មកដឹងពីរង្វាន់លើកទឹកចិត្តសិស្សនិទ្ទេសAនឹងទទួលបានតាមខេត្តមួយចំនួន
- 2019-08-14 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីរង្វាន់លើកទឹកចិត្តសិស្សនិទ្ទេសAនឹងទទួលបានតាមខេត្តមួយចំនួន
ចន្លោះមិនឃើញ
សម័យប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នឹងចូលមកដល់នៅសប្តាហ៍ក្រោយនេះហើយ ស្របពេលជាមួយគ្នានេះដែរអាជ្ញាធរខេត្តមួយចំនួនបានប្រកាសពីការផ្ដល់រង្វាន់ដល់សិស្សប្រលងបាននិទ្ទេសA នៅក្នុងខេត្តរបស់ខ្លួន។
រដ្ឋបាលខេត្តកោះកុងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ តាមរយៈសេចក្ដីជូនដំណឹងរបស់ខ្លួន បានប្រកាសផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងបាក់ឌុបបាននិទ្ទេសAនូវទឹកប្រាក់បួនលានរៀន និងកុំព្យូទ័រយួរដៃមួយគ្រឿង។
ចំណែកខេត្តកណ្ដាលឯនេះវិញអប់រំ យុវជន និងកីឡាខេត្ត កាលពីថ្ងៃអង្គារ បានសរសេរដោយដកស្រង់ប្រសាសន៍ឯកឧត្តមអភិបាលខេត្តថា សិស្សដែលប្រលងបាននិទ្ទេសA នឹងទទួលបានម៉ូតូម៉ាកZoomer X ឬScoopy មួយគ្រឿង។
ដោយឡែកអភិបបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា កាលពីថ្ងៃទី៥ ខែសីហា កន្លងទៅនេះក៏បានប្រកាសក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូបង្រៀនស្ម័គ្រចិត្តដល់សិស្សថ្នាក់ទី១២ ដែរថាឯកឧត្តម នឹងបន្តផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេសAដដែល។ នេះ បើតាមការផ្សាយលើទំព័រហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ចាម។
ទោះយ៉ាងនេះក្ដីប្រភពខាងលើមិនបានបញ្ជាក់ពីប្រភេទរង្វាន់ ឬថវិកាដែលសិស្សនិទ្ទេសA នឹងត្រូវទទួលបាននៅឡើយ។
គួរបញ្ជាក់ថា បេក្ខជនប្រលងបាក់ឌុបឆ្នាំនេះ មានចំនួនសរុប ១១៩,២១៧ នាក់ ខណៈមណ្ឌលប្រលងមាន ២០២ មណ្ឌលនៅទូទាំងប្រទេស៕