Apple បង្កើតក្រុមពិសេសមួយ ក្រោយធ្លាយដំណឹងពី iPhone ចេញឆ្នាំ ២០១៣

  • 2019-07-22 02:34:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិភព​បច្ចេកវិទ្យា​មាន​ពោរពេញ​ដោយ​ព័ត៌មាន​លេច​ធ្លាយ ជា​ពិសេស​អំពី​ផលិតផល​ថ្មីៗ​ដែល​រៀប​នឹង​ប្រកាស​ចេញ។ យ៉ាងណាក្ដី​ក្នុង​រយៈពេល ៦ ឆ្នាំ​ចុង​ក្រោយ​មក​នេះ Apple ខិតខំ​យ៉ាង​សស្រាក់សស្រាំ​ដើម្បី​ទប់​ស្កាត់​ការ​លេច​ធ្លាយ​ព័ត៌មាន។

សារព័ត៌មាន The Information បាន​ចុះ​ផ្សាយ​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​មាន​ការ​លេច​ធ្លាយ​​ព័ត៌មាន​សំខាន់ៗ​ជា​ច្រើន​អំពី iPhone 5C ក្រុមហ៊ុន Apple បាន​បង្កើត​ក្រុម​ការពារ​ព័ត៌មាន​ផ្ទៃ​ក្នុង​មួយ​ដែល​មាន​ឈ្មោះ​ថា​ New Product Security (NPS)។ ក្រុម​នេះ​ទទួល​ខុស​ត្រូវ​លើ​ការ​ពិនិត្យ​មើល​សកម្មភាព​របស់​ដៃ​គូ​ផ្គត់ផ្គង់ និង​ដៃ​គូ​ដំឡើង​នៅ​ប្រទេស​ចិន ដើម្បី​កាត់​បន្ថយ​ករណី​ទម្លាយ​ព័ត៌មាន​ពី​ផលិតផល​ថ្មីៗ​ដោយ​បុគ្គលិក​នៃ​ក្រុមហ៊ុន​ដៃ​គូ​ទាំង​នោះ។

សម្បក iPhone 5C ដែលបែកធ្លាយ

ព័ត៌មាន​លេច​ធ្លាយ​អំពី iPhone 5C ត្រូវ​បាន​បង្ហាញ​ចេញ​ នៅ​ពេល​ដែល​បុគ្គលិក​របស់​ Jabil ដែល​ជា​ដៃ​គូ​ផ្គត់ផ្គង់​មួយ​របស់ Apple អាច​​លួច​យក​សម្បក iPhone 5C ដែល​មាន​ចម្រុះ​ពណ៌​ដោយ​ស្ងាត់ៗ រួច​ហើយ​ថត​រូប​ភាព​នៃ​សម្បក​នោះ បង្ហោះ​លើ​អ៊ីនធឺណិត។ ពេល​នោះ​​មហាជន​ដឹង​មុន​ថា iPhone 5C មាន​ពណ៌​ចម្រុះ និង​មាន​តួ​ខ្លួន​ធ្វើ​អំពី​ប្លាស្ទិក។

​​The Information បាន​ឲ្យ​ដឹង​ថា​ដែរ​ថា​ មាន​បុគ្គលិក​ម្នាក់​របស់ Jabil បាន​ជីក​​ច្រក​ឆ្លង​កាត់​ក្រោម​ដី​ដើម្បី​នាំ​យក​គ្រឿង​បន្លាស់ iPhone 5C ចេញ​ក្រៅ ប៉ុន្តែ​ផែនការ​មួយ​នេះ​ត្រូវ​បរាជ័យ។ ជា​មួយ​បុគ្គលិក​ Jabil ដដែល​នេះ មាន​បុគ្គលិក​ ២ នាក់ បាន​លួច​យក iPhone 6s បាន ១៦០ គ្រឿង ដោយ​អាច​ឆ្លង​ផុត​ពី​ការ​ត្រួត​ពិនិត្យ​នៃ​ប្រព័ន្ធ​ការពារ។ ក្រោយ​មក​ពួក​គេ​បាន​លក់ iPhone ដែល​លួច​បាន​​នៅ​ទីផ្សារ​ងងឹត ប៉ុន្តែ Apple ដឹង​ពី​ហេតុការណ៍​នេះ និង​បាន​ទិញ​យក​មក​វិញ​នូវ iPhone ដែល​បាន​លួច​ទៅ​ទាំង​អស់។

ជា​ធម្មតា​ Apple មិន​សហការ​ជា​មួយ​សមត្ថកិច្ច​ ដើម្បី​​ដោះ​ស្រាយ​លើ​ករណី​ទាំង​នេះ​ឡើយ។ នេះ​ក៏​ព្រោះ​តែ អាច​​ឲ្យ​សារព័ត៌មាន​ដឹង ហើយ​ផលិតផល​ដែល​មិន​ទាន់​ប្រកាស​ចេញ ត្រូវ​បាន​បង្ហាញ​រូបរាង​​ឡើង។

រូបរាង iPhone ដែលគេជឿថាជា iPhone ឆ្នាំ ២០១៩

ទោះ​បី​ជា​បាន​បង្កើត​ក្រុម NPS មែន ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ឃើញ​ថា​ក្រុម​មួយ​នេះ​មិន​សូវ​មាន​ប្រសិទ្ធភាព​ប៉ុន្មាន​ឡើយ។ ជាក់ស្ដែង​ដំណឹង​អំពី iPhone ចេញ​ឆ្នាំ ២០១៩ នេះ នៅ​បន្ត​លេច​ធ្លាយ​ដដែល។ ត្បិត​មិន​ទាន់​ប្រកាស​ចេញ​ប៉ុន្តែ​រចនាបថ​របស់ iPhone ដែល​ស្នង​តំណែង iPhone XS និង XR ត្រូវ​គេ​ដឹង​ខ្លះៗ​ហើយ៕​

ចុចអាន៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង