មានទឹកចិត្ដសប្បុរសណាស់...ធុង ប៉េត្រូ ផ្ដើមគម្រោងជួយសិល្បករភេទី៣ ម្នាក់!

  • 2020-04-27 03:03:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែងភេទទី៣ ធុង ប៉េត្រូ គ្រោង​ឡាយ​វីដេអូ​អំពាវនាវ​ដល់​សប្បុរសជន និង​មិត្ត​សិល្បៈ​ដើម្បី​ប្រមូល​ថវិកា​សង់​ផ្ទះ​តូច​ល្មម​មួយ​ឲ្យ​តារា​កំប្លែង​ភេទទី៣ កញ្ញា ៨០ គីឡូ នៅ​ឯសង្កាត់​កៀនស្វាយ​ក្រៅ ខណ្ឌ​ច្បារ​អំពៅ។

លោក ទុយវិសុទ្ធ ហៅ​ធុង ប៉េត្រូ និយាយ​ថា បច្ចុប្បន្ន​មាន​មិត្ត​សិល្បៈ​ពីរ​បី​នាក់​ហើយ​ បាន​ឧបត្ថម្ភ​ថវិកា​ម្នាក់​បន្តិច​ៗ​ដើម្បី​ជួយ​លើ​គម្រោង​សង់​ផ្ទះ​នេះ។ ប៉ុន្តែ​តែ​មាន​ប្រភព​ជំនួយ​ធំ​ប៉ុណ្ណោះ ទើប​អាច​ដំណើរការ​គម្រោងជួយសង្គ្រោះនេះ​បាន ព្រោះ​ផ្ទះ​នេះ​ត្រូវ​ចំណាយ​យ៉ាង​ហោច​ណាស់​ក៏ ​២៥០០​ដុល្លារ ទៅ​៣០០០​ដុល្លារដែរ។

ប៉េត្រូ បន្ថែមថា ​ក្នុង​រយៈ​ពេល​ពីរ ឬ​បី​ថ្ងៃ​ទៀត​ ដែល​លោក​ទំនេរ​ពី​ការងារ​រកស៊ី​បន្ដិច លោក​នឹង​ឡាយ​ផ្ទាល់​ដើម្បី​សុំ​ជំនួយ​នេះ ហើយសង្ឃឹមថាសប្បុរសជននឹងចូលរួមជាមួយលោក ដើម្បីឲ្យកញ្ញា៨០គីឡូ មានកន្លែងរស់នៅសមរម្យ។

ធុង ប៉េត្រូ និង​តារា​ភេទ​ទីបីឈ្មោះ តើម ហៅកញ្ញា៨០គីឡូ មាន​អាជីព​ជា​អ្នក​កំប្លែង និង​សម្ដែង​​ដូច​គ្នា ហើយ​អ្នក​ទាំង​ពី​ទើប​តែ​ស្គាល់​គ្នា​ប៉ុណ្ណោះ ប៉ុន្ដែអ្នកទាំងពីរមានចិត្ដស្រឡាញ់គ្នាណាស់៖ "ខ្ញុំ​ទើប​ស្គាល់​វា​ទេ តែ​ខ្ញុំ​អាណិត​វា​រស់នៅ​តោក​យ៉ាក​ជាមួយ​ម្ដាយ និង​បង​ស្រី​ម្នាក់។ បើ​ខ្ញុំ​ឡាយ​ទៅ​ក្រែង​មាន​សប្បុរសជន​ជួយ​បន្ថែម​ទៀត"។

លោក តើម ហៅ​កញ្ញា ប៉ែត​សិប​គីឡូ កំពុង​រស់នៅ​ក្នុង​ខ្ទម​ប្រក់​ស័ង្កសី បាំង​ស័ង្គសី និងផ្ទាំង​ប៉ាណូ​ចាស់ៗលើផ្ទៃដីតូចចង្អៀតមួយ ស្ថិត​នៅ​សង្កាត់​កៀន​ស្វាយ​ក្រៅ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ។

រូបភាព៖ ហ្វេសប៊ុក ធុង ប៉េត្រូ

កញ្ញា​ប៉ែតសិប​គីឡូ មាន​ម្ដាយ​ឈឺ និង​បង​ស្រី​ម្នាក់​នៅ​ក្នុង​បន្ទុក។ កញ្ញា​ប៉ែតសិប​គីឡូ ធ្លាប់​លេង​កំប្លែងលើឆាក​តន្ត្រី​តាម​ខេត្ត​នានា ប៉ុន្តែ​បច្ចុប្បន្ន​ចំណូល​ទាំង​នេះ​ត្រូវ​បាន​កាត់ផ្ដាច់​ទាំង​ស្រុង ដោយសារ​ពុំ​មាន​កម្មវិធី​សម្ដែង​ដូច​មុន​ៗទៀត៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី