ឡូយ! ងាកពីសិល្បៈមករកស៊ី តាំងពីលក់ជើងមាន់អនឡាញ ឥឡូវ ម៉ូលីកា ឈ្នះពានរង្វាន់សហគ្រិនឆ្នើម
- 2019-11-09 07:53:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយ! ងាកពីសិល្បៈមករកស៊ី តាំងពីលក់ជើងមាន់អនឡាញ ឥឡូវ ម៉ូលីកា ឈ្នះពានរង្វាន់សហគ្រិនឆ្នើម
ចន្លោះមិនឃើញ
ម៉ូលីកា ដែលអតីតតារាចម្រៀងផលិតកម្មរ៉ក់ បានងាកមករកស៊ី ដំបូងឡើយលក់ជើងមាន់តាមអនឡាញ និងក្រោយមកបានបើកហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីងនោះ ឥឡូវនេះជោគជ័យខ្លាំង ដោយទើបនឹងឈ្នះពានរង្វាន់សហគ្រិនឆ្នើមផង។
ត្រូវបានក្រុមហ៊ុនLuxury Smileប្រគល់ពានThe Beauty Net Idol Award 2019 ដល់តារាស្រីកាលពីថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៩ ដែលនេះជាពានទី២ ក្នុងចំណោមពានទាំង៣របស់កម្មវិធី។ សមិទ្ធផលនេះ បានធ្វើឲ្យស្រីស្អាតរំភើបខ្លាំង ដោយមិននឹកស្មានថា ការសម្រេចចិត្តងាកពីសិល្បៈមួយរយៈសិន ហើយមករកស៊ី ទទួលបានលទ្ធផលល្អយ៉ាងនេះនោះទេ។
“និយាយទៅសប្បាយចិត្តបង ព្រោះមិនងាយទេ ជាង៥០តំណាងក្រុមហ៊ុនបានចូលរួម ហើយនាងខ្ញុំបានពានមួយនេះ គឺមោទកភាពនឹងខ្លួនឯង គិតមិនដល់ថា លទ្ធផលល្អបានលឿនអីចឹង!”។ ម៉ូលីកា បានទទួលពានរង្វាន់នេះដែលប្រគល់ផ្ទាល់ដោយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលតំណាងឲ្យឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល។
អតីតតារាចម្រៀងផលិតកម្មRockម៉ូលីកា បានឲ្យដឹងដែរថា ការបានពានរង្វាន់នេះ ជាកិត្តិយសមួយដ៍ធំធេងសម្រាប់នាងដែលរឹតតែមានកំលាំងចិត្ត និងជម្រុញឲ្យកាន់តែខំប្រឹងពង្រឹងអាជីវកម្មក្រៅសិល្បៈមួយនេះឲ្យរឹងមាំថែមទៀត។នាងថា សព្វថ្ងៃមានអតិថិជនច្រើនណាស់ដែលគាំទ្រផលិតផលរបស់នាង ហេតុនេះហើយការទទួលពាននេះ នឹងធ្វើឲ្យពួកគាត់កាន់តែមានទំនុកចិត្តចំពោះផលិតផលនៅហាងរបស់នាងកាន់តែច្រើនជាមិនខានឡើយ។
បានផ្អាកពីអាជីពចម្រៀងមួយអន្លើងាកមកបើកហាងរក្សារសម្រស់ដែលចំណាយទុន ១០ម៉ឺនដុល្លារកាលពីថ្ងៃទី២៧ ខែធ្នូឆ្នាំ ២០១៨។ ឆ្លងតាមការរកស៊ីលើការលក់ផលិតផលថែរក្សាសម្រស់នេះ សាមីខ្លួនបានអះអាងថា ទទួលបានការគាំទ្រច្រើនរហូតធ្វើឲ្យនាងមានជីវភាពធូធារខុសពីពេលមុនដាច់។
មកទល់បច្ចុប្បន្ន តារាស្រី មានលទ្ធភាពទិញបានរថយន្ដទំនើបដល់ទៅ២គ្រឿងជិះឆ្លាស់គ្នាទៀតផងគឺ Range Rover ស៊េរី ឆ្នាំ២០១៥ និងLexus Rx450h។ ដោយឡែកអាជីពចម្រៀងរបស់នាង ម៉ូលីកា បញ្ជាក់ថា នឹងមិនបោះបង់ទេ គឺនឹងវិលវិញនៅពេលវេលាសមស្របណាមួយតែមិនចូលផលិតកម្មណាទៀតឡើយដោយត្រៀមចំណាយលុយផ្ទាល់ខ្លួនធ្វើបទចម្រៀងដោយខ្លួនឯងតែម្ដង៕