ហ៊ានតែប្រហែសប៉ុន្មានចំណុចនេះពេលនៅផ្ទះ អាចលើសជាតិស្ករប្រឈមជំងឺរ៉ាំរៃជាច្រើនមុខ

  • 2020-05-30 01:15:00
  • ចំនួនមតិ 6 | ចំនួនចែករំលែក 58

ចន្លោះមិនឃើញ

របបអាហារ គឺ ជាមូលហេតុចម្បងធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង។ កម្រិតជាតិស្ករត្រឹមត្រូវចាំបាច់សម្រាប់សុខភាព តែបើវាឡើងខ្ពស់ពេក អាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព​ តម្រងនោម, សរសៃឈាម, សរសៃប្រសាទ និង ភ្នែក , ប្រឈមនឹងការកើតជំងឺលើសឈាម និង ជំងឺទឹកនោមផ្អែម។

សញ្ញានៃការលើសកម្រិតជាតិស្ករក្នុងឈាម រួមមាន ៖ នោមញឹកនៅពេលយប់ , ស្រវាំងភ្នែក , មាត់ស្ងួត , របួសមិនងាយជា , ចេះតែមានបញ្ហាក្រពះ, ចេះតែអស់កម្លាំងជាប់សូរ , ស្រេចទឹកខ្លាំងខុសធម្មតា , ស្បែកស្ងួត និងរមាស់ , ឃ្លានរហូត, ឡើងជាតិខ្លាញ់ច្រើននៅលើក្បាលពោះ , មានបញ្ហាសរសៃប្រសាទ (មួម៉ៅ អារម្មណ៍មិននឹងនរ ឆាប់ខឹង) ។

តោះ! មើលទង្វើរសាមញ្ញ ១០ ចំណុចមនុស្សភាគច្រើនតែងធ្វើពេលនៅផ្ទះ នាំឲ្យឡើងជាតិស្ករទាំងមិនដឹងខ្លួន ដូចជា ៖

១.ទម្លាប់គេងលើគ្រែយូរម៉ោង៖ ល្អបំផុតអ្នកគួរគេង ៨ម៉ោងនៅពេលយប់ ។ បើលើសពីនេះ វាអាចនឹងធ្វើឲ្យរាងកាយអ្នកស្ពឹកស្រពន់ ហើយឈាមរត់មិនស្រួល។ ប្រសិនបើអ្នកកើយខ្នើយមិនស្រួល ឬមានគេងផ្អៀងយូរម៉ោង អ្នកអាចងើបមិនរួច ឬ ភ្ញាក់ពីគេងឡើង ឈឺក្បាល។

២. អត់ញុំាអាហារពេលព្រឹក ៖ ឈប់យល់ខុសថា អត់ញុំាអាហារពេលព្រឹកជួយឲ្យស្គម។ ទម្លាប់អត់អាហារពេលព្រឹក នឹងធ្វើឲ្យអ្នក ញុំាបាយថ្ងៃច្រើនៗ ហើយ រឹតតែឡើងគីឡូ។ ពិសេសខកអាហារពេលព្រឹក មានន័យថារាងកាយអ្នកបាត់បង់អាហារូបត្ថម្ភចាំបាច់ ដែលអាចឲ្យសុខភាពអ្នកចុះខ្សោយជារឿយៗ។

៣. ញុំាអាហារមិនទៀងពេល ៖ ភាគច្រើនកើតឡើងចំពោះអ្នករវល់ខ្លាំង ឬ អ្នកចង់តមអាហារឲ្យស្រកគីឡូ។ ជាទូទៅបើអ្នកញុំាអាហារខុសម៉ោងញ៉យៗ នឹងធ្វើឲ្យអ្នកប្រឈមនឹងការកើតមានជំងឺក្រពះ​រ៉ាំរៃ ។ មួយថ្ងៃគួរញ៉ាំអាហារឲ្យបាន ៣ពេល និងមានអាហារសម្រន់ខ្លះចន្លោះពេលអាហារទាំងបី ប៉ុន្តែក្នុងបរិមាណតិតតួចប៉ុណ្ណោះ។

៤. ញុំាអាហារហើយឆាប់ចូលសម្រាកពេក ៖ ការសិក្សាបង្ហាញថា ការដើរបន្ទាប់ពីញ៉ាំអាហារឲ្យបានយ៉ាងហោចណាស់ ១៥នាទី អាចដុតកាឡូរីបានពី ៦០ ទៅ៨០កាឡូរី។ លើសពីនេះ ការដើរ ឬធ្វើចលនាអាចជួយអ្នកកាត់បន្ថយជាតិស្ករ និងខ្លាញ់ក្នុងឈាម ហើយក៏ជួយដល់ដំណើរការរំលាយអាហារបានដែរ។

៥. ទំពាអាហារលឿនពេក ៖ អ្នកគួរចំណាយពេលទំពាម្ហូប​ឲ្យសព្វ និងញុំាតាមសម្រួល យ៉ាងហោចណាស់ ២០នាទី ក្នុងពេលញុំាអាហារ​។ ការលេបអាហារលឿន ខណៈមិនទាន់បានទំពាបំបែជាតិអាហារូបត្ថម្ភក្នុងម្ហូបនោះ វានឹងមិនអាចផ្តល់ជីវជាតិមានប្រយោជន៍ដល់រាងកាយអ្នកឡើយ។

៦. កង្វះ​ចលនា ៖ ពិសេស​សម្រាប់​អ្នក​ធ្វើ​ការងារ​នៅ​ផ្ទះ ច្រើន​មាន​បញ្ហា​អង្គុយ​ភ្លេច​ងើប ធ្វើ​ឲ្យ​​ចុក​រោយ​ដៃ ជើង និង​ឈឺ​ចង្កេះ បើ​​បណ្តោយ​​បែបនេះ​យូរ​ អាច​ធ្វើឲ្យ​អ្នក​មានបញ្ហា​ឈឺសាច់ដុំរ៉ាំរៃ​។ អ្នក​ត្រូវ​ងើប​ឈរ ពុត​ខ្លួន ដើរ​ទៅ ដើរ​មក​ឲ្យ ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ៥ ទៅ ១០នាទី ក្នុងផ្ទះ កាន់​តែ​ប្រសើរ​បើ​ផ្ទះ​អ្នក​មាន​ជណ្តើរ​ឡើង​ចុះ ។

៧. គិតច្រើន ដល់ស្ត្រេស ៖ ពេលអ្នកតានតឹងអារម្មណ៍ គិតច្រើនជ្រុល រាងកាយអ្នកនឹងបង្កើតអ័រម៉ូនម្យ៉ាង ដែលបណ្តាលឲ្យជាតិស្ករក្នុងឈាមកើនឡើង។

៨. ចូលគេងយប់ជ្រៅ ៖ គុណភាពដំណេកមិនល្អ ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងសម្រស់ ព្រោះមានតែពេលដែលអ្នកគេងលក់ស្កប់ស្កល់ប៉ុណ្ណោះដែលរាងកាយអ្នកអាចផលិតបានអ័រម៉ូនទៅពង្រឹងប្រព័ន្ធការពាររាងកាយឲ្យរឹងមាំ។

៩. ចូលចិត្តញុំាស្ករគ្រាប់ ៖ មនុស្សភាគច្រើនដាក់ស្ករគ្រាប់តាមខ្លួន ព្រោះពេលខ្លះស្ងួតបំពង់ករ ឬ ឃ្លាន អាចញុំាស្ករគ្រាប់គ្រាន់ជួយបន្ថែមកម្លាំង និងជួយបំបាត់ក្លិនមាត់។ គួរកុំញុំាស្ករគ្រាប់ច្រើន ឬ លើសពី ៣គ្រាន់ឲ្យសោះក្នុង១ថ្ងៃ ព្រោះទោះវាជាគ្រាប់តូច តែកម្រិតជាតិស្ករអាចមានច្រើន ពិសេសនេះជាប្រភេទស្ករកែរច្នៃ ដែលមិនល្អចំពោះសុខភាពឡើយ។

១០. ភ្លេចផឹកទឹក ៖ ភាគច្រើនអ្នកនៅផ្ទះយូរ តែងភ្លេចផឹកទឹក។ នេះគឺដោយសារមិនសូវបាននិយាយស្តី ដែលនាំឲ្យស្ងួតមាត់នឹកនារកទឹក ដូចពេលចេញក្រៅ។ ដើម្បីរក្សាបាននូវសុខភាពល្អ អ្នកគួរញុំាទឹកឲ្យបានយ៉ាងហោចណាស់ ២លីត្រក្នុង១ថ្ងៃ ឬច្រើនជាងនេះ។

ដំណោះស្រាយ ៖ កុំឲ្យលើសជាតិស្ករក្នុងឈាមពេលអ្នកនៅផ្ទះច្រើន សម្រាប់អ្នកមិនទាន់ឈានដល់មានជំងឺលើសឈាម ឬ ទឹកនោមផ្អែម គឺគ្រាន់តែ កែតម្រូវរបបអាហារ (មានសាច់ បន្លែ ផ្លែឈើ) កាត់បន្ថយការញុំាផ្អែម និងធ្វើលំហាត់ប្រាណ បញ្ចេញញើស ឲ្យបានយ៉ាងហោចណាស់ ៣០នាទី ទៅ១ម៉ោងជារៀងរាល់ថ្ងៃ៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ លីដា