ពូ​របស់​ Floyd ហ៊ាន​និយាយ​ថា Pacquiao អាច​ប្រើ​ពេល​តែ​១​ទឹក​ប៉ុណ្ណោះ​ដើម្បី​បញ្ចប់ Conor

  • 2020-05-26 04:32:06
  • ចំនួនមតិ 164 | ចំនួនចែករំលែក 801

ចន្លោះមិនឃើញ


កំពូល​អ្នក​ប្រដាល់​អាស៊ី Manny Pacquiao អាច​​ផ្ដួល​​ Conor McGregor នៅ​​​ទឹក​១​​បាន។ នេះ​ជា​ការ​លើក​ឡើង​របស់ Jeff ដែល​ជា​ពូ​របស់​ Floyd Mayweather។

McGregor បាន​ត្រលប់​មក​កាន់​សង្វៀន UFC ដោយ​ឈ្នះ​ Donald Cerrone ត្រឹម​រយៈពេល​៤០​វិនាទី​កាល​ពី​ខែ​មករា។ កីឡាករ​សញ្ជាតិ​អៀរឡង់​​ក៏​បាន​ព្យាយាម​ចូល​ខ្លួន​ប្រលូក​ក្នុង​វិស័យ​ប្រដាល់​សកល ប៉ុន្តែ​មិន​ជោគជ័យ​​ដោយ​បាន​ចាញ់​ជើង​ខ្លាំង​អាមេរិក Floyd ​ក្នុង​ទឹក​១០​កាល​ពី​ឆ្នាំ​២០១៧។

យ៉ាងណា McGregor មិន​បដិសេធ​ឡើយ​ប្រសិន​បើ​ឲ្យ​គេ​ប្រកួត​សកល​ម្ដង​ទៀត ស្របពេល​ដែល Pacquiao ជា​ដៃ​គូ​ដែល​​គ្រប់​គ្នា​​គិត​ចង់​ឲ្យ​ជួប​​ក្នុង​ពេល​អនាគត។ សម្រាប់​រឿង​នេះ​លោក​ Jeff Mayweather មាន​គំនិត​ថា McGregor មិនមែន​ជា​ដៃ​គូ​របស់ Pacquiao ឡើយ។ ចំពោះ​ការ​ប្រកួត​លើក​មុន Floyd ទុក McGregor ជា​ឧបករណ៍​លេង​ប៉ុណ្ណោះ។

“ខ្ញុំ​ជឿ​ថា Floyd អាច​ផ្ដួល Conor McGregor គ្រប់​ពេល​ដែល​គេ​ចង់។ ដូច​ដែល​គ្រប់​គ្នា​និយាយ​​ចង់​ឲ្យ McGregor ប៉ះ Manny។ Manny នឹង​មិន​លេង​ច្រើន​ឡើយ គេ​អាច​បញ្ចប់​ដៃ​គូ​ត្រឹម​តែ​១​ទឹក​ប៉ុណ្ណោះ"៕​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ