គេធ្វើម៉េចអញ្ចេះ? អាចចម្អិនអាហារលើយន្តហោះជាង ២២ម៉ឺនចានក្នុង១ថ្ងៃ​

  • 2020-01-09 03:34:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នេះ​គឺ​ជា​ដំណើរ​ការ​ចម្អិន​ម្ហូប​របស់​ក្រុមហ៊ុន Emirates ដែល​មាន​ទីតាំង​ចម្អិន​ម្ហូប​អាហារ​​​សម្រាប់​​បម្រើ​លើ​យន្តហោះ​​ ដោយ​អាច​​​​ចម្អិន​​អាហារ​ ១១០ លាន​ចាន​ក្នុង​មួយ​ឆ្នាំ ប្រមាណ ២២៥ ពាន់ចានក្នុងមួយថ្ងៃ ​និង​មាន​ដំណើរ​ការ​ ២៤ ម៉ោង/​ថ្ងៃ ​ហើយ​ ៧ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។

មុន​ការ​ចាប់​ផ្ដើម​ចម្អិន​​អាហារ​ របស់​​គ្រប់​យ៉ាង​ត្រូវ​ដក​ចេញ​ពី​ជើង​ហោះ​ហើរ​ដែល​រៀប​នឹង​ហោះ ចាន, ថាស​ម្ហូប និង​រទេះ​រុញ​ដាក់​ម្ហូប​ជា​ដើម ដើម្បី​យក​ទៅ​កាន់​ទីតាំង​ចម្អិន ដើម្បី​ធ្វើ​ការ​សម្អាត។ របស់​របរ​​ដែល​ត្រូវ​លាង​សម្អាត​ត្រូវ​ចែក​ចេញ​ជា​ផ្នែកៗ រួច​បញ្ជូន​ទៅ​កាន់​ម៉ាស៊ីន​លាង​សម្អាត​ខ្នាត​ធំ។ ជា​មធ្យម​គេ​រៀប​ចំ​ឈុត​​ចាន​អាហារ​ ៣ លាន​ឈុត​ក្នុង​មួយ​ថ្ងៃ។

នៅ​ជាន់​ខាង​លើ​គឺ​ជា​ទីតាំង​ដែល​ការ​ចម្អិន​ត្រូវ​ចាប់​ផ្ដើម​។ ​ដំបូង​គឺ​ចង្ក្រាន​​បាយ​ត្រជាក់ ជា​កន្លែង​រៀប​ចំ​ធ្វើ​សាំង​វិច​ និង​ អាហារ​​សម្រន់។ ដោយ​សារ​តែ​ក្នុង​យន្តហោះ​មាន​បែង​ចែក​​ប្រភេទ​គ្នា​ ហេតុ​នេះ​កន្លែង​ធ្វើ​​ចំណី​អាហារ​សម្រាប់​​ផ្នែក​ First Class រៀប​ចំ​នៅ​ម្ខាង ហើយ​​ផ្នែក​ Economy រៀប​ចំ​នៅ​ជ្រុង​ម្ខាង​ទៀត។

បន្ទាប់​មក​ចូល​ដល់​ចង្ក្រាន​​បាយ​​ធំ ដែល​មាន​បែក​ចែក​ជា​​ម្ហូប​បួន​តំបន់ រួម​មាន​អាស៊ាន, ទ្វីប​ធំៗ, ​តំបន់​អឺរ៉ុប និង​ មជ្ឈិមបូព៌ា។ មេ​ចុងភៅ​របស់ Emirates ចំនួន ១ ៨០០​ នាក់ មក​ពី​ជុំវិញ​ពិភពលោក​​ បង្កើត​មុខ​​ម្ហូប​ខុសៗ​គ្នា​ចំនួន ១ ៣០០ មុខ​ក្នុង​មួយ​ខែ។

នៅ​ពេល​ដែល​អ្នក​ធ្វើ​ដំណើរ​​តាម​ជើង​ហោះ​ហើរ​ Emirates ម្ហូប​អាហារ​ដែល​បម្រើ​ជូន​ នឹង​ជា​មុខ​ម្ហូប​នៃ​គោលដៅ​ដែល​អ្នក​ទៅ​ដល់​។ ឧទាហរណ៍​ថា​អ្នក​ធ្វើ​ដំណើរ​ទៅ​បារាំង អ្នក​នឹង​ទទួល​បាន​នំប៉័ង​មួយ​ប្រភេទ​ឈ្មោះ Croissant នា​ពេល​ព្រឹក។

បន្ត​មក​ទៀត​គឺ​មាន​​ចង្ក្រាន​បាយ​ក្ដៅ​ ដែល​មាន​ចម្អិន​មុខ​ម្ហូប​ក្ដៅៗ​ដូច​ជា​​សាច់​អាំង ឬ ឆា​បន្លែ​ជា​​ដើម។ បន្ទាប់​ពី​នេះ​គឺ​បន្ទប់​បង្អែម ជា​ទីតាំង​​ចម្អិន​នូវ​នំ​បង្អែម ហើយ​នៅ​បន្ទប់​នេះ​មាន​ឧបករណ៍​កាត់​​នំ​ដោយ​ប្រើ​កម្លាំង​ទឹក អាច​កាត់​នំ​ជា​បំណែកៗ​បាន​ស្មើ​គ្នា​ល្អ។

ចុង​ក្រោយ​គេ​បង្អស់​គឺ​ជា​បន្ទប់​វេច​ខ្ចប់​ ដំឡើង ជា​ទីតាំង​ដែល​មុខ​ម្ហូប​ទាំង​ឡាយ​ត្រូវ​​ដាក់​រៀប​ចំ​នៅ​លើ​ថាស​អាហារ​តែ​មួយ ហើយ​វា​ក៏​ជា​កន្លែង​ដែល​​មុខ​ម្ហូប​ទាំង​អស់​ទទួល​បាន​​​កូដ​សម្គាល់​ពី​​ថ្ងៃ​ផលិត​ ដោយ​ប្រើ​ប្រាស់​ទឹក​ថ្នាំ UV ។ អ្នក​ដំណើរ​មើល​មិន​ឃើញ​ពី​កូដ​នេះ​ឡើយ ប៉ុន្តែ​វា​ជួយ​ឲ្យ​ Emirates ដឹង​ពី​អាយុកាល​នៃ​មុខ​ម្ហូប​នីមួយៗ។

​មុខ​ម្ហូប​មួយ​ចានៗ​ដែល​រៀប​ចំ​រួច​រាល់ ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​រទេះ​រុញ បន្ទាប់​មក​បញ្ជូន​រទេះ​រុញ​នោះ​ទៅ​កាន់​រថយន្ត​ដឹក​ទំនិញ រួច​ដឹក​ទៅ​កាន់​យន្តហោះ​​រយៈពេល ២ ម៉ោង​មុន​​ពេល​ហោះហើរ៕​​​​​​​​​​​​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ស៊ិន សាវ៉េត

បិទ