កុំ​ចេះ​តែ​ហ៊ាន! កាមេរ៉ា Fujifilm អាច​ចាប់​ស្លាក​លេខ​រថយន្ត​ក្នុង​ចម្ងាយ ១ គីឡូ​ដី

  • 2019-07-25 01:12:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Fujifilm ​បាន​អភិវឌ្ឍ​នូវ​ប្រភេទ​កាមេរ៉ា​ឈ្លប​មើល​កម្រិត​ឆ្ងាយ​ម៉ូឌែល SX800 ​ដែល​ប្រើប្រាស់​មុខងារ Optical Zoom ​កម្រិត 40x រចនា​ឡើង​សម្រាប់​ការ​ការពារ​សុវត្ថិភាព​សន្តិសុខ​នៅ​តាម​ព្រំដែន​អន្តរជាតិ​និង​ទីតាំង​ពាណិជ្ជកម្ម​ធំៗ។

បំពាក់​ដោយ​លេន​ប្រវែង ២០ ម.ម ទៅ ៨០០ ម.ម ​អាច​ប្រើប្រាស់​ Digital Zoom កម្រិត ១.២៥x ដោយ​ក្រុមហ៊ុន Fujifilm ​បាន​សង្កត់​ធ្ងន់​ថា​ប្រភេទ​កាមេរ៉ា​នេះ​អាច​ចាប់​ស្លាក​លេខ​រថយន្ត​ក្នុង​ចម្ងាយ ១ គីឡូម៉ែត្រ​ថែម​ទៀត​ផង។

ចំណុច​ខ្លាំង​របស់​កាមេរ៉ា Fujifilm ធៀប​នឹង​ស្លាកយីហោ​ដទៃ​ដែល​ធ្លាប់​បាន​ផលិត​ប្រភេទ​កាមេរ៉ា​ស្រដៀង​គ្នា​នេះ គឺ​ត្រង់​ថា​ម៉ូឌែល SX800 មាន​ល្បឿន Autofocus លឿន​ប្រើ​ពេល​ត្រឹម ០,៣ វិនាទី មុខងារ​ទប់​លំនឹង និង​ប្រព័ន្ធ Image Processing ​ផលិត​គុណភាព​រូប​ឲ្យ​កាន់​តែ​ល្អ។ អ្វី​ដែល​ពិសេស​សម្រាប់​ការ​ថត​នៅ​ពេល​យប់ អាច​ដំឡើង​កម្រិត ISO ដល់ ៨១៩ ២០០ ទៀត​ផង​ដែរ។

ប៉ុន្មាន​ឈុត​ដែល​បង្អួត​ក្នុង​វីដេអូ​ផ្សព្វផ្សាយ ​មាន​តាំង​ពី​ការ​ចាប់​យក​ទីតាំង​របស់​មនុស្ស​នៅ​ចម្ងាយ ១,៥ គីឡូម៉ែត្រ ក៏​ដូច​ជា​ការ​ផ្តិត​យក​ទេសភាព​នៃ​អគារ Tokyo Tower នៅ​ចម្ងាយ ៣ គីឡូម៉ែត្រ ​និង​សំខាន់​បំផុត​ដូច​បញ្ជាក់​ខាង​លើ​ការ​ចាប់​យក​ស្លាក​លេខ​រថយន្ត​នៅ​ចម្ងាយ ១ គីឡូម៉ែត្រ​ពី​ទីតាំង​ដែល​ឈរ​ជើង។

ការ​ដាក់​លក់ Fujifilm SX800 នឹង​ប្រកាស​ចាប់​ពី​ថ្ងៃ​ទី ២៦ ​កក្កដា​ត​ទៅ ប៉ុន្តែ​ចំពោះ​តម្លៃ​មិន​ទាន់​មាន​ការ​បង្ហើប​ប្រាប់​នៅ​ឡើយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា