មកដឹងពីអាថ៍កំបាំង កំណាយឃើញអណ្ដើក មានប្រអប់ជាការ៉េ លើខ្នងអណ្ដើក នៅកណ្ដាលប្រាសាទស្រះស្រង់

  • 2020-05-07 06:34:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយរកឃើញចម្លាក់ថ្មសត្វអណ្ដើក នៅប្រសាទកណ្ដាលស្រះស្រង់ អាយុកាលពាន់ឆ្នាំ ធ្វើឲ្យមានការកត់សម្គាល់លើខ្នងអណ្ដើក មានប្រអប់រាងការ៉េ ដូចជាអាចបើកបាន ដែលជាអាថ៍កំបាំងថាមានអ្វីនៅក្នុងអណ្ដើកនោះ? ឆ្លើយតបនឹងចម្ងល់នេះ តាមរយៈការផ្សាយផ្ទាល់ពី ទូរទស្សន៍អាជ្ញាធរជាតិអប្សរា លើបណ្ដាញសង្គមហ្វេសបុក បណ្ឌិតផ្នែកបុរាណវិទ្យា លោក ជា សុជាតិ បានពន្យល់ថា មែនទែនទៅការកំណាយរកឃើញចម្លាក់សត្វថ្មអណ្ដើកនេះ មិនមានតែនៅទីនេះ មាននៅខេត្តផ្សេងៗ ជាពិសេសមាននៅប្រាសាទនាគព័ន្ធ។

ចំពោះប្រអប់រាងជាការ៉េ នៅលើខ្នងចម្លាក់ថ្ម សត្វអណ្ដើកនេះ គឺអាចសន្មត់បឋម ឬសន្មត់បណ្ដោះអាសន្នថា អណ្ដើកនេះ អំឡុងនៃការកសាងនៃប្រាសាទនៅទីនេះ គឺរូបចម្លាក់ថ្មសត្វអណ្ដើក គឺឆ្លាក់ឡើងដើម្បីធ្វើពិធីសាសនាអ្វីមួយ ដែលដាក់នៅបាតប្រាសាទ ស្រដៀងនឹងពិធី ការបញ្ចុះសីមាជាដើម។

«ជាទូទៅប្រអប់រាងការ៉េលើខ្នងអណ្ដើកនេះ មិនមានជាគន្លឹះយន្តនោះ គឺវាមានរូបរាងស្រដៀងកំណាយនៅដីឆ្នាំង រកឃើញអណ្ដើកមានគម្របរាងចតុកោណ ឯនៅទីនេះ រាងការ៉េ ដូចនៅប្រាសាទនាគព័ន្ធ ។ ប៉ុន្ដែបើតាមការសិក្សាពីអ្នកបុរាណវិទ្យាបរទេស ធ្លាប់កំណាយរកឃើញ និងបើកគម្របនឹងឃើញ ថ្មមានតម្លៃ សំរឹទ្ធ ក្រណាត់រុំ ឬគ្រាប់គុជ ដែលអាស្រ័យទៅលើអ្នកផ្ដួចផ្ដើមគំនិត ធ្វើពិធីនៅពេលនោះ។ យ៉ាងណាមិញយើងនៅមិនទាន់ដឹង យើងនឹងសិក្សាអំពីអណ្ដើកនេះ និងពិធីសាសនានៅជំនាន់នោះ ដើម្បីចែករំលែកចំណេះដឹង» ។ នេះជាការលើកឡើងរបស់ បណ្ឌិតផ្នែកបុរាណវិទ្យា លោក ជា សុជាតិ។

លោកបណ្ឌិតត បានបន្ថែមទៀតថា តាមរយៈការកំណាយរកឃើញវត្ថុបុរាណនេះ គឺជារឿងល្អសម្រាប់អ្នកសិក្សាស្រាវជ្រាវ ដើម្បីបកស្រាយអំពីប្រវត្តិសាស្រ្ត ការធ្វើពិធីសាសនា និងការកសាងប្រាសាទនៅទីនេះ រួមទាំងប្រព័ន្ធធារាសាស្រ្តផ្សេងៗទៀតឲ្យកាន់តែច្បាស់។

សូមបញ្ជាក់ថា ប្រាសាទកណ្ដាលស្រះស្រង់ ស្ថិតនៅខាងមុខ ប្រាសាទបន្ទាយក្ដី បានកសាងឡើងក្នុងរាជ្យ ព្រះបាទជ័វរ្ម័នទី៧ នាសតវត្សទី ១២។

ចំពោះស្រះស្រង់ជាផ្នែកមួយដ៏សំខាន់ នៃរមណីយដ្ឋានអង្គរ និងមានសំណង់ប្រាសាទនៅកណ្ដាលជាតំណាងឱ្យភ្នំព្រះសុមេរុ។ បច្ចុប្បន្នប្រាសាទនេះ បានរងការបាក់បែកដោយសារកត្តាធម្មជាតិ។ ដើម្បីលើកតម្លៃប្រវត្តិសាស្រ និងទេសភាពវប្បធ៌ម នៃស្រះស្រង់ឡើងវិញ អាជ្ញាធរជាតិអប្សរា បានជួសជុលប្រាសាទកណ្ដាលស្រះស្រង់ ហើយបានកំណាយរកឃើញ វត្ថុបុរាណជាបន្តបន្ទាប់៕

សូមទស្សនាកិច្ចសម្ភាន៍លម្អិតបន្ថែមវីដេអូខាងក្រោមនេះ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី