អ្នកស្រី កែ ឡេង ត្រូវ​បាន​ដំឡើងឋានន្តរស័ក្តិផ្កាយពីរ

  • 2019-12-30 05:58:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិរៀបចំកីឡាស៊ីហ្គេមលើកទី២៣ បានបំពាក់ស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ​ពីរ) ជូន​វីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសជើងឯកពិភពលោក ៤សម័យកាល។ ការ​បំពាក់​ស័ក្តិ​នេះ ធ្វើឡើងនៅក្នុងពិធីបូកសរុបលទ្ធផលការងារកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ​២០១៩ និង​ទិស ដៅអនុវត្តបន្ត នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានសន្តិភាព។

វីរកីឡាការិនី កែ ឡេង បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពិភពលោក​សារ​ជា​ថ្មី​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​ឯកត្ត​ជន​នារី ក្រោយយកឈ្នះកីឡាការិនីឡាវ Bivilak Thepphkan នៅវគ្គផ្ដាច់ព្រ័ត្រ។ ការ​ប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដែល​កម្ពុជាធ្វើជាម្ចាស់ផ្ទះ កីឡាការិនី កែ ឡេង​បាន​យក​ឈ្នះ​កីឡា​ការិនី មីយ៉ាន់ម៉ា​នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។

អ្នកស្រី កែ ឡេង បានឈ្នះជើងឯកពិភពលោក ៤សម័យកាលជាប់គ្នារួចមកហើយ គឺ៣លើកមុន កីឡា​ការិនី កែ ឡេង បានឈ្នះមេដាយមាសជើងឯកពិភពលោក នៅប្រទេសបារាំង ឆ្នាំ២០១៣, បន្ទាប់​មកនៅប្រទេសថៃនៅឆ្នាំ២០១៥ នៅប្រទេសចិន ក្នុងឆ្នាំ២០១៧ និង​ចុង​ក្រោយ​នេះ​នៅ​ឆ្នាំ​២០១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

នៅ​ក្នុង​ពិធីនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បាន​ថ្លែង​កោត​សរសើរ​ចំពោះ​កីឡាករ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ស្ទើតែគ្រប់វិញ្ញាសារកីឡាទាំងអស់ បានកំពុងរីកចំរើនជាបន្តបន្ទាប់ដោយសារតែ មាន​ការ​យក​ចិត្ត​ទុកដាក់​ច្រើន​និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ពី​សំណាក់​គ្រួ​បង្វឹក​និង​ការ​ខិត​ខំ​ផ្ទាល់​របស់​កីឡា​ករ-កីឡាការិនី បើទោះបីកម្ពុជាយើងនៅមានការខ្វះខាត់ខ្លះៗនូវឧបករណ៍សម្ភារៈ មធ្យោបាយ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការហ្វឹកហ្វឺននិងបណ្តុះបណ្តាល ជាពិសេស​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​វ័យ​ក្មេងលើវិស័យកីឡានៅមានកម្រិត ប៉ុន្តែ​វា​ត្រូវ​ទាមទារ​ឲ្យ​យើង​ទាំង​អស់​គ្នា​ខិតខំ​រួម​គ្នា​ដោះ ស្រាយការងារទាំងអស់នេះជាបន្តបន្ទាប់ទៀត ដើម្បី​ធ្វើយ៉ាង​ណា​ឲ្យវិស័យ​កីឡា​នេះ​កាន់​តែ​រីក​ចំរើន បន្ថែម​ទៀត៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី