ក្រុមហ៊ុនហ្វេសប៊ុកប្រើប្រព័ន្ធ AI ដើម្បីត្រួតព័ត៌មានមិនពិត និងការកេងចំណេញផ្សេងៗ

  • 2020-05-13 08:46:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

ព័ត៌មានមិនពិតគឺជាចំណុចដ៏រសើបបំផុតមួយក្នុងការធ្វើឱ្យមនុស្សមានការភាន់ច្រឡំចំពោះព្រឹត្​ដិការណ៍​ផ្សេងៗជាពិសេស នៅពេលដែលពិភពលោកទាំងមូលកំពុងធ្វើការប្រយុទ្ធប្រឆាំង និងទប់ស្កាត់យ៉ាងខ្លាំង ទាក់ទងទៅនឹងជំងឺកូវីត-១៩។ ក្នុងនោះប្រទេសកម្ពុជាយើង ក៏បាននិងកំពុងតែខំប្រឹង តាមដានដើម្បីទប់ស្កាត់នឹងព័ត៌មានក្លែងក្លាយទាំងនោះផងដែរ។

ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភាន់នៅលើបណ្តាញសង្គម ក្រុមហ៊ុនហ្វេសប៊ុកបានប្រើប្រព័ន្ធ AI ដើម្បីធ្វើការតាមដានព័ត៌មានមិនពិតទាក់ទងទៅនឹងជំងឺកូវីត-១៩ ដែលអាចធ្វើឱ្យលោកអ្នកមានការភាន់ច្រឡំទៅលើការរីករាលដាល ឬការព្យាបាលនៃជំងឺនេះ។ ជាក់ស្តែងវាពិតជាមានការលំបាកខ្លះៗហើយក្នុងទប់ស្កាត់ និងបង្ក្រាបការលក់ផលិតផលក្លែងក្លាយសម្រាប់ការពារការឆ្លងនៃជំងឺកូវីត-១៩ ដែលមានដូចជា ម៉ាស់បិទមុខ ទឹកលាងដៃ និងឧបករណ៍ធ្វើតេសទាំងនោះ ដោយសារតែជនខិលខូចធ្វើការកែរូបភាពតែបន្តិចបន្តួចក៏អាចធ្វើការបំភាន់ភ្នែកអ្នកតាមដាន ឬប្រព័ន្ធ AI បានបាត់ទៅហើយ។ ព្រោះតែពិបាកក្នុងការវិភាគព័ត៌មាន ក៏ដូចជារូបភាពក្លែងក្លាយទាំងនោះ ក្រុមហ៊ុនបានប្រើប្រព័ន្ធ SimSearchNet ដែលជាប្រព័ន្ធបង្កើតឡើងដើម្បីចាប់ភស្ដុតាងក្នុងរូបភាពដែលសឹងតែដូចគ្នាបេះបិទ។

ដោយការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក្រុមហ៊ុនហ្វេសប៊ុកបានធ្វើការដាក់ជាបម្រាមតាមបណ្តាញសង្គមរបស់ពួកគេជាង ៥០លានបម្រាមមកហើយ ទាក់ទងទៅនឹងការឆ្លងរីករាលដាលនៃជំងឺកូវីត-១៩ កាលពីអំឡុងខែមេសាកន្លងទៅនេះ។ ដោយឡែកចាប់ពីថ្ងៃទី១ ខែមីនា ហ្វេសប៊ុកបានលុបចោលនូវការផ្សព្វផ្សាយលក់ ម៉ាស់បិទមុខ ទឹកលាងដៃ ឧបករណ៍ធ្វើតេស្តរកជំងឺកូវីត-១៩ បានប្រមាណជា ២.៥លាន ហើយក្រុមហ៊ុន ក៏បានសហការជាមួយអង្គការប្រមាណជា៦០ផ្សេងទៀត ដើម្បីត្រួតពិនិត្យតាមដានព័ត៌មានក្លែងក្លាយ ជុំវិញពិភពលោកដែលសរសេរជាភាសាផ្សេងៗគ្នាប្រហែល ៥០ភាសាផងដែរ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា