សម្ដេច​ហ៊ុន សែន​ អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​កីឡា​ចាប់​ផ្ដើម​ឡើង​វិញ តែ​ត្រូវ​លេង​បិទទ្វារ​

  • 2020-05-21 12:16:43
  • ចំនួនមតិ 19 | ចំនួនចែករំលែក 157

ចន្លោះមិនឃើញ

សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​កីឡា​ទាំង​អស់​រួម​ទាំង​បាល់ទាត់ និង​បាល់ទះ ចាប់​ផ្ដើម​ឡើង​វិញ តែ​ត្រូវ​លេង​ក្នុង​លក្ខខ័ណ្ឌ​បិទ​ទ្វារ​ ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ទស្សនិកជន​ នេះ​បើ​តាម​ការ​ដក​ស្រង់​ចេញ​ពី​សារ​សំឡេង​របស់​សម្ដេច ដោយ​គេហទំព័រ​ក្រសួង​ព័ត៌មាន​។

រូបភាព​៖ គេហទំព័រ​ក្រសួង​ព័ត៌មាន

ក្នុង​សារ​បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ឯកឧត្ដម​សាស្ត្រាចារ្យ​ ម៉ម​ ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ឯកឧត្ដម ថោង ខុន និង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្ដម ហង់ ជួនណារ៉ុន គួរ​ពិភាក្សា​គ្នា​ដើម្បី​ឲ្យ​រៀបចំ​ឲ្យ​បើក​ការ​​ប្រកួត​កីឡា​ឡើង​វិញ​ជា​ជំហានៗ។

សម្ដេច​តេជោ​យល់​ឃើញ​ថា ហានិភ័យ​ក្នុង​កន្លែង​លេង​កីឡា មាន​ទាប​ប្រៀបធៀប​នឹង​វិស័យ​ទេសចរណ៍។ យ៉ាងណាមិញ ក្នុង​ការ​ប្រកួត​កីឡា​នីមួយៗ​ សហព័ន្ធ​ជាមួយ​នឹង​ក្លឹប​ជា​អ្នក​ទទួល​ខុសត្រូវ​ ដោយ​ចេញ​វិធានការ​ច្បាស់លាស់​ដើម្បី​បង្ការ​ជំងឺ​កូវីដ-១៩ ដែល​មាន​ដូច​ជា​ ការ​វាស់​កម្ដៅ និង​ការ​ត្រួត​ពិនិត្យ​ផ្សេងៗ​មុន​ការ​ប្រកួត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្លឹប​ហាត់ប្រាណ​មិន​ទាន់​ឲ្យ​អនុញ្ញាត​ឲ្យ​បើក​ដំណើរ​ការ​នោះ​ទេ ដោយសារ​តែ​ព្រួយបារម្ភ​ពី​ការ​ប្រមូល​ផ្ដុំ​មនុស្ស​ច្រើន​ នេះ​បើ​តាម​ប្រសាសន៍​របស់​សម្ដេច​នាយករដ្ឋមន្ត្រី។

កន្លង​មក​សម្ដេច​តេជោ បាន​អនុញ្ញាត​ឲ្យ​មាន​ប្រកួត​ប្រដាល់​នៅ​ដំណើរ​ការ តែ​ធ្វើ​ឡើង​ដោយ​លក្ខខ័ណ្ឌ​បិទទ្វារ​៕

ដកស្រង់​ចេញ​ពី​៖ ក្រសួង​ព័ត៌មាន

អត្ថបទ៖ ហ៊ីម រស្មី