ឡៅ​ ចិត្រា​ សង្ឃឹម​ ៧០%​ អាច​សងសឹក​ ហ្វុនហួង​ ឲ្យ​ ផល​ សោភ័ណ្ឌ​ និង​ ឃីម​ ឌីម៉ា​

  • 2019-07-25 03:42:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ប្រចាំ​ ក្លឹប​ឆត្រយោង​ ៩១១​ ឡៅ​ ចិត្រា​ សង្ឃឹម​ដល់​ទៅ​ ៧០%​ នា​ជំនួប​មិត្តភាព​អន្តរជាតិ​ជា​មួយ​អ្នក​លេង​គុន​ថៃ​ ហ្វុនលួង​ នា​ព្រឹក​ថ្ងៃ​សៅរ៍​ ទី២៧​ ខែ​កក្កដា​ ឆ្នាំ​២០១៩​ ដើម្បី​សងសឹក​ជូន​មិត្ត​រួម​ជាតិ​ដែល​ចាញ់​កន្លង​មក។​

ឡៅ ចិត្រា​ ពេលហ្វឹកហាត់

ចិត្រា​ លើក​ឡើង​ក្នុង​វីដេអូ​សម្ភាស​ជា​មួយ​ក្រុម​ការងារ​ CBS​ ថា​បើ​និយាយ​ពី​សមត្ថភាព​ជើង​ខ្លាំង​កម្រ​ចាញ់​ ហ្វុនលួង​ ម្នាក់​នេះ​គឺ​ជា​កីឡាករ​ល្អ​មួយ​រួប។​ ចំពោះ​ស្នៀត​អ្នក​លេង​គុន​ថៃ​ម្នាក់​នោះ​វិញ​ ចិត្រា​ បញ្ជាក់​ទៀត​ថា​ គេ​ល្អ​បិទ​ អាវុធ​ចេញ​ធ្ងន់​ និង​ស្ដាយ​ដក​ហើយ​វ៉ៃ​សង​វិញ។​

ហ្វុនលួង ពេលឈ្នះប្រាក់លាន

ម្ចាស់​មេដាយ​សំរិទ្ធ​ស៊ីហ្គេម​ ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ សម្រាប់​ការ​ប្រកួត​មួយ​នេះ​កម្លាំង​ស៊ុហ្វ​របស់​ខ្លួន​គឺ​អាច​វ៉ៃ​ពេញ​៥ទឹក​តែ​ម្ដង​ ដោយ​សារ​ហ្វឹកហាត់​បាន​ច្រើន​ ដូច្នេះ​មិន​បារម្ភ​ចំពោះ​ចំណុច​នេះ​ឡើយ។​ រី​ឯ​ក្បាច់​ក្បួន​វិញ​ គឺ​នឹង​បញ្ចេញ​ឲ្យ​អស់​ ហាត់​ប៉ុណ្ណា​វ៉ៃ​ប៉ុណ្ណឹង​លើ​សង្វៀន។​ ប្អូន​ប្រុស​ ឡៅ​ ចន្រ្ទា​ ម្នាក់​នេះ​ថា​រូប​គេ​មាន​ប្រៀប​កម្ពស់​ពេល​ប៉ះ​ ហ្វុនលួង​ ដូច្នេះ​វា​ល្អ​សម្រាប់​ខ្លួន​ថែមទៀតផងដោយសារ​ថាខ្លួន​ពូកែ​វ៉ៃ​ឆ្ងាយ​ ឬ​ល្អ​វែង។​

ហ្វុនលួង ពេលប៉ះ ឌីម៉ា​

រំលឹក​ដែរ​ថា​ អ្នក​ប្រដាល់​ថៃ​ ហ្វុនលួង​ ជា​ជើង​ខ្លាំង​ម្នាក់​ដែល​ធ្លាប់​ឈ្នះ​ ឃីម​ ឌីម៉ា​ ផល​ សោភ័ណ្ឌ​ និង​មិន​ដែល​ចាញ់​នៅ​កម្ពុជា​នោះ​ឡើយ​នា​ពេល​កន្លង​មក​ រួម​ទាំង​ធ្លាប់​យក​ប្រាក់​លាន​ពី​ស្រុក​ខ្មែរ​ច្រើន​ផង​ដែរ។ ​ថ្ងៃ​សៅរ៍​ ទី២៧​ ខែ​កក្កដា​ ឆ្នាំ​២០១៩​ នេះ​ ចិត្រា​ នឹង​ប៉ះ​ជា​មួយ​ ហ្វុនលួង​ ក្នុង​កម្មវិធី​«កម្ពុជា​សង្វៀន​គុន​ខ្មែរ»​ របស់​ CBS​ ចាប់​ពី​ម៉ោង​ ៨​កន្លះ​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី