ទូច ស៊ុននិច ដែល​នៅ​ស្ងប់ស្ងាត់​ច្រើន​ឆ្នាំ​ហើយ បាន​​ចេញ​មុខ​ថ្មី​នេះ​ឆ្លើយ​តប​ទៅ ម៉េង កែវ​ពេជ្ជតា

  • 2020-05-27 08:29:45
  • ចំនួនមតិ 256 | ចំនួនចែករំលែក 391

ចន្លោះមិនឃើញ


អតីត​តារា​ចម្រៀង​សំនៀង​ផ្អែម ទូច ស៊ុននិច ដែល​បាត់​មុខ​យូរ​ហើយ​ក្រោយ​គ្រោះ​អាក្រក់​នោះ ថ្មី​ៗ​នេះ​បាន​ចេញ​មុខ​យ៉ាង​កម្រ​តាម​វីដេអូ​ឃ្លីប​មួយ​ឆ្លើយ​តប​ទៅ​នឹង​តារា​ចម្រៀង រៀម​ច្បង ម៉េង កែវ​ពេជ្ជតា ដែល​នាង​អះអាង​ថា រៀម​ច្បង​បាន​ធ្វើ​ការ​ចោទ​ខ្លួន រឿង​​មក​លើ​ខ្លួន។

ទូច ស៊ុន​និច បញ្ជាក់​ថា ដើម​ឡើយ នាង​មិន​ចង់​ធ្វើ​ការ​បក​ស្រាយ​អ្វី​ទេ ប៉ុន្តែ​មិន​អស់​ចិត្ត​នឹង​ការ​អធិប្បាយ​របស់​រៀម​ច្បង​ថ្មី​ៗ​នេះ​ពាក់​ព័ន្ធ​នឹង​ខ្លួន ទើប​សម្រេច​ចិត្ត​ចេញ​មុខ​និយាយ​ម្ដង​ឲ្យ​ប្រិយមិត្ត​អ្នក​គាំទ្រ​បាន​ដឹង​ច្បាស់​សាច់​រឿង​ទាំង​អស់​គ្នា។ តាម​រយៈ​វីដេអូ​ដែល​មិន​ចេញ​មុខ លឺ​តែ​សំឡេង ទូច ស៊ុននិច បាន​លើក​ឡើង​តប​ទៅ​នឹង​ការ​ Live វីដេអូ​របស់​រៀម​ច្បង​កាល​ពី​ប្រមាណ​១​សប្ដាហ៍​មុន។

គ្រា​នោះ អតីត​តារា​ចម្រៀង​ស្រី បាន​បញ្ជាក់​ថា រៀម​ច្បង​បាន​លើក​ឡើង​ថា តាំង​ពី​ដើម​មក​ខ្លួន​ព្យាយាម​ធ្វើ​ខ្លួន​ឲ្យ​ល្បី​ដូច​រៀម​ច្បង ដោយ​ការ​យក​បទ​របស់​រៀម​ច្បង គឺ​អ្នក​នាង ម៉េវ កែវ​ពេជ្ជតា មក​ច្រៀង។ ស៊ុននិច អះអាង​ថា នេះ​ជា​អ្វី​ដែល​រៀម​ច្បង​បាន​និយាយ​ក្នុង​ការ live កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។ យ៉ាង​ណា សាច់​រឿង​នេះ បាន​កើត​ឡើង​តាំង​ពី​នាង​ខ្លួន​ឯង(ស៊ុននិច) នៅ​ជា​កុមារភាព​ឯណោះ។

“បង​ដា គាត់​បាន​លើក​ឡើង​តាំង​ពី​ខ្ញុំ​ទើប​អាយុ​បាន ៨-៩​ឆ្នាំ ទើប​តែ​ប៉ិច​ពន្លក​ឡើង​ច្រៀង​ដំបូង គាត់​ថា​ខ្ញុំ​ក៏​ច្រៀង​តាម​គាត់ ច្រៀង​លំនាំ​តាម​បទ​គាត់ ហើយ​ចង់​ល្បី​តាម​គាត់...!”។

កាល​ណោះ ទូច ស៊ុននិច បាន​ឡើង​ច្រៀង​បទ "សូម​ពុក​វិល​វិញ" ហើយ​រៀម​ច្បង​លើក​ឡើង​ថា នាង​ច្រៀង​តាម​ខ្លួន និង​ចង់​ល្បី​តាម​ខ្លួន។ ចំពោះ​បញ្ហា​នេះ កញ្ញា ទូច ស៊ុននិច បញ្ជាក់​ថា កាល​ណោះ នាង​ទើប​តែ​អាយុ​បាន ៨-៩​ឆ្នាំ អត់​ដែល​ស្គាល់​រៀម​ច្បង ម៉េង កែវ​ពេជ្ជតា ជា​នរណា​ផង។ "ដូច្នេះ បង​ថា​ខ្ញុំ​ច្រៀង​បទ "សូម​ពុក​វិល​វិញ" នេះ​ថា ចង់​ល្បី​តាម​បង​ហ្នឹង ដូច​មិន​សម​ហេតុ​ផល​សោះ!”។

ជាង​នេះ​ទៅ​ទៀត អតីត​តារា​ចម្រៀង​អះអាង​ថា បទ "សូម​ពុក​វិល​វិញ" ដែល​នាង​ច្រៀង​នេះ គឺ​ជា​បទ​ដែល​លោក​ឪពុក​នាង​បាន​និពន្ធ​ដោយ​ផ្ទាល់​ថែម​ទៀត។ ហើយ​បើ​ទោះ​ត្រូវ​រៀម​ច្បង​ចោទ​ថា ឪពុក​កូន​ទាំង​ពីរ​នាក់​លួច​ចម្លង​បទ​របស់​ខ្លួន​នោះ ម្ចាស់​បទ "ឱ​ក្លិន​ផ្កា​ម្អម" អះអាង​ថា កាល​នោះ​នាង និង​ឪពុក ពិត​មិន​ដែល​បាន​ស្ដាប់​បទ​ចម្រៀង​របស់​តារា​ចម្រៀង​រៀម​ច្បង​សោះ ព្រោះ​ថា សម័យ​នោះ ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​ទាន់​រីក​ចម្រើន​ដូច​បច្ចុប្បន្ន​ផង។

ដូច្នេះ​ហើយ នាង និង​ឪពុក​មិន​ដែល​បាន​លឺ​បទ​ចម្រៀង​របស់​រៀម​ច្បង ម៉េង កែវ​ពេជ្ជតា ទេ ប៉ុន្តែ​ច្បាស់​ណាស់​ថា បទ​នោះ គឺ​នាង​ឃើញ​លោក​ឪពុក​អង្គុយ​និពន្ធ​ខ្លួន​ឯង​ដោយ​ផ្ទាល់។

ជុំ​វិញ​បញ្ហា​នេះ គិត​មក​ត្រឹម​រសៀល​ថ្ងៃ​ទី ២៧ ឧសភា នេះ មិន​ទាន់​ឃើញ អ្នក​នាង ម៉េង កែវ​ពេជ្ជតា ចេញ​ប្រតិកម្ម​បែប​ណា​នៅ​ឡើយ។ ក្រៅ​ពី​នេះ តារា​រៀម​ច្បង​ក៏​មិន​ទាន់​អាច​ភ្ជាប់​ទំនាក់ទំនង​សុំ​ការ​អធិប្បាយ​ជុំ​វិញ​រឿង​ដែល​កើត​ឡើង​នៅ​ឡើយ​ដែរ៕

ស្ដាប់​សំដី​របស់ ទូច ស៊ុននិច ខាង​ក្រោម៖

អត្ថបទ៖ ទារិកា