ក្រោយផ្ទុះរឿងJungkook ទាក់ទងស្រី Big Hit លេងធម៌ក្ដៅដាក់អ្នកប្រឌិតរឿងមិនពិតនេះហើយ

  • 2019-09-17 04:16:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ភ្ញាក់​ផ្អើល​ដ៏​កម្រ​មួយ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​មិនស្ទើរ​ទេ ទាក់ទង​ពី​សមាជិក​ពៅគេ​របស់ BTS គឺ Jungkook ដែល​ត្រូវ​បាន​បណ្ដាញ​ផ្សព្វផ្សាយ​មួយ​ចំនួន​ផ្សាយ​ថា​កំពុង​ជាប់ពាក់ព័ន្ធ​ក្នុង​រឿង​ស្នេហា ប៉ុន្តែ​ពេល​នេះ​ផលិតកម្ម​ Big Hit បាន​ចេញ​មុខ​ច្រានចោល​ព័ត៌មាន​មិនពិតទាំងនោះហើយ។

ផលិតកម្ម​ដ៏​ធំ​ Big Hit បាន​ចេញ​មុខ​ជំទាស់ និង​ច្រានចោល​ព័ត៌មាន​មិនពិត​ដែល​លើក​ឡើង​ថា​ Jungkook កំពុង​មាន​ទំនាក់ទំនង​ស្នេហា​លួច​លាក់។ ក្រៅ​ពី​ចេញ​មុខ​លាង​សម្អាត​ព័ត៌មាន​មិនពិត​នេះ​ហើយ Big Hit ក៏​បាន​ប្រកាស​ថា​ខ្លួន​នឹង​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ដែល​នៅ​ពីក្រោយ​​ពាក្យ​ចចាមអារ៉ាម​នេះ។

រូបកំពុង​ល្បីពេញ​អ៊ីនធើណិត

សារ​ដ៏​វែង​មួយ​បាន​សរសេរ​ថា៖ «ផលិតកម្ម​ Big Hit សូម​បញ្ជាក់​ឲ្យ​ច្បាស់​ករណី​ដែល​ថា​ ​តារា​របស់​យើង​ គឺ​ Jungkook ជាប់ស្ថិត​ក្នុង​រឿង​កំពុង​ផ្ទុះ​នោះ​ មិន​មែន​ជា​ការ​ពិត​ឡើយ។ ការពិត​ Jungkook ដឹង​ថា​មិត្តភ័ក្តិ​របស់​លោក​ធ្វើ​ការ​នៅ​ហាង​សាក់​មួយ​កន្លែង​ក្នុង​តំបន់​ដែល​លោក​ទៅ​លេង​កម្សាន្ត​នៅ​កោះ Geoje អំឡុង​ពេល​វិស្សមកាល​កាល​ពី​ពេល​ថ្មីៗ​នេះ។ Jungkook បាន​ជួប​មិត្តទាំង​នោះ​ និង​មិត្ត​នៅ​កោះ Geoje ហើយ​ពេល​ជុំ​គ្នា​ពួកគេ​ក៏​បាន​ទៅ​ច្រៀង​លេង​នៅ​ខារ៉ាអូខេ។ ទាំង​នេះ​ជា​ការ​ពិត​ ប៉ុន្តែ​អ្វី​ដែល​លេចចេញ​លើស​នេះ​ សុទ្ធ​តែ​ជា​ការ​បំភ្លៃ​ទាំង​ស្រុង។ យើង​ពិត​ជា​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ ដែល​បញ្ហា​នេះ​កើត​ឡើង​ខុស​ពី​ការពិត​ ខុស​ពី​អ្វី​ដែល​តារា​របស់​យើង​បាន​ធ្វើ​ពេល​វិស្សមកាល។ យើង​នឹង​ចាត់​វិធានការ​ទៅ​តាម​ផ្លូវច្បាប់​ ប្រឆាំង​តប​នឹង​ប្រភព​ដែល​ធ្វើ​ឲ្យ​បែកធ្លាយ​ព័ត៌មាន​ផ្ទៃក្នុង​ និង​ការ​រំលោភ​សិទ្ធិ​ឯកជន​ ក្រោយ​ស៊ើប​អង្កេត​ពិនិត្រ​សព្វគ្រប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ ឬ​បង្ហាញ​ខុសច្បាប់។ បន្ថែម​ពី​លើ​នោះ​ យើង​ក៏​នឹង​ចាត់​ការ​តាម​ច្បាប់​ ប្ដឹង​ចំពោះ​ជន​ណា​ដែល​ផ្សាយ​ព័ត៌មាន​មិន​ពិត​ដោយ​គ្មាន​ការ​អនុញ្ញាតិ»។

គួរ​បញ្ជាក់​ផងដែរ​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៧ ខែកញ្ញា​នេះ​ រូបភាព​របស់​ Jungkook ជាមួយ​នារី​ម្នាក់​ថត​ចេញ​ពី​កាមេរ៉ា​សុវត្ថិភាព​ស្រាប់​តែ​បែកធ្លាយ និង​ត្រូវ​បាន​ចែក​ចាយ​ពេញ​បណ្ដាញ​សង្គម​ ក៏ដូចជា​បង្កើត​ពាក្យ​ចចាមអារ៉ាម​មិនពិត​ថា​ តារា​ប្រុស​រូបនេះ​កំពុង​មាន​ទំនាក់ទំនងជាមួយ​នារី​ក្នុង​កាមេរ៉ានោះ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី