ប្លែក​ភ្នែក​អ្នក​សៀមរាប​មិន​ស្ទើរ ការ​បង្ហាញ​ម៉ូដ​មួយ​ដាក់​នៅ​កណ្ដាល Pub Street តែ​ម្ដង

  • 2019-07-31 08:48:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្មី​ៗ​នេះ មាន​ការ​ប្រទះ​ភ្នែក​ឃើញ​ការ​បង្ហាញ​ម៉ូដ​មួយ ត្រូវ​បាន​ប្រារព្ធ​នៅ​កណ្ដាល​ក្រុង​សៀមរាប​ក្នុង​តំបន់​ពេញ​និយម Pub Street តែ​ម្ដង ដែល​គេ​មាន​សុទ្ធ​តែ​ក្រុម​ល្បី​ៗ​ចូល​រួម​ដើរ​ម៉ូដ​លើក​កម្ពស់​ស្នាដៃ​អ្នក​ច្នៃ​ម៉ូដ​ក្នុង​ស្រុក។

កម្មវិធី​នោះ ត្រូវ​បាន​គេ​ដឹង​ថា ក្រុម​តារា​ម៉ូដែល​ល្បី​ៗ​ប្រមាណ ១៦​នាក់​បាន​ចូល​រួម​​ ដែល​មាន​ឈ្មោះ​ថា កម្មវិធី “Fashion Night”។ លោក សន វុទ្ធី អ្នក​ចាត់​ការទូទៅ Cheers Club ដែល ជា​អ្នក​រៀប​ចំ​កម្មវិធី និង​ផ្ដល់​ទីតាំង​សម្រាប់​ក្រុម​តារា​បង្ហាញ​ម៉ូដ​បាន​និយាយ​ថា Fashion Night គឺជា​កម្មវិធី​មួយ ដើម្បី​បង្ហាញ​ម៉ូដ និង​ជួយ​លើក​តម្កើង​ស្នាដៃ​ច្នៃ​ម៉ូដ​របស់​កូន​ខ្មែរ ក៏​ដូច​ជា​អ្នក​រចនា​ម៉ូដ​ក្នុង​ស្រុក​ទូទាំង​ប្រទេស។

ជា​ពិសេស​អ្នក​ច្នៃ​ម៉ូដ​នៅ​ក្នុង​ខេត្ត​សៀមរាប​ផ្ទាល់​តែ​ម្ដង ដើម្បី​លើក​កម្ពស់ និង​ផ្ដល់​ឱកាស​ដ៏​អ្នក​ជំនាញ​ក្នុង​តំបន់ ព្រោះ​ខេត្ត​សៀមរាប គឺ​ជា​ខេត្ត​ដែល​មាន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ប្រទេស​កម្ពុជា អំណោយ​ផល​ដល់​ការ​បង្ហាញ​ជូន​នូវ​អ្វី​ដែល​ជា​សក្ដានុពល​របស់​កម្ពុជា តាម​រយៈ​ការ​បង្ហាញ​ម៉ូដ។

លោក​បាន​បញ្ជាក់​ថា៖”ក្នុង​នាម​ខ្ញុំ​ជា​អ្នក​គ្រប់​គ្រង​ម្នាក់​ខ្ញុំ​ពិត​ជា​សប្បាយ​រីករាយ​ដោយ​បាន​ចូល​រួម​ចំណែក​ដើម្បី​ជួយ​លើក​កម្ពស់​ភាព​ច្នៃ​ប្រឌិត​នៃ​អ្នក​ច្នៃ​ម៉ូដ​ក្នុង​ស្រុក​របស់​យើង​នា​ពេល​នេះ!”។ អ្នក​ចាត់​ការ​ទូទៅ​រូប​នេះ​បន្ត​ថា​ព្រឹត្តិការណ៍ Fashion Night នឹង​រៀប​ចំ​ជា​រៀង​រាល់​១ទៅ២​ខែ​ម្ដង ដើម្បី​ឱ្យ​អ្នក​ច្នៃ​ម៉ូដ​ក្នុង​ស្រុក​អាច​បញ្ចេញ​ស្នាដៃ​របស់​ពួកគេ ក៏​ដូច​ជា​ចែក​រំលែក​ព័ត៌មាន​នៃ​ការ​ដើរ​ម៉ូដ​នេះ​ជូន​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​មក​ទស្សនា​ខេត្ត សៀមរាប​ផ្ទាល់​តែ​ម្ដង។

តាម​ការ​បញ្ជាក់ ការ​បង្ហាញ​ម៉ូដ​ខាង​លើ ចូល​រួម​ដោយ​តារា​ល្បី​ៗ​ដូច​ជា​លោក អែត វីន, លោក​ ដូរីក Miss Earth Cambodia 2017 & 2018 រួម​នឹង​តារា​ល្បី​ៗ​ជា​ច្រើន​ទៀត។ សំលៀកបំពាក់​ដែល​ត្រូវ​បាន​យក​មក​បង្ហាញ គឺ​មាន ឈុត​ផ្សេង​គ្នា​​ គឺ​ឈុត​អាវ​ភ្លៀង និង​ឈុត​សម័យ​ពណ៌ស ស្វាយ៕

អត្ថបទ៖ ទារិកា