ក្រុមហ៊ុនចិន​ចំណាយជាង ៥ លានដុល្លារ បើកម៉ាត ២៤ ម៉ោង ជុំវិញភ្នំពេញ

  • 2019-07-24 09:24:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ជិត​ខាង​ដូច​ជា​សឹង្ហ​បុរី​ ម៉ាឡេស៊ី​និង​ថៃ​សុទ្ធ​តែ​មាន​មីនីម៉ាត​ដែល​អាច​ឲ្យ​អតិថិជន​ចូល​ទៅ​រក​សម្ភារ​ប្រើ​ប្រាស់​ ម្ហូប​អាហារ​បាន​ទាន់​ចិត្ត​ទាន់​ពេល​វេលា​បាន​ ២៤​ ម៉ោង​ដោយ​តម្លៃ​សរម្យ។​ ឯ​កម្ពុជា​វិញ​ ទី​ផ្សារ​មីនីម៉ាត​ក៏​កំពុង​តែ​រីក​ដុះ​ដាល​គួរ​ឲ្យ​កត់​សម្គាល់​មិន​ចាញ់​ប្រទេស​ជិត​ខាង​ប៉ុន្មាន​ដែរ​ ។

ជាក់ស្ដែង ក្នុង​ពេល​ត្រឹម​តែ​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ Prince​ Supermarket​ ពង្រីក​ខ្លួន​បាន​ដល់​ទៅ​ ៧​ សាខា​រួច​ទៅ​ហើយ​ក្រោម​ចំនួន​ទឹក​ប្រាក់​ប្រមាណ​ជា​ ៥ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​ ពិសេស​ជាង​មីនីម៉ាត​ដទៃ​ Prince Super​market​ សាខា​ទី​ ៧​ នេះ​មាន​ទំនិញ​លក់​រាយ​ប្រមាណ​ ៣ ០០០ ​មុខ​ ប្រមូល​ផ្ដុំ​ទាំង​ទំនិញ​ក្នុង​ស្រុក​និង​នាំ​ចូល​ពី​បរទេស​ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​មាន​ទទួល​ការ​បញ្ជា​ទិញ​តាម​បណ្ដាញ​សង្គម​ និង​សេវាកម្ម​ដឹក​ជញ្ជូន​ដោយ​ឥត​គិត​ថ្លៃ​ករណី​អតិថិជន​ចំណាយ​ចាប់​ពី​ ១៥ ដុល្លារ​ឡើង​ទៅ​ទៀត​ផង។​

“យើង​គ្រោង​នឹង​ពង្រីក​ឲ្យ​បាន​ ១០ សាខា​ក្នុង​មួយ​ឆ្នាំ​ដើម្បី​បម្រើ​សេចក្ដី​ត្រូវ​ការ​របស់​អតិថិជន​ស្រប​តាម​ឱកាស​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន។” ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​​ ឈិន​ ចិ​ពីង​ ថ្នាក់​ដឹក​នាំ​ Prince​ Supermarket​ ក្នុង​ឱកាស​បើក​សម្ពោធ​សាខា​ទី​ ៧​ របស់​ខ្លួន​នៅ​ផ្លូវ​ ១៩៩​ កែង​ផ្លូវ​ ៣៤៨​ សង្កាត់​ទួល​ស្វាយ​ព្រៃ​ ខណ្ឌ​ចម្ការ​មន​ ក្បែរ​វិទ្យាល័យ​ទួល​ស្វាយ​ព្រៃ​ពី​ព្រឹក​ថ្ងៃ​ ២៤​ កក្កដា​ ២០១៩​នេះ។​

បើ​តាម​ការ​បង្ហើប​ពី​គម្រោង​វិនិយោគ​របស់​ថ្នាក់​ដឹកនាំ​ Prince​ Supermarket​ ថា​នឹង​បន្ត​គម្រោង​ធំ​ៗ​ផ្សេង​ទៀត​ដូច​ជា​ Prince​ Fresh​ ក្នុង​ទំហំ​ផ្ទៃ​ដី​ ១ ៣០០​ ម៉ែត្រ​ការ៉េ​ឡើង​ទៅ​ និង​Prince​ Market​ ក្នុង​ទំហំ​ចាប់​ពី​ ២ ០០០​ម៉ែត្រ​ការ៉េ​ឡើង​ទៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ទៀត​ផង៕​

អត្ថបទ៖ Sokchea Heng