ទម្លាយឲ្យដឹង ប្រាក់ខែអ្នកដំឡើងកាស AirPods Pro នៅវៀតណាម

  • 2020-05-28 07:42:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ២២ ខែ​ឧសភា​កន្លង​ទៅ រូបភាព AirPods Pro ដែល​លើ​ប្រអប់​មាន​សរសេរ​ថា​ដំឡើង​នៅ​វៀតណាម ត្រូវ​បាន​ចុះ​ផ្សាយ​ព្រោងព្រាត​លើ​សារព័ត៌មាន ដែល​មាន​ន័យ​ថា Apple បាន​ចាប់​ផ្ដើម​ការ​​ដំឡើង​កាស​​ឥត​ខ្សែ​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស​ចិន​ជា​លើក​ដំបូង។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ The Information ក្រុមហ៊ុន​ដែល​ជា​ដៃ​គូ​របស់​ Apple នៅ​ប្រទេស​វៀតណាម អាច​ជា​ក្រុមហ៊ុន Goertek និង Luxshare-ICT។ Luxshare-ICT អាច​ជា​ក្រុមហ៊ុន​ដំបូង​ដែល​ចាប់​ផ្ដើម​ការ​​ដំឡើង​កាស AirPods Pro ឲ្យ​ Apple។

Luxshare-ICT មាន​រោងចក្រ​ចំនួន​បី​កន្លែង​នៅ​ប្រទេស​វៀតណាម ដែល​មាន​ទីតាំង​នៅ​​ខេត្ត​ Bac Giang, ខេត្ត​ Bac Ninh និង​​ខេត្ត​ Nghe An។ កាល​ពី​ដើម​ឆ្នាំ ២០២០ ក្រុមហ៊ុន​នេះ​បាន​បើក​ជ្រើស​រើស​បុគ្គលិក​ជាង ១២ ០០០ នាក់ ហើយ​ពេល​នេះ​នៅ​តែ​បន្ត​ស្វែង​រក​សម្រាប់​បំពេញ​នូវ​សង្វាក់​ផលិតកម្ម​របស់​ខ្លួន។

បុគ្គលិក​ធ្វើ​ការ​នៅ​រោងចក្រ​របស់ Luxshare-ICT បាន​ប្រាប់​សារព័ត៌មាន​វៀតណាម Zing ឲ្យ​ដឹង​ថា​ ​ក្នុង​មួយ​ខែ​​គេ​​អាច​​ទទួល​បាន​ប្រាក់​ខែ​​លើស​ពី ១០ លាន​ដុង (ប្រមាណ ៤២៨​ដុល្លារ)។ បុគ្គលិក​​នៅ​រោងចក្រ​មាន​ថ្ងៃ​ធ្វើ​ការ ២៦​ថ្ងៃ​ក្នុង​មួយ​ខែ និង​មាន​ថ្ងៃ​ឈប់​ ៤​ថ្ងៃ (ថ្ងៃ​អាទិត្យ)។ ពួក​គេ​ទទួល​បាន​ប្រាក់​ខែ​គោល​ ៤,៨លាន​ដុង (ប្រមាណ ២០៥​ដុល្លារ) ប៉ុន្តែ​បើ​ធ្វើ​ការ​ថែម​ម៉ោង​នា​​ពេល​យប់​ ១-២ម៉ោង​ជា​រៀង​រាល់​ថ្ងៃ និង​ថែម​ម៉ោង​រាល់​ថ្ងៃ​អាទិត្យ បូក​នឹង​ធ្វើ​ការ​នៅ​ថ្ងៃ​បុណ្យ​ឈប់​សម្រាក អាច​ឲ្យ​ពួក​គេ​បាន​ប្រាក់​ខែ​សរុប​​ជាង ១០​លាន​ដុង។

Luxshare-ICT ជា​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​​ទីក្រុង​ Shenzhen ប្រទេស​ចិន ដែល​បើក​ដំណើរ​ការ​នៅ​ឆ្នាំ ២០០៤។ អ្នក​បង្កើត​ក្រុមហ៊ុន​នេះ​គឺ​អ្នក​ស្រី Grace Wang ដែល​​ធ្លាប់​ជា​បុគ្គលិក​ដំបូងៗ​របស់​ក្រុមហ៊ុន Foxconn។ ត្បិត​ថា​មាន​អាយុ​កាល​តិច​មែន ប៉ុន្តែ Luxshare-ICT បាន​​ពង្រីក​ខ្លួន​ពី​ក្រុមហ៊ុន​ផលិត​គ្រឿង​បន្លាស់​តូច​ ក្លាយ​ជា​ក្រុមហ៊ុន​ធំ មាន​អតិថិជន​ធំៗ​ជា​ច្រើន​ដូច​ជា Apple, Huawei, OPPO, vivo និង Tesla ផង​ដែរ៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង