មូលហេតុ​សំខាន់​៣​ដែល​ Liverpool នៅ​តែ​អាច​ទម្លាក់​ Atletico

  • 2020-03-11 03:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្មវិធី​ Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​បាន​ចាប់​ផ្ដើម​ការ​ប្រកួត​ជើង​ទី​ពីរ​របស់​ខ្លួន​ហើយ​ ក្នុង​នោះ​គូ​ពិសេស​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​មួយ​គឺ​ការ​ប៉ះ​គ្នា​រវាង​ Liverpool និង​ Atletico Madrid។

កាល​​ជើង​ទី​មួយ​នៅ​ទឹកដី​អេស្ប៉ាញ​ក្រុម​រហស្សនាម​ថា​ហង្ស​ក្រហម​បាន​ចាញ់​ ១​ទល់​នឹង​០​ ដែល​ជា​បន្ទុក​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ជើង​ទី​ពីរ​ត្បិត​​អី​ពួកគេ​មិន​អាច​រក​គ្រាប់​ក្រៅ​ដី​បាន។​ យ៉ាង​ណា​មាន​មូលហេតុ​សំខាន់​៣​ដែល​គេ​ជឿ​ថា​ Liverpool នៅ​តែ​អាច​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​បាន៖​

១. ប្រវត្តិសាស្ត្រ​អាច​កើត​ឡើង​ច្រំដែល៖​

Atletico Madrid និង​អ្នក​គាំទ្រ​ពិត​ជា​រីករាយ​ជាមួយ​ជ័យជម្នះ​ ១-០ លើ​ Liverpool ដែល​ជា​ក្រុម​ជើង​ឯក​ចាស់​ ប៉ុន្តែ​ការ​ពិត​ជាក់ស្ដែង​ពួកគេ​នៅ​តែ​ញញើត​ចំពោះ​ក្រុម​នេះ​ដែល​ធ្លាប់​ត្រូវ​ Barcelona នាំ​មុខ​ ៣-០ នៅ​ជើង​​ទី​មួយ​ ហើយ​បាន​វាយ​បក​យក​ឈ្នះ​វិញ​រហូត​ ៤-០ សម្រាប់​ជើង​ទី​ពីរ​នៅ Anfield។ មេរៀន​ជូរចត់​មួយ​ទៀត​កាល​ពី​រដូវ​កាល​មុន​ Atletico ខ្លួន​ឯង​ក៏​បាន​នាំ​មុខ​ Juventus ២-០ ដែរ​នៅ​ទឹកដី​ Wanda Metropolitano តែ​បែរ​ជា​ចាញ់​ ៣-០​ វិញ​នៅ​ជើង​ទី​ពីរ។

​​ ២. Anfield ជា​បន្ទាយ​យ៉ាង​រឹង​មាំ៖​

មិន​ថា​ក្រុម​ខ្លាំង​ប៉ុនណា​មក​ពី​ប្រទេស​ណា​ តែង​​ភ័យ​ខ្លាច​កីឡដ្ឋាន​ Anfield ដែល​គេ​ចាត់​ទុក​ថា​ជា​បន្ទាយ​យ៉ាង​រឹងមាំ​របស់​ Liverpool។​ Pep Guardiola អ្នក​ចាត់​ការ​ Manchester City បាន​សារភាព​ថា​លោក​ពិបាក​នឹង​រក​វិធី​ទប់ទល់​នឹង​ Liverpool ណាស់​រាល់​លើក​ដែល​​លេង​នៅ​ Anfield។

"ការ​លេង​នៅ​ Anfield អ្នក​អាច​នឹង​របូត​៤​គ្រាប់​ដោយ​មិន​ដឹង​ខ្លួន" Pep និយាយ​ដូច្នេះ​។ ក្រុម​យក្ស​អេស្ប៉ាញ​ដូចជា​ Real Madrid, Barcelona សុទ្ធ​តែ​ធ្លាប់​ចាញ់​ ៤-០ នៅ​ Anfield ក្នុង​កម្មវិធី​ Champions League។​ នេះ​នៅ​មិន​ទាន់​និយាយ​ការ​ឈ្នះ​២២​លើក​ជាប់​គ្នា​ក្នុង​ទឹកដី​នៅ​ពាន​ Premier League របស់​ Liverpool ផង។

៣. ក្រុម​ប្រយុទ្ធ​៣​នាក់​ដ៏​ខ្លាំង​ក្លា៖

Roberto Firmino, Mane, Salah គឺ​ជា​ក្រុម​ប្រយុទ្ធ​៣​រូប​ខាង​លើ​ដ៏​គ្រោះថ្នាក់​បំផុត​មួយ​នា​ពេល​បច្ចុប្បន្ន។​ ពួកគេ​ទាំង​៣​ពេញ​ជើង​ល្អ​ណាស់​ក្នុង​ការ​ត្រៀម​លក្ខណៈ​ស្វាគមន៍​ Atletico ដោយ​គ្មាន​នរណា​ម្នាក់​របួស​ឡើយ​។​ រដូវកាល​២០១៩-២០ ​អ្នក​ទាំង​៣​រក​បាន​៩៩​គ្រាប់​ក្នុង​៤៣​ប្រកួត ដូច្នេះ​ការ​រក​២​គ្រាប់​ដាច់​ខាត​ក្នុង​ទឹកដី​​សម្រាប់​កាលៈទេសៈ​ដ៏​ចាំ​បាច់​នេះ​ប្រហែល​ជា​មិន​ពិបាក​ទេ​សម្រាប់​ពួកគេ៕

អត្ថបទ៖ សៀនហួរ