ស្ដាប់​បទ​ពិសោធន៍​បុរស​ ធ្វើបាប​មិត្តភ័ក្ដិ​មាន​ប្រពន្ធ​ ឲ្យខឹងគ្នា

  • 2019-07-10 04:44:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្តភ័ក្ដិ​ប្រុសៗ​​ដែល​ធ្លាប់​តែ​លេង​សើច​ជាមួយ​គ្នា ប៉ុន្តែ​នៅ​ពេល​មាន​ប្រពន្ធ​រៀងៗខ្លួន ហើយ​មាន​មិត្តភ័ក្ដិ​មួយ​ចំនួន​នៅ​មិនទាន់​រៀប​ការ​​ តែង​តែ​ធ្វើ​បាប​មិត្តភ័ក្ដិ​ដែល​មាន​ប្រពន្ធ​ ដើម្បី​ឲ្យ​ប្រពន្ធ​ខឹង​ប្ដី ហើយ​មិត្ត​ភ័ក្តិ​ទាំង​នោះ​បាន​សើច​លើ​គំនរ​ទុក្ខ​របស់​មិត្ត​។​ តើ​វិធី​ធ្វើ​បាប​នោះ​មាន​អ្វី​ខ្លះ? 

 

Trick-mistreated-friend-1រូបតំណាង (រូបថត៖ បរទេស)

 

សុខន យុវជន​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​បាន​និយាយ​ថា​៖  

“ខ្ញុំ​ធ្លាប់​ធ្វើ​បាប​មិត្ត​ភក្ដិ​ខ្ញុំ តាម​រយៈ​ពេល​ខ្ញុំ​ចូល​ច្រៀង​ខារ៉ា​អូខេ ហើយ​ខ្ញុំ​បាន​ទាក់ទង​ស្ត្រី​កំដរ​ភ្ញៀវ​ហើយ​ណាត់​នាង​ចេញ​ក្រៅ​ជាមួយ​គ្នា ដោយ​ឲ្យ​នាង​ទូរសព្ទ​មក​ខ្ញុំ​បន្ទាប់​ពី​ចប់​ការងារ​ ប៉ុន្តែ​ លេខ​នោះ​ជា​លេខ​ប្រពន្ធ​មិត្ត​ភក្ដិ​ នៅ​ពេល​នារី​ទូរសព្ទ​ទៅ​ក៏​ចូល​ប្រពន្ធ​មិត្តភ័ក្ដិ​ខ្ញុំ​ ពេល​នោះ​ស្រាប់​តែ​នាង​ខឹង​សម្បារ​ចំពោះ​ប្ដី​តែម្ដង​"។ បន្ទាប់​មក​មិត្តភ័ក្ដិ​ ក៏​ពិបាក​ចិត្ត​ហើយ​ណាត់​ខ្ញុំ​ផឹកស៊ី ហើយ​ពួកខ្ញុំ​នាំគ្នា​សើច​លើ​គំនរ​ទុក្ខ​មិត្ត​ភក្ដិ សើច​រហូត​ដល់​មិត្ត​ភក្ដិ​ដឹង​ថា ជា​ទង្វើ​របស់ខ្ញុំ​ ប៉ុន្តែ​ខ្ញុំ​ក៏បាន​ទៅ​ប្រាប់​ប្រពន្ធ​មិត្តភ័ក្ដិ​វិញ ក៏​នាង​ឈប់​ខឹង​ប្ដី​"។ សុខន​និយាយ។  

សំណព្វ អាយុ​ ២៤ ​ឆ្នាំ រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​លើក​ឡើង​​ថា៖

“ខ្ញុំដឹង​ថា ប្រពន្ធ​មិត្តភ័ក្ដិ​ពូកែ​ប្រច័ណ្ឌ​ ដូច្នេះ​ខ្ញុំ​ចូល​​ចិត្ត​លេង​សើច​ជាមួយ​គាត់"។ ថ្ងៃ​មួយ​មិត្ត​ភក្ដិ​បាន​នាំ​ប្រពន្ធ​មក​ញុំា​អី​ជុំ​គ្នា​ជាមួយ​ខ្ញុំ និង ​មិត្តភ័ក្ដិ​ផ្សេង​ទៀត ហើយ​ខ្ញុំ​បាន​និយាយ​ថា៖ អុញ​ថ្ងៃ​នេះ​ឯង​ដុប​នារី​ថ្មី​ទៀត​ហើយ​អេហ៎ ថ្ងៃ​មុន​ដូច​ជា​សម្បុរ ស​ ហើយ​ខ្ពស់​ជាង​នេះ​ រួច​ថ្ងៃ​នេះ​ដូច​ជា​ សម្បុរ​ស្រអែម និង​ ទាប​ជាង​មុន​"។ "គ្រាន់​តែ​ព្ញ​ដូច្នេះ​ប្រពន្ធ​​មិត្តភ័ក្ដិ​ចាប់​ផ្ដើម​ប្រចណ្ឌ​ភ្លាម ប៉ុន្តែ​ខ្ញុំ​ក៏​ចាប់​ផ្ដើម​លួង​ប្រពន្ធ​មិត្តភ័ក្ដិ​ ហើយ​នាង​ក៏​បាត់​ខឹង​ ព្រោះ​ដឹង​ថា ពួក​ខ្ញុំ​ពូ​កែ​លេង​សើច"។  

សំណាង អាយុ​២៤​ឆ្នាំ ជា​បុគ្គលិក​ក្រុម​ហ៊ុន​មួយ បាន​ឲ្យ​ដឹង​ថា ៖  

“ផឹកស៊ីជុំគ្នា​ ក្នុង​នោះ​មិត្តភ័ក្ដិ​ខ្ញុំ​យក​ប្រពន្ធ​មក​តាម​ ហើយ​ខ្ញុំ​ធ្វើ​បាប គឺ​ខ្ញុំ​ធ្វើ​ជា​ស្រវឹង​ ហើយ​និយាយ​ឡុលៗ ដូច​អ្នក​ស្រវឹង​ ហើយ​បាន​និយាយ​ទៅ​កាន់​មិត្តភ័ក្ដិ​ ដោយ​ដៃ​គោះ​ស្មា​មិត្តភ័ក្ដិ​ថា សម្លាញ់​ថ្ងៃ​មុន​មី​អូន​របស់​ឯង​ស្អាត​ដល់​ហើយ​ ឯង​ពិត​ជា​ពូកែ​ទាក់​ស្រី​មែន​ ស្រាប់​តែ​មិត្តភ័ក្ដិ​ស្រឡាំងកាំង​​ ហើយ​​ប្រពន្ធ​មិត្តិភ័ក្ដិ​ ក៏​ចាប់​ផ្ដើម​នាំ​ចេញ​ពី​កន្លែង​ញុំា​អីទៅ​ផ្ទះ​វិញ​។ ប្រពន្ធ​បាន​រក​រឿង​ប្ដី​អស់​ពេល​ច្រើន​ថ្ងៃ​ នៅ​ទី​បំផុត​ទើប​ដឹង​ថា ខ្ញុំ​ជាអ្នក​លេង​សើច​ ក៏​បាត់​ខឹង​ប្ដី បែរ​មក​ខឹង​ខ្ញុំ​វិញ​ ហើយ​ប្រាប់​ខ្ញុំ​ថា ថ្ងៃក្រោយ​កុំ​លេង​បែប​នេះ​ទៀត​ វា​មិន​ល្អ​ទេ​ ព្រោះ​ធ្វើ​ឲ្យ​ប្ដី​-ប្រពន្ធ​គេ​​បែក​បាក់​គ្នា​"។  

ទាំង​នេះ​ ជា​ល្បែង​មិត្តភ័ក្ដិ​ធ្វើ​បាប​មិត្តភ័ក្ដិ​មាន​ប្រពន្ធ ដូច្នេះ​ស្ត្រី​ៗ​ សូម​ពិចារណា​ មុន​នឹង​ប្រចណ្ឌ​ប្ដី​ប្រយ័ត្ន​​មិត្តភ័ក្ដិ​ខូច​មួយ​ចំនួន​យក​ការ​ប្រចណ្ឌ​របស់​ប្រពន្ធ​មក​ធ្វើ​​ជា​ការ​លេង​សើច។  

ចុះ​អ្នក​វិញ​ធ្លាប់​ជួប​រឿង​បែប​នេះ​ទេ​?៕​​  

សូមចុចអាន៖ ប្រុស​ៗ​ខ្សឹប​​​​​ពី​មូលហេតុ​​សង្វាត​​តែ​​ស៊េរី​​​ស្រី​ស្អាត​

សូមចុចអាន៖ ពេល​ដាច់​លុយ​ខ្លាំង​គួរ​ប្រថុយ​ធ្វើ​បែប​ហ្នឹង​ជាមួយ​សង្សារ​អត់​ហ្ន៎?

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី