មហាសន្និបាតលំដាប់ពិភពលោក Social Media Week មកដល់ភ្នំពេញហើយ!

  • 2019-09-20 06:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ - មហាសន្និបាត Social Media Week ជា មហាសន្និបាត លំដាប់ពិភពលោក ប្រមូលផ្តុំដោយវាគ្មិនដែលជាអ្នកជំនាញបច្ចេកវិទ្យា និងបុគ្គលជោគជ័យល្បីៗប្រមាណជាង ១ម៉ឺននាក់ មកពីជុំវិញពិភពលោក ដើម្បីចែករំលែកចំណេះដឹង ប្រសិទ្ធិភាពនៃការប្រើប្រាស់បណ្តាញសង្គម ទីផ្សារឌីជីថល និងអត្ថប្រយោជន៍នៃការភ្ជាប់ទំនាក់ទំនងទៅកាន់ពិភពលោក ដល់អ្នកចូលរួមជាង ៥ម៉ឺននាក់ នៅក្នុងទីក្រុងធំៗ ជាច្រើនដូចជានៅញូវយ៉ក ឡូសអង់ជើឡេស ក្រុងឡុង ម៉ិកស៊ិច តូរ៉ុនតូ រ៉ូម មីឡាន ហ្សាកាតា និងម៉ានីលជាដើម។

ដោយមើលឃើញពីសក្តានុពល និងសារៈសំខាន់របស់មហាសន្និបាត Social Media Week ចំពោះសង្គមកម្ពុជា ក្រុមហ៊ុន VR Event Planner Co., Ltd ដែលជាក្រុមហ៊ុនរៀបចំគម្រោង និងកម្មវិធីឈានមុខនៅកម្ពុជា នឹងនាំយកមហាសន្និបាតលំដាប់ពិភពលោកនេះ មកកាន់កម្ពុជាជាលើកដំបូង ដែលនឹងរៀបចំឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់ ១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ មជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) និងផ្សារទំនើប អ៊ីអន សែនសុខ ខាងមុខនេះ។

អ្នកស្រី តាក់ ពិសិដ្ឋរដ្ឋលីដា ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិក្រុមហ៊ុន VR Event Planner Co., Ltd បញ្ជាក់ពីកត្តាដែលជម្រុញចិត្តឲ្យអ្នកស្រីនាំយកមហាសន្និបាតនេះមកកម្ពុជា ព្រោះបន្ទាប់ពីអ្នកស្រីទទួលបានការអញ្ជើញឲ្យចូលរួមធ្វើជាវាគ្មិនកិត្តិយសតំណាងអោយប្រទេសកម្ពុជា ក្នុងមហាសន្និបាត Social Media Week នេះ កាលពីឆ្នាំ២០១៨ កន្លងទៅថ្មីៗ។ អ្នកស្រីនិយាយថា៖ «នាងខ្ញុំពិតជាភ្ញាក់ផ្អើល និងមានមោទនភាពបំផុត ដែលបានចូលរួមក្នុងមហាសន្និបាតនេះ។ នាងខ្ញុំមានឱកាសបានសិក្សាចំណេះដឹងថ្មីៗ និងគន្លឹះប្លែកៗដែលនាងខ្ញុំមិនធ្លាប់បានដឹងពីមុនមកពីវាគ្មិនទាំងអស់ ហើយនាងខ្ញុំយល់ថា ចំណេះដឹងទាំងអស់នោះពិតជាមិនអាចខ្វះបានសម្រាប់ប្រទេសកម្ពុជាយើង ជាពិសេសប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមតែម្តង។ នាងខ្ញុំសូមលើកទឹកចិត្តដល់យុវជន សិស្សនិស្សិត សហគ្រិន និងអ្នកជំនួញកម្ពុជាទាំងអស់ ឲ្យចូលរួមមហាសនិ្នបាតនេះ ដើម្បីបានស្វែងយល់ពីចំណេះដឹង និងគន្លឹះថ្មីៗ ពីវាគ្មិនជាច្រើនរូប មានទាំងកម្ពុជា និងអន្តរជាតិដូចជា អាឡឺម៉ង់ ហ្វីលីពីន វៀតណាមជាដើម ដែលពួកគាត់សុទ្ធតែជាបុគ្គលជោគជ័យលើមុខជំនួញ និងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម»។

គួរបញ្ជាក់ផងដែរ សម្រាប់មហាសន្និបាត Social Media Week Phnom Penh នឹងរៀបចំឡើងក្រោមប្រធាន «ប្រព័ន្ធបណ្តាញសង្គម៖ គំនិត ឬ ឱកាស» (Social Media: Opinion or Opportunities) ពិភាក្សាអំពីនិន្នាការនៃការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម និងគន្លឹះទាញយកអត្ថប្រយោជន៍ពីបណ្តាញសង្គមឲ្យលើសពីការប្រើប្រាស់ក្នុងការទំនាក់ទំនងធម្មតា។ មហាសន្និបាតនេះមានរយៈពេល ២ថ្ងៃ ថ្ងៃទី១ នឹងរៀបចំនៅ មជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) ជាវេទិកាសម្រាប់យុវជន និងសិស្សនិស្សិត ហើយថ្ងៃទី២ ដែលជាវេទិកាសំខាន់នឹងរៀបចំនៅផ្សារទំនើប អ៊ីអន សែនសុខ សម្រាប់សហគ្រិន អ្នកជំនួញ អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ និងអ្នកជំនាញទីផ្សារជាដើម។

ទំនាក់ទំនងធ្វើជាដៃគូឧបត្ថម្ភ៖ ០៨៦ ៨៩៩ ១៩៩ / ០៩៨ ៩៩៨ ២៨៨ ទំនាក់ទំនងកក់សំបុត្រចូលរួម៖ ០៨១ ៤៤៨ ៤៨៨ / ០៩៨ ៩៩៨ ២៨៨ មហាសន្និបាត Social Media Week Phnom Penh ទទួលសិទ្ធិផ្តាច់មុខ និងរៀបចំដោយក្រុមហ៊ុន VR Event Planner Co., Ltd ។