ហេតុផល​សំខាន់​៤ ដែល​ធ្វើ​ឲ្យ​តារា​ចម្រៀង សោភា ទេពី ចូល​ហាត់​ក្បាច់គុន​ល្បុក្កតោ

  • 2020-06-17 03:51:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​កំពុងឡើងកូដ និង​ជា​អតីត​បេក្ខនារី​ប្រឡង​ក្នុង​កម្មវិធី Cambodian Idol រដូវ​កាល​ទី៣ ​កញ្ញា សោភា ទេពី បាន​ចូល​ហាត់​ក្បាច់​គុន​ល្បុក្កតោខ្មែរ​២​សប្ដាហ៍​ហើយ​ ជាមួយ​គ្រូ​គុន​ជើង​ចាស់ ​២​រូប នៅ​កីឡាដ្ឋាន​​ស្ដាត​ចាស់។

សោភា ទេពី និយាយ​ថា អស់​រយៈ​ពេល​ជាង​១​ឆ្នាំ​ហើយ​ដែល​នាង​ដក់​ចិត្ដ​នឹង​ក្បាច់​គុន​ល្បុក្កតោ​ខ្មែរ តែ​មិន​ដឹង​ថា​ទៅ​ហាត់​នៅ​ទី​ណា ហើយ​ម្យ៉ាង​ខ្លាច​ប៉ា-ម៉ាក់​ស្ដី​បន្ទោស​ផង។ ទើប​ពេល​នេះ​នាង​បាន​សម្រេច​ចូល​ហាត់​តែ​ម្ដង​ដោយ​មាន​ការ​គាំទ្រ​ពី​ប៉ា-ម៉ាក់ ព្រម​ទាំង​មាន​ការ​តាំងចិត្ត​ដោយ​ខ្លួនឯង​ផងថានឹងហាត់ឲ្យចេះនូវក្បាច់គុននេះ។

សោភា ទេពី សម្រប​ខ្លួន​បាន​យ៉ាង​លឿន​ពី​តារា​ចម្រៀង​ដែល​មាន​កាយវិការ​ល្វត​ល្វន់​នៅ​ក្នុង​ស្ទូឌីយូ ទៅ​ឈ​រ​លើ​សង្វៀន​ក្បាច់គុនយ៉ាង​អង់អាច និង​មាន​ភាព​ស្វាហាប់​បំផុត៖ "ហាត់​១​អាទិត្យ​ដំបូង​ឈឺ​ខ្លួ​ន​ណាស់​បង​អើយ...តែ​ឥឡូវ​ធម្មតា​វិញ​ហើយ ហើយ​ខ្ញុំសង្ឃឹម​ថា​ទទួល​បាន​ចំណេះ​ដឹង និងក្បាច់គុនពី​លោក​គ្រូ-អ្នក​គ្រូ​បាន​លឿន"។

ទេពី បញ្ជាក់​ថា មាន​ហេតុផល​សំខាន់​ៗ​ចំនួន​ ៤​ដែល​ធ្វើ​ឲ្យ​នាង​កាន់​តែ​មាន​ទឹក​ចិត្ដ​ហាត់​ក្បាច់​គុន​ល្បុក្កតោ​ខ្មែរ គឺ​ទី១ ចង់​លើក​ស្ទួយ​សិល្បៈ​ក្បាច់​គុន​ល្បុក្កតោ​ខ្មែរ ទី២ ចង់​ការពារ​ខ្លួន​ពេល​មាន​រឿង​អ្វី​មួយ​កើត​ឡើង ទី៣​ជួយ​ឲ្យ​នាង​ស្រក​គីឡូ និង​មាន​សុខភាព​ល្អ និង​ទី៤ ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​មនុស្ស​រឹង​មាំ​ទាំង​ផ្លូវកាយ និង​ផ្លូវ​ចិត្ត។

ក្បាច់គុន​ល្បុក្កតោ​ខ្មែរដែល​បង្ហាត់​ដោយ​លោក​គ្រូ សេរី វង្ស និង​អ្នកគ្រូ ពេជ្រ ចរណៃ នៅ​កីឡា​ដ្ឋាន​​​ស្ដាត​ចាស់ គឺហាត់​នៅ​រៀងរាល់​ថ្ងៃ​សៅរ៍ និង​អាទិត្យ ចាប់​ពី​ម៉ោង​៥​កន្លះ រហូត​ដល់​ម៉ោង​៧​យប់។

បើ​តាម សោភា ទេពី ដំបូង​ឡើងយការ​ហាត់​នេះ​មិន​តម្រូវឲ្យបង់​ប្រាក់​ទេ ប៉ុន្តែ​ដោយ​បច្ចុប្បន្ន​មាន​សិស្ស​ច្រើន​ គឺប្រមាណ​ជា ២០០​នាក់ ទើប​គ្រូ​គុន​ សម្រេច​ចិត្ត​ថា​ឲ្យ​កូន​សិស្ស​ជួយ​បង់​ប្រាក់​១៥​ដុល្លារ ក្នុង​១ខែ​វិញ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ