ព្រាប សុវត្ថិ និង​ក្រុម​គ្រួសារ ទប់​ចិត្ត​មិន​បាន ពេលទៅ​ដល់​សាលា​ទ្រុឌទ្រោម​មួយ​នៅ​ព្រៃវែង​

  • 2020-01-11 08:59:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ព្រាប សុវត្ថិ និង​ក្រុម​គ្រួសារ នៅ​ថ្ងៃ​នេះ​បាន​ទៅ​ដល់​សាលា​បឋម​សិក្សា​មួយ​ស្ថិត​ក្នុង​ខេត្ត​ព្រៃវែង​ហៅ​ថា "សាលា​បឋម​សិក្សា ស្វាយ" ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង ដែល​ក្រោយ​មក​លោក និង​ក្រុម​គ្រួសារ​សម្រេច​ជួយ​កសាង​ដោយ​ថវិកា​ផ្ទាល់​ខ្លួន។

សាលា​បឋម​សិក្សា​នេះ ស្ថិត​ក្នុង​ភូមិស្វាយ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ តាម​លោក ហេង ឡុង បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​លោក ព្រាប សុវត្ថិ និង​ក្រុម​គ្រួសារ បាន​ចុះ​ទៅ​ធ្វើ​អណ្ដូង​ទឹក​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ។ ក៏​ប៉ុន្តែ​ក្រោយ​មក លោក​បាន​ទទួល​ដំណឹង​ថា សិស្សានុសិស្ស​នៅ​ក្នុង​តំបន់ ខ្វះ​ខាត​បន្ទប់​រៀន លោក​ក៏​បាន​ចុះ​ទៅ​ដល់​សាលា​បឋមសិក្សា "ស្វា" ផ្ទាល់។

ពេល​ចុះ​ទៅ​ដល់​ជាក់​ស្ដែង លោក បាន​ឃើញ​ថា​សាលា​ខាង មាន​ដំបូល​ធ្លុះធ្លាយ ទ្រុឌទ្រោម ទើប​លោក ព្រាប សុវត្ថិ បាន​សម្រេច​ចិត្ត​បង្វែរ​ថវិកា​នោះ​មក​ជួសជុល​ជូន​សាលា​នោះ​ជូន​សិស្សានុសិស្ស​បាន​រៀន​សូត្រ​វិញ។

ថវិកា​ប្រើ​សម្រាប់​ជួសជុល​សាលា​កម្សត់​ខាង​លើ តាម​លោក ហេង ឡុង ដដែល គឺ​ជា​ថវិកា​ផ្ទាល់​របស់​ក្រុម​គ្រួសារ​តារា​ចម្រៀង​ជួរ​មុខ​របស់​កម្ពុជ​មួយ​ផ្នែក ឯ​មួយ​ផ្នែក​ទៀត គឺ​បាន​ពី​មិត្តភ័ក្ដិ ក៏​ដូច​ជា​សប្បុរសជន​របស់​លោក ព្រាប សុវត្ថិ នៅ​អូស្ត្រាលី។ សកម្មភាព​របស់ តារា​ចម្រៀង​ហង្សមាស និង​ក្រុម​គ្រួសារ ត្រូវ​បាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​គាំទ្រ និង​លើក​សរសើរ ចាត់​ថា​ជា​គំរូ​ល្អ​មួយ។

លោក ហេង ឡុង ក៏​ដូច​គ្នា​ដែរ លោក​លើក​ឡើង​ថា ក្នុង​នាម​ជា​អ្នក​ខេត្ត​ព្រៃវែង​មួយ​រូប លោក​សូម​ថ្លែង​អំណរគុណ និង​កោតសរសើរ​ខ្លាំង​ណាស់ ចំពោះ​ទឹក​ចិត្ត​ក្រុម​គ្រួសារ​តារា​ចម្រៀង ក្នុង​សកម្មភាព​ខាង​លើ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី