនោះ! តែកុំគិតថាហួសពេលនោះ! ងាកមើលអ្នកជុំវិញខ្លួនដែលនៅជាប់ក្នុងអន្ទាក់ហ្នឹងដោះមិនចេះទៅមើល… យើងដឹងខ្លួនពេលណា ចាប់ផ្តើមព្យាយាមដកខ្លួនពេលហ្នឹងគឺល្អបំផុតហើយ!
ទស្សនៈទី ៣៖ ខ្ញុំត្រូវចាំបាច់ទិញវត្ថុប្រណីតមុនគេ!
ដោយសារជឿលើទស្សនៈទីមួយ និងទីពីរ ទើបក្មេងៗគ្នាយើងខ្លះជឿថា បានលុយមកភ្លាម គឺត្រូវចាយលើវត្ថុប្រណីតឲ្យបានមុនគេ! តែតាមពិតទៅ វិធីល្អបំផុតគឺ ពេលបើកលុយមកភ្លាម គួរចាយលើវត្ថុមូលដ្ឋានជាមុនសិន (នោះគឺបាយបីពេលមួយថ្ងៃ មានផ្ទះស្នាក់នៅ ទឹកស្អាតសំរាប់ផឹក និងលុយសំរាប់រៀន)។ មនុស្សយើងតាមពិតមិនត្រូវការច្រើននោះទេ… ឲ្យតែញ៉ាំបាយបានបីដងទៀងទាត់ ឲ្យតែមានផ្ទះជ្រក ដេកបានគ្រប់គ្រាន់ មានទឹកស្អាតផឹក និងមានពេលសំរាកនោះ គឺគ្រាន់នឹងឲ្យយើងមានសុខភាពផ្លូវកាយ និងផ្លូវចិត្តល្អបាត់ទៅហើយ!
អូខេ! ក្រោយពេលទុកលុយសំរាប់ចាយលើវត្ថុមូលដ្ឋានខាងលើហើយ សល់លុយប៉ុន្មានកុំទាន់អាលទៅបាចចោលទិញនេះទិញនោះតាមចិត្ត តែត្រូវដាក់សន្សំសិន! ល្អបំផុតគឺគួរដាក់ពី 20% – 30% ទុកដើម្បីសន្សំ! យើងភាគច្រើនឲ្យតែបង់ថ្លៃផ្ទះ បង់ទឹកបង់ភ្លើងហើយៗ សល់ប៉ុន្មានគឺសប្បាយចាយលើវត្ថុប្រណីតភ្លាម! អញ្ចឹងទើបយើងមិនសូវមានលុយសល់នោះ!
ដូច្នេះហើយត្រូវចាំថា ពេលរកលុយបានមក (ឬម៉ែឪបើករបបឲ្យមក) ដំបូងគឺយកទៅបង់ថ្លៃផ្ទះ ឬទិញម្ហូប (ថោកៗ) ជាមុនសិន។ បន្ទាប់មកយក 30% ទៅសន្សំទុក ហើយនៅសល់ប៉ុន្មានសឹមចាយជះលុយតាមចិត្តបាន!
ក្រោយពេលយើងបានរៀនកែតម្រូវទស្សនៈហើយអស់ហើយ តោះចាប់ផ្តើមរៀនកាត់បន្ថយចំណាយយើងទាំងអស់គ្នាដោយជំហានទាំងបីខាងក្រោមនេះ!
ជំហានទី ១៖ បង្កើតគំរោងថវិកា
មុននឹងចង់ដោះស្រាយបញ្ហាណាមួយបានសម្រេច ទាល់តែយើងដឹងថាបញ្ហាហ្នឹងធំប៉ុណ្ណា ហើយមានរូបរាងយ៉ាងណាឲ្យប្រាកដសិន។ ដូចគ្នាផងដែរ មុននឹងដោះស្រាយទំលាប់ចាយអាក្រក់របស់យើង ទាល់តែយើងដឹងជាមុនសិនថា រាល់ថ្ងៃយើងចំណាយប៉ុណ្ណា ហើយចំណាយលើអីខ្លះ!
ដូច្នេះ សំរាប់អ្នកដែលមិនទាន់ដឹងច្បាស់ពីស្ថានភាពខ្លួនឯងនោះ អាចចាប់ផ្តើមព្យាយាមកត់ត្រា តាមដានចំណាយប្រចាំថ្ងៃរបស់ខ្លួនឲ្យបានពីរបីអាទិត្យ ឬមួយខែពេញតែម្តងរឹតតែល្អ!
ពេលតាមដានចប់ហើយ នោះយើងនឹងដឹងហើយថាយើងចាយលើអ្វីខ្លះ តើអស់ប៉ុន្មានម៉ឺនលើម្ហូបអាហារ? លើសៀវភៅ? សំបុត្រកុន? លើឡានម៉ូតូ?
អត្ថបទនេះគឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវ៉ិបសាយផ្តោតលើចំណេះដឹងចិត្តវិទ្យា សិល្បៈ និងការអភិវឌ្ឍន៍ខ្លួន
ប៉ុណ្ណឹងមិនទាន់អស់ទេណា! បើចង់អានអត្ថបទនេះឲ្យដល់ចប់ សូមចុចលើទីនេះ ដើម្បីអានបញ្ចប់នៅ វ៉ិបសាយវប្បធម៌ wapatoa.com!