ធ្វើយ៉ាងណារឿងបណ្តាញសង្គម?
- 2019-07-01 06:49:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើយ៉ាងណារឿងបណ្តាញសង្គម?
ចន្លោះមិនឃើញ
អត្ថបទនេះជាផ្នែកមួយនៃ គម្រោងអុីនធឺណែត ដែលជាក្រុមអត្ថបទមួយក្រុម ដែលយើងព្យាយាមស្វែងយល់ពីឥទ្ធពលរបស់ អុីនធឺណែតមកលើផ្នែកផ្សេងៗនៃជីវិតរបស់យើង
តើអ្នកដឹងទេថា នៅឆ្នាំ ២០១៧ ក្រុម Geeks in Cambodia បានរាយការណ៍ថា ៣២% នៃប្រជាជនខ្មែរទាំងអស់លេងហ្វេសប៊ុក? ៣២% ហ្នឹងស្មើមនុស្សជាង ៤,៨ លាននាក់ កំពុងតែអូសលើទូរសព្ទគេ កំពុងបង្ហោះរូបស៊ែលហ្វ៊ីព្រិលៗ និងតាមដានអ្នកដែលខ្លួនលួចស្រឡាញ់តាមហ្វេសប៊ុកនោះឯង! អ្នកខ្លះក៏ថែមទាំងប្រទះជួបអត្ថបទនេះផ្ទាល់តាមហ្វេសប៊ុកផងក៏មាន! ម៉្យាងវិញទៀត សម័យនេះ បើយើងសួរគេថា គេលេងហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងមួយថ្ងៃប៉ុន្មានម៉ោងនោះ វាដូចជាស្តាប់ទៅរាងឈ្លើយ… តែនៅក្នុងគម្រោងអុីនធឺណែតនេះ យើងត្រូវតែនិយាយពីបណ្តាញសង្គមដោយខានមិនបាន។ ហេតុអី? ក៏ដោយសារអីលូវនរណាក៏លេងវាដែរ។ ចង់បានពត៌មាន? ហ្វេសប៊ុក។ ចង់ទាក់ទងទៅគេផ្សេង? ហ្វេសប៊ុក។ ចង់រកសង្សា? មានកន្លែងណាក្រៅពីហ្វេសប៊ុក! អីលូវតោះ សាកមើលៗ ថាតើបណ្តាញសង្គមផ្សេងៗ ដូចជាហ្វេសប៊ុក យូធូប (YouTube) អុីនស្តាក្រាម (Instagram) និងស្នេបឆាត (Snapchat) ជាដើមមានឥទ្ធពលអ្វីខ្លះមកលើពួកយើង។
យើងភាគច្រើន រាងមានអារម្មណ៍ថា បណ្តាញសង្គមទាំងអស់ហ្នឹងធ្វើឲ្យយើងមិនសូវសប្បាយចិត្តទេ។ តែអារម្មណ៍នេះ ដូចជាផ្សែងចង្ក្រានដែលហោះ ហើយអណ្តែតក្នុងខ្យល់បាត់អញ្ចឹង។ យើងមិនដែលយកពេល យកវេលា ទៅពិនិត្យឲ្យជាក់លាក់រកមូលហេតុនោះឡើយ។ ផ្សែងបន្តអណ្តែតរសាត់ ហើយយើងនៅតែបន្តលេង បន្តអូសលើហ្វេសប៊ុកចង់រាប់គីឡូ ដើម្បីមើលថាតើមិត្តភក្តិ និងមនុស្សដែលយើងមិនសូវស្គាល់ជាង ១០០០ នាក់ផ្សេងទៀតកំពុងធ្វើអ្វី កំពុងគិតធ្វី។ អីលូវដល់ពេលជាន់ហ្វ្រាំងបន្តិច ចាប់ច្រកផ្សែងនោះដាក់ថង់ខ្លះ ហើយយកវាទៅពិសោធន៍។ គ្រាន់តែហិតបន្តិច ក៏ដឹងថានេះហើយជាឥទ្ធពលអាក្រក់របស់បណ្តាញសង្គមមកលើជីវិតរបស់យើង៖
១. វាស៊ីម៉ោងយើងច្រើនគ្រាន់បើ
ពេលដែលតំណដែលអ្នកចុចលើហ្វេសប៊ុកកំពុងដើរ ហើយអ្នកមានពេលប៉ុន្មានវិនាទី ដើម្បីសញ្ជឹងគិតពីជីវិតអ្នក ក៏រកឃើញថា អង្គុយចុចតំណឥតប្រយោជន៍អញ្ចឹង ខាតពេលអ្នកច្រើនណាស់។ តែពេលដែលតំណដើរ ហើយវីដេអូចាប់ផ្តើមលេងនោះ អ្នកក៏ឈប់គិត ឈប់ខ្វល់ ត្រូវមន្តស្នេហ៍ហ្វេសប៊ុកបន្តទៀត។ តែមែនទែនទៅ តើយើងចំណាយពេលប៉ុន្មាននៅលើកម្មវិធីទាំងនេះ? ច្បាស់ណាស់ យើងម្នាក់ៗចំណាយរយៈពេលខុសៗគ្នាសម្រាប់បណ្តាញសង្គម។ តែគេធ្លាប់បានធ្វើការស្ទង់មតិមួយ ដែលរៀបចំដោយ Common Sense Media ហើយបានរកឃើញថា នៅប្រទេសអាមេរិក ពួកក្មេងជំទង់ ជាធម្មតា ចំណាយពេលជាង ៨ ម៉ោងក្នុងមួយថ្ងៃ ដើម្បីលេងបណ្តាញសង្គម។ ហ្នឹងឯង… ៨ ម៉ោងក្នុងមួយថ្ងៃ នេះច្រើនជាងពេលដែលពួកគេទៅសាលា ច្រើនជាងពេលដែលពួកគេ ដេក ឬ និយាយលេងជាមួយឪពុកម្តាយ និងមិត្តភក្តិទៅទៀត! តែនេះក៏មិនមែនបានន័យថា យើងគ្រប់គ្នាសុទ្ធតែដូចពួកក្មេងជំទងនេះទេ។ គេបានធ្វើការស្ទង់មតិមួយទៀត ហើយបានរកឃើញថា មនុស្សយើងធម្មតាលេងបណ្តាញសង្គមប្រហែលជា ២ ម៉ោងក្នុងមួយថ្ងៃ។ ប្រសិនបើអ្នកគិតថា ២ ម៉ោងមិនច្រើននោះ អ្នកត្រូវដឹងថា វាច្រើនជាងពេលដែលយើងញ៉ាំអាហារ និងនិយាយលេងជាមួយអ្នកផ្សេងក្នុងមួយថ្ងៃទៀត។
បើសន្មត់ថាយើងអាចរស់នៅបាន ៧២ ឆ្នាំ ហើយយើងលេងបណ្តាញសង្គម ២ ម៉ោងក្នុងមួយថ្ងៃនោះ រាប់ដល់ថ្ងៃស្លាប់ យើងចំណាយពេលអស់ជាង ៥ ឆ្នាំ ៤ ខែទៅលើវ៉ិបសាយទាំងនោះមិនខាន។ បើយកពេល ៥ ឆ្នាំ នោះមកធ្វើអ្វីផ្សេងវិញ អ្នកអាចបង្វឹកខ្លួនឲ្យរត់ម៉ារា៉តុង ១០គីឡូបាន ឬក៏អាចឡើងភ្នំ អេវ៉េរ៉េស (Everest)… បានដល់ទៅ ៣២ ដងឯណោះ!
២. អ្នកជាទំនិញ
ចាំអត់ពេលអ្នកទើបចាប់ផ្តើមបង្កើតគណនីហ្វេសប៊ុកដំបូង? ខ្ញុំចាំច្បាស់ណាស់! ពេលនោះខ្ញុំអាយុប្រហែល ១៥ ឆ្នាំ ហើយឆ្ងល់យ៉ាងខ្លាំងថាតើ ហេតុអ្វីបានជាវ៉ិបសាយដ៏ស្រួលប្រើ និងល្អអស្ចារ្យនេះមិនត្រូវការឲ្យយើងបង់ប្រាក់អញ្ចឹង? ទើបតែថ្មីៗនេះទេ ទើបខ្ញុំដឹងថាហេតុអីបានជាវាមិនគិតថ្លៃ។ មូលហេតុ គឺដូចអ្វីដែលលោក អេនឌ្រូ លូវីស (Andrew Lewis) និយាយអញ្ចឹង៖ «ប្រសិនបើអ្នកបានអ្វីដោយមិនគិតថ្លៃនោះ អ្នកមិនមែនជាអតិថិជនទេ អ្នកគឺជាទំនិញដែលគេកំពុងដាក់លក់ហើយ។»
គ្រាន់តែក្នុងឆ្នាំ ២០១៧ តែប៉ុណ្ណោះ ហ្គូហ្គល (Google) រកចំណូលបាន ៩៥ ពាន់លានដុល្លារ (ដែលចំណូលសរុបគឺ ១១០ ពាន់លាន) ពីការផ្សាយពាណិជ្ជកម្ម។ ដូចគ្នាផងដែរ ហ្វេសប៊ុក រកចំណូលបាន ៤០.៦ ពាន់លានដុល្លារ ដែលស្មើនឹង ៩៨% នៃចំណូលសរុបរបស់ខ្លួនក្នុងឆ្នាំដដែល ដោយការផ្សាយពាណិជ្ជកម្ម។ តើផ្សាយពាណិជ្ជកម្មដូចម្តេចទៅ? ក្រុមហ៊ុនទាំងនេះប្រមូលទិន្នន័យរបស់អ្នក និងការប្រើប្រាស់របស់អ្នក បន្ទាប់មកលក់វាឲ្យទៅក្រុមហ៊ុន ដែលគេប្រុងផ្សាយពាណិជ្ជកម្មទំនិញគេមកកាន់អ្នក។ ដូចលើហ្វេសប៊ុកអញ្ចឹង យើងកំពុងមើលវីដេអូឆ្កែរាំសុខៗ ក៏មានទំព័រមួយលោតមក ដែលលក់ខោអាវឆ្កែដែលចម្លែក តែស្អាតៗភ្លាម។
គិតថាវាចេះតែលោតមកដោយចៃដន្យឬ? ទេ…
គ្រប់សកម្មភាពដែលអ្នកធ្វើ គ្រប់ទំព័រដែលអ្នកចូលចិត្ត (like) គ្រប់មតិដែលអ្នកបានវាយ រូប និង ប្រយោគ (status) ដែលអ្នកបង្ហោះ ទោះជាអ្វីដែលអ្នកវាយហើយ មិនដាច់ចិត្តបង្ហោះក៏ដោយ ហ្វេសប៊ុកដឹង និងកត់ត្រាទុកទាំងអស់។
ដោយសារតែអ្នកជាទំនិញរបស់ហ្វេសប៊ុកនោះហើយ ទើបគេធ្វើយ៉ាងណាទាក់ឲ្យអ្នកស្លុងអារម្មណ៍ ស្លុងប្រាណនៅក្នុងកម្មវិធីនេះ ដកខ្លួនមិនរួច។ កុំចង់ស្រម៉ៃថាមានពេលទៅឡើងភ្នំអេវ៉េរ៉េសបាន ៣២ ដងអីនោះ គេបានវាយខ្នោះអ្នករួចហើយ រើមិនរួចទេ។
ដោយសារធម្មតា មនុស្សយើងមិនអាចយកចិត្តទុកដាក់លើអ្វីគ្រប់យ៉ាងនោះទេ។ អញ្ចឹងហើយបានជាក្រុមហ៊ុនឌីជីថលធំៗនេះ ព្យាយាមរកវិធីជាច្រើនដើម្បីធ្វើយ៉ាងណាឲ្យយើងយកចិត្តទុកដាក់តែលើពួកគេប៉ុណ្ណោះ។ ពេលដែលប៉ុស្តិ៍ CBS News សម្ភាសន៍លោក ទ្រឹស្តាន ហារីស (Tristan Harris) ដែលធ្លាប់ធ្វើការជាអ្នកគ្រប់គ្រងផលិតផលនៅហ្គូហ្គល (Google) គាត់បានបង្ហាញពីទម្រង់ហ្គេមចាក់ឆ្នោត (slot machine) ដែលក្រុមហ៊ុនទាំងនេះប្រើ ក្នុងការច្នៃម៉ូដកម្មវិធីរបស់ពួកគេ។ និយាយទៅគឺ ពេលយើងលេងបណ្តាញសង្គមទាំងនេះ វាហាក់ដូចជាលេងហ្គេមអញ្ចឹងចាក់ឆ្នោតអញ្ចឹង។ ពេលយើងចាក់ឆ្នោត ពេលខ្លះឈ្នះ ពេលខ្លះចាញ់ ដែលជាហេតុនាំឲ្យយើងចង់លេងម្តងហើយម្តងទៀត ដោយគិតថា ម្តងហ្នឹងហើយជាពេលដែលអញឈ្នះ!
ដូចគ្នាដែរ ពេលយើងបើកហ្វេសប៊ុកម្តងៗ ពេលខ្លះអត់មានសារ អត់មាន notification អីទេ។ តែពេលខ្លះបើកមកមានសារពីរបី ចាំយើងឆ្លើយតប។ នេះហើយនាំឲ្យយើងញៀន ចង់បើកវាជានិច្ចឲ្យតែទំនេរ ដោយគិតថា បើកម្តងនេះមានអ្នកផ្ញើរសារ ឬមតិមកហើយ!
មិនត្រឹមតែប៉ុណ្ណេះទេ គេមានល្បិចឆ្លាតៗ ថ្មីៗជាច្រើនដើម្បីធ្វើយ៉ាងណាឲ្យយើងញៀននឹងកម្មវិធីគេ ឲ្យយើងបន្តធ្វើជាផលិតផលរបស់គេ។ ឧទាហរណ៍ដូចពេលហ្វេសប៊ុក បង្កើតមុខងារអានភ្លាម (instant read) ដែលគេបើកលុយឲ្យម្ចាស់ទំព័រហ្វេសប៊ុកផ្សេងៗ ដើម្បីឲ្យអ្នកអាន អានអត្ថបទនៅក្នុងហ្វេសប៊ុកតែម្តង កុំឲ្យចុចចេញទៅវ៉ិបសាយខាងក្រៅ ព្រោះបើយើងចេញទៅខាងក្រៅ ចេះតែមានគំនិតបែកឆ្វេង ទៅមើលវ៉ិបសាយផ្សេងៗ។ ចំណែក ស្នេបឆាត (Snapchat) វិញ គេមានមុខងារថ្មី ដែលតម្រូវឲ្យយើងផ្ញើរសារទៅមនុស្សម្នាក់ទៀតជារៀងរាល់ថ្ងៃ ឲ្យខានមិនបាន។ ធ្វើអញ្ចឹងធ្វើអី? គឺដើម្បីឲ្យយើងបន្តលេងវាជារៀងរាល់ថ្ងៃនោះអី! យូធូប (YouTube) វិញអាចបន្តលេងវីដេអូដោយមិនបាច់ឲ្យយើងចុច ហើយអាចទាយដឹងថា វីដេអូរបៀបណាដែលយើងចូលចិត្តទៀត។ ហេតុអី? ឲ្យយើងបន្តមើល ហើយមើល ហើយមើល មិនដកភ្នែកនោះឯង!
៣. ប្រើបណ្តាញសង្គមដោយមិនចេះឈប់សម្រាក អាចកាត់បន្ថយសមត្ថភាពក្នុងការយកចិត្តទុកដាក់របស់អ្នក
ដោយសារតែខួរក្បាលរបស់យើងផ្លាស់ប្តូរតាមសកម្មភាពរបស់យើង ពេលដែលអ្នករឹតតែធ្វើអ្វីមួយច្រើនដង នោះយើងនឹងញ៉ាមវាទៅៗ។ (អានបន្ថែមពីភាពងាយសូននៃខួរក្បាល និងធ្វើយ៉ាងណាសូនវាឲ្យល្អនៅទីនេះ) អ្នកឆែកមើលគ្រប់សារ និង notification ចុចឲ្យវាលោតចេញពត៌មានថ្មី ឃើញថាវានៅតែដដែល ហើយក៏តាំងចិត្តថា ឈប់លេងហើយ គួរយកសៀវភៅមកអានវិញ។ តែមិនទាន់ដល់បាន ៥ នាទីផង ក៏ទៅបើកសោរទូរសព្ទ ចុចឆែកមើលសារ ហើយចុចឲ្យវាលោតចេញពត៌មានថ្មីដដែល។ ហេតុអ្វីបានជារឿងនេះកើតឡើងដោយឯកឯង ដោយយើងមិនបានទាំងគិតថាធ្វើផងអញ្ចឹង? នោះក៏ដោយសារ យើងបានលេងហ្វេសប៊ុកជាយូរម៉ោងណាស់មកហើយមួយជីវិតនេះ ដែលជាហេតុឲ្យខួរក្បាលយើង វាស៊ាំនឹងសកម្មភាពមួយនេះ ហាក់ដូចជាទម្លាប់ ដែលយើងធ្វើដោយមិនបាច់គិតអញ្ចឹង។!
៤. បណ្តាញសង្គមអាចជម្រុញឲ្យមានអារម្មណ៍មិនល្អជាច្រើន
គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ដោយសារយើងសុទ្ធតែធ្លាប់ហើយ… អ្នកណាដែលមិនដែលមានអារម្មណ៍ច្រណែនគេ ពេលឃើញពួកម៉ាកខ្លួនថតបង្ហោះថាទៅដើរលេងស្រុកក្រៅ។ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ បណ្តាញសង្គមអាចជាកន្លែង ដែលនាំមកនូវអារម្មណ៍មិនល្អជាច្រើនទៀតក្រៅពីភាពច្រណែនគេនោះ។
– ក្តីច្រណែន
បើយោងទៅតាមការពិសោធន៍មួយធ្វើឡើងដោយ អ្នកនាង ហាណា ក្រាស្នូវ៉ា (Hanna Krasnova) និងក្រុមការងាររបស់គាត់នៅឆ្នាំ ២០១៣ វិញ ពេលយើងលេងបណ្តាញសង្គមដោយអសកម្ម ឧទាហរណ៍ដូចពេលយើងតាមដានមើលសកម្មភាពរបស់គេនោះ វាអាចធ្វើឲ្យយើងច្រណែនឈ្នានីសគេបាន ហើយនាំឲ្យយើងមិនសប្បាយចិត្តនឹងជីវិតរបស់យើងផងដែរ។ ហេតុអ្វី? ដោយសារ នៅក្នុងបណ្តាញសង្គម សម្បូរពត៌មានជីវិតរបស់អ្នកដែលយើងស្គាល់ណាស់ ពេលខ្លះគឺច្រើនពេកផង។ ដូចជាពេលដែលបងប្អូនជីទួតមួយរបស់អ្នក ដែលខានឃើញមុខគ្នាជាង ១០ ឆ្នាំហើយ បង្ហោះថាគាត់នឹងទៅរៀនធ្វើម្ហូបឥណ្ឌានៅម៉ោង ៩ ព្រឹកថ្ងៃស្អែកជាដើម។ តើអ្នកចាំបាច់ត្រូវដឹងពត៌មាននេះទេ? មិនទេមើលទៅ…
ដោយសារបណ្តាញសង្គមសម្បូរពត៌មានផ្ទាល់ខ្លួនច្រើនដូចនេះហើយ ហើយធ្វើឲ្យយើងប្រៀបធៀបខ្លួនជាមួយគេផ្សេង។ អ្នកប្រហែលជាមិនដែលចូលចិត្តធ្វើម្ហូបនោះទេ តែដល់ឃើញថាគាត់កំពុងរៀនធ្វើម្ហូបឥណ្ឌា ក៏បែកគំនិត ឆ្លិចសួរខ្លួនថាតើហេតុអ្វីបានជាខ្លួនមិនរៀនដែរ? ម៉េចបានជាចេះតែចៀនពងទា? ពេលណាទើបរៀនចេញធ្វើសម្លម្ជូរនឹងគេ? មើលទៅ! គាត់នេះគេរៀនដល់ទៅម្ហូបឥណ្ឌាទៀតផង។ ជីវិតគាត់ដូចអស្ចារ្យជាងជីវិតយើង។
មិនត្រឹមតែប៉ុណ្ណោះ មនុស្សចូលចិត្តបង្អួត ឬពន្លើសភាពជោគជ័យរបស់ខ្លួននៅលើបណ្តាញសង្គមទៀតផង។ គេបង្អួត យើងបង្អួតបន្ថែម គេដាក់ពីលើហ្នឹងទៀត។ គ្មានថ្ងៃចប់ គ្មានថ្ងៃហើយទេ។ ចុងក្រោយគឺមានតែយើងទាំងពីរច្រណែនគ្នា ហើយមិនសប្បាយចិត្តនឹងជីវិតរៀងៗខ្លួនតែប៉ុណ្ណោះ។
– នឿយហត់នឹងមនុស្ស
នៅឆ្នាំ ២០១២ លោក គ្រីស្ទាន ម៉េយឺ និងក្រុមការងារគាត់ បានធ្វើការពិសោធន៍មួយ ដើម្បីរកឲ្យឃើញថាតើហេតុអ្វីបានជាពេលលេងបណ្តាញសង្គមយូរៗទៅ មនុស្សតែងរអ៊ូថាហត់ដូចនេះ ព្រោះបើតាមទ្រឹស្តី យើងគួរតែមានចិត្តសប្បាយៗរហូត។ ខ្ញុំជឿថា អ្នកក៏ធ្លាប់មានអារម្មណ៍ដូច្នេះដែរ។ ពេលដែលអង្គុយចុចយូរៗទៅ ចាប់ផ្តើមស្រម៉ៃថាខ្លួនកំពុងដើរសមាធិលើភ្នំ ដោយមានតែសត្វពពែមួយជាមិត្តរួមដំណើរ ហើយមិនចាំបាច់ត្រូវនិយាយ ឬសួរសុខទុក្ខនរណាទៀតនោះទេ! តាមពិតទៅ មនុស្សភាគច្រើនធ្លាប់គិតអញ្ចឹងដែរ។ ការពិសោធន៍ដដែលនេះ ក៏បានរកឃើញថា យើងនឿយហត់នេះ មិនមែនហត់ខ្លួនទេ តែគឺហត់ចិត្ត ដោយសារយើងមានអារម្មណ៍ថា មនុស្សផ្សេងៗត្រូវការអ្វីច្រើនពេកពីយើង។ កាលពីជំនាន់មុន ទាល់តែយើងមកនៅទីក្រុងដែលមានមនុស្សច្រើន ហើយផ្ទះញឺកជាប់ៗគ្នា ទើបយើងចាប់ផ្តើមហត់នឿយដោយសារមនុស្ស។
អត្ថបទនេះគឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវ៉ិបសាយផ្តោតលើចំណេះដឹងចិត្តវិទ្យា សិល្បៈ និងការអភិវឌ្ឍន៍ខ្លួន
ប៉ុណ្ណឹងមិនទាន់អស់ទេណា! បើចង់អានអត្ថបទនេះឲ្យដល់ចប់ សូមចុចលើទីនេះ ដើម្បីអានបញ្ចប់នៅ វ៉ិបសាយវប្បធម៌ wapatoa.com!