មេដាយ​មាស​នៅ​ចិន​ថ្មីៗ​នេះ​ វាស់​ស្ទង់​ថា​សូហ្វតេនីស​កម្ពុជា​នឹង​អាច​ឈ្នះ​មេដាយ​នៅ​ស៊ីហ្គេម​ ២០១៩​

  • 2019-11-02 07:10:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុប្រធាន​សហព័ន្ធ​កីឡា​សូហ្វតេនីស​កម្ពុជា​ បញ្ជាក់​ថា​ជ័យជម្នះ​ ឬ​មេដាយ​មាស​ដែល​កីឡាករ​ទើប​តែ​ឈ្នះ​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​លើក​ទី១៦​ នៅ​ប្រទេស​ចិន​នេះ​ ជា​ការ​វាស់​ស្ទង់​សមត្ថភាព​ថា​កីឡា​មួយ​នេះ​នឹង​រក​ឈ្នះ​មេដាយ​បាននៅ​ស៊ីហ្គេម​ ២០១៩​ ។​

ទិដ្ឋភាពម្សិលមិញ

ឯកឧត្ដម​ ជា​ ប៊ុនហេង​ អនុប្រធាន​សហព័ន្ធ​ខាង​លើ​បាន​ឲ្យ​ដឹង​​ថា​ ទោះ​ជា​កម្ពុជា​ចាញ់​ក្នុង​វគ្គ​ជម្រុះ​ដំបូង​ដែល​មាន​៣២​ប្រទេស​មែន​ ប៉ុន្តែ​ក្រុម​ខ្លាំង​មួយ​ៗ​ចំនួន​ទៀត​ក៏​មាន​លទ្ធផល​ដូច​កម្ពុជាដែរ។​ ប៉ុន្តែ​អ្វី​ដែល​ជា​កំណត់ត្រា​ និង​ជា​សមិទ្ធផល​ថ្មី​មួយ​ទៀត​សម្រាប់​ សូហ្វតេនី​កម្ពុជា​នោះ​ គឺ​ការ​ឈ្នះ​មេដាយ​មេដាយ​មាស​ កម្រិត​ទី២(B)ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​នៅ​ចិន​នេះ។​

អំឡុង​ការ​ប្រកួត​ជើងឯក​ពិភពលោក​លើក​ទី១៥​ ក្នុង​ឆ្នាំ​២០១៥​ កម្ពុជា​ធ្វើ​មិន​បាន​ល្អ​ ឬ​អាច​ឈ្នះ​មេដាយ​សូម្បី​តែ​មួយ​គ្រឿង​ តែ​លើក​ទី១៦​នេះ​ កំណត់ត្រា​ថ្មី​វិញ្ញាសាជាក្រុម​របស់​កម្ពុជា​អាច​ឈ្នះ​មេដាយ​មាស​ ខណៈ​សហរដ្ឋអាមេរិក​ ប៉ូឡូញ​ ធ្វើមិន​បាន​លទ្ធផលល្អដូច​នេះ​ឡើយ។​

ទិដ្ឋភាពម្សិលមិញ

តំណាង​ស្ថាប័ន​កីឡា​ក្រសួង​មហាផ្ទៃ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ បើ​និយាយ​ពី​សមត្ថភាព​ក្នុង​តំបន់​អាស៊ាន​ គឺ​មាន​តែ​ប្រទេស​ថៃ​មួយ​ទេដែល​ប្រកួត​បាន​ឡើង​ទៅ​កម្រិត​ទី១​(A)​ ហើយ​ទទួល​បាន​មេដាយ​សំរឹទ្ធ។​ ក្រៅ​ពី​នេះ​ ហ្វីលីពីន​ ឥណ្ឌូណេស៊ី​ និង​ប្រទេស​ខ្លាំង​ៗ​មួយ​ចំនួន​ទៀត​គឺ​ធ្លាក់​ជា​មួយ​កម្ពុជា​ដែរ​ ខណៈ​ការ​ប្រកួត​កម្រិត​ទី២​ សុទ្ធតែ​ចាញ់​កម្ពុជា​ទាំង​អស់។​ ក្នុង​ចំណោម​ប្រទេស​អាស៊ាន​នេះ​មិន​ងាយ​ក្រុម​ណា​ស៊ី​កម្ពុជា​នោះ​ទេ​ ដូច្នេះ​ការ​ប្រកួត​នេះ​ដូច​ជា​ការ​សាក​កម្លាំង​មុន​ស៊ីហ្គេម​ ២០១៩​ នេះ​អញ្ចឹង។​

ទិដ្ឋភាពម្សិលមិញ

រំលឹក​ដែរ​ថា​ កីឡា​សូហ្វតេនីស​កម្ពុជា​ បាន​ឈ្នះ​មេដាយ​មាស​ កម្រិត​ទី២(B)​ ១គ្រឿង​លើ​វិញ្ញាសា​ជា​ក្រុម​ផ្នែក​បុរស​ ក្នុង​កម្មវិធី​ The 16th World Soft Tennis Championships​ ដែល​ទើប​បញ្ចប់​កាល​ពី​ថ្ងៃ​ទី១​ ខែ​វិច្ឆិកា​ ២០១៩​ នៅ​ប្រទេស​ចិន។​ អត្តពលិក​សូហ្វតេនីស​របស់​កម្ពុជា​១២នាក់​បាន​វិល​ត្រលប់​វិញ​ហើយ​កាល​ពី​រសៀល​ម្សិលមិញ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​