គួរឲ្យសរសើរ! គ្រូបង្រៀនជនជាតិកេនយ៉ាម្នាក់ លះបង់ប្រាក់ចំណូល ៨០% ជួយដល់សង្គម រហូតទទួលពានរង្វាន់
- 2019-11-22 05:32:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យសរសើរ! គ្រូបង្រៀនជនជាតិកេនយ៉ាម្នាក់ លះបង់ប្រាក់ចំណូល ៨០% ជួយដល់សង្គម រហូតទទួលពានរង្វាន់
ចន្លោះមិនឃើញ
នៅក្នុងថ្នាក់រៀនមួយនៃភូមិ Pwani ដែលពោរពេញដោយសិស្សសាលារាប់សិបនាក់ គ្រូបង្រៀនជនជាតិកេនយ៉ាឈ្មោះ Peter Tabichi ត្រូវបានគេកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តសប្បុរសរបស់លោក។
មានដើមកំណើតពីទីក្រុង Kiisi គ្រូបង្រៀនវ័យ ៣៧ឆ្នាំ បានឈ្នះពានរង្វាន់គ្រូបង្រៀនឆ្នើមទូទាំងសកលលោកឆ្នាំ ២០១៩។ ជារៀងរាល់ខែ លោក Peter បានបរិច្ចាគប្រាក់ចំណូល ៨០% ដើម្បីជួយដល់សង្គម និងគម្រោងផ្សេងៗ។ លោកបង្រៀននៅអនុវិទ្យាល័យផ្នែកគណិតវិទ្យា, រូបវិទ្យា និងវិទ្យាសាស្ត្រ។ នៅក្នុងពិធីប្រគល់ពានរង្វាន់ដែលប្រកាសនៅសហព័ន្ធអារ៉ាប់រួម លោក Peter បានឈ្នះទឹកប្រាក់ ១លានដុល្លារ ដោយត្រូវបានទទួលស្គាល់សម្រាប់ការលះបង់, ក្ដីស្រឡាញ់ និងកិច្ចខិតខំប្រឹងប្រែងធ្វើការរបស់លោកដើម្បីអនាគតក្មេងៗសិស្សសាលា។
បើទោះបីជាមានកង្វះខាតផ្នែកធនធាននៅសាលារៀន និងសិស្ស ៩៥% ជាជនក្រីក្រក្ដី លោក Peter បានខិតខំយកចិត្តទុកដាក់បង្រៀន រហូតដល់សិស្សជាច្រើននាក់ បានឈ្នះពានរង្វាន់វិទ្យាសាស្ត្រថ្នាក់អន្ដរជាតិទៀតផង។ យ៉ាងណាមិញ ភាពជោគជ័យរបស់លោក បានឆ្លងកាត់ការលំបាក និងឧបសគ្គជាច្រើនដូចជាកង្វះខាតទឹក, សុវត្ថិភាពចំណីអាហារ, កម្សោយហេដ្ឋារចនាសម្ព័ន្ធ, បន្ទប់រៀន, សម្ភារសិក្សា និងបណ្ណាល័យជាដើម។ លោក Peter ឲ្យដឹងថា នៅពេលទំនេរលោកតែងតែទៅហាងកាហ្វេដើម្បីទាញយកឯកសារសំខាន់សម្រាប់បង្រៀនសិស្សដោយសារនៅទីនោះគ្មានអ៊ីនធឺណេត។
ថ្លែងមកកាន់សារព័ត៌មានគ្រូបង្រៀនឆ្នើមរូបនេះឲ្យដឹងថា "នៅពេលដែលអ្នកអាចលះបង់ទៅកាន់អ្នកដទៃ អ្នកនឹងទទួលបានភាពសប្បាយចិត្តពីខាងក្នុង។ នៅពេលដែលអ្នកឃើញសិស្សមានការចេះដឹង, ទទួលបានចំណាត់ថ្នាក់ល្អ និងអាចប្រកួតប្រជែងថ្នាក់អន្ដរជាតិ អ្នកពិតជាសប្បាយចិត្តខ្លាំងណាស់។”
ក្រោយទទួលបានប្រាក់រង្វាន់នេះ លោកគ្រូ Peter ឲ្យដឹងថានឹងប្រើប្រាស់សម្រាប់ការងារសង្គម និងបង្កើនកម្មវិធីសិក្សា STEM (វិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម និងគណិតវិទ្យា)។ ក្រៅពីនេះ ប្រាក់មួយចំនួនទៀត នឹងត្រូវបានប្រើប្រាស់សម្រាប់លាបពណ៌ថ្នាក់រៀនឡើងវិញ ក៏ដូចជាតទឹកសម្រាប់សិស្សប្រើប្រាស់ផងដែរ៕