ឡានតូចតែប្រណីត Audi Q3 ទទួលបានការចាប់អារម្មណ៍ខ្លាំង ថ្ងៃបើកបរសាកល្បង

  • 2020-06-29 05:21:48
  • ចំនួនមតិ 23 | ចំនួនចែករំលែក 27

ចន្លោះមិនឃើញ

យើងអាចនិយាយបានថា Audi Q3 មិនមែនជា SUV ដ៏ខ្លាំងក្លាបំផុតឡើយ ប៉ុន្តែការបំពាក់បច្ចេកវិទ្យាទំនើបៗជាច្រើន បូកផ្សំទាំងប្រណីតភាពរបស់វា បានធ្វើឲ្យវាក្លាយជារថយន្តដ៏លេចធ្លោបំផុតមួយ ក្នុងចំណោមគូប្រជែងដែលជា SUV ខ្នាតតូចប្រណីត។

ផ្នែកខាងក្រៅ

រថយន្តតួខ្ពស់នេះ ត្រូវបានឌីហ្សាញឡើងដើម្បីទាក់ទាញមនុស្សជំនាន់ថ្មី ជាមួយនឹងរូបរាងដ៏ហំ មិនចាញ់ម៉ូដែល Q5 និង Q7 ប៉ុន្មានឡើយ។ ផ្នែកខាងមុខ វាមានបំពាក់ចង្កៀងមុខ Matrix LED ដ៏ភ្លឺច្បាស់ និងមិនចាំងភ្នែកអ្នកដំណើរមកពីខាងមុខ ព្រមទាំងអាចទម្លាក់ភ្លើងដោយស្វ័យប្រវត្តិ លម្អបន្ថែមដោយចង្កៀងបំភ្លឺពេលថ្ងៃយ៉ាងស្រស់ស្អាត។

ចំណែកឯផ្នែកខាងក្រោយក៏មិនខុសគ្នាដែរ ដោយបំពាក់ចង្កៀងប្រភេទ LED ជាមួយនឹងស៊ីញ៉ូប្រដេញ Dynamic Turn Signal ទៀតផង។ វាក៏មានជម្រើសយ៉ាន់ Alloy ដែលធន់ និងរឹងមាំ ពីទំហំ ១៨ ដល់ ២០អ៊ីញផងដែរ។

ផ្នែកខាងក្នុង

ថ្វីបើជា SUV ខ្នាតតូច ប៉ុន្តែ Q3 មានកាប៊ីនធំទូលាយ អាចផ្ទុកមនុស្សចំនួន ៥នាក់ យ៉ាងមានផាសុខភាព មិនថាការធ្វើដំណើរផ្លូវជិត ឬឆ្ងាយឡើយ។ មិនតែប៉ុណ្ណោះ កាប៊ីនខាងក្នុងត្រូវបានរៀបចំឡើងយ៉ាងប្រណីត ជាមួយនឹងការប្រើប្រាស់គ្រឿងបរិក្ខារគុណភាពខ្ពស់ផងដែរ។

ជាមួយគ្នានេះ វាមានបំពាក់កុងទ័រឌីជីថលទំហំ ១០,៣អ៊ីញ និងអេក្រង់កម្សាន្តដល់ទំហំ ១០,១អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ទៀតផង។ ដៃចង្កូតរបស់វាត្រូវបានស្រោបដោយស្បែក ហើយថែមទាំងមានចង្កឹះលេខ ដែលអនុញ្ញាតឲ្យអ្នកបើកបរអាចប្រើលេខដៃបានផងដែរ។

រឹតតែពិសេសជាងនេះទៅទៀត វានឹងផ្តល់បទពិសោធន៍ធ្វើដំណើរដ៏អស្ចារ្យ ជាមួយនឹងប្រព័ន្ធសំឡេង Bang & Olufsen Premium Sound System ជាមួយបច្ចេកវិទ្យា Virtual 3D Sound ដែលមាន Speaker រហូតដល់ទៅ ១៥គ្រាប់ សរុបកម្លាំង ៦៨០វ៉ាត់ឯណោះ។ ក្រៅពីនោះ វាក៏មានបំពាក់ប្រព័ន្ធភ្លើងបំភ្លឺក្នុងកាប៊ីន ដែលអាចជ្រើសរើសពណ៌រហូតដល់ទៅ ៣០ពណ៌ខុសៗគ្នា និង Option ដំបូលកញ្ចក់វែង Panoramic Glass Sunroof ផងដែរ។

ម៉ាស៊ីន, ប្រអប់លេខ, ដំណើរការ និងកម្រិតស៊ីសាំង

Audi Q3 បំពាក់ម៉ាស៊ីនសាំង ចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង turbocharged មានកម្លាំង ១៥០សេះ ប្រើប្រអប់លេខអូតូ ៧វគ្គ ប្រភេទ S Tronic និងប៉ុងមួយវិលកង់មុខ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៩,២វិនាទី ដែលល្អសម្រាប់ការវ៉ារជែង ហើយមានល្បឿនអតិបរមារហូតដល់ទៅ ២១០គីឡូម៉ែត្រក្នុងមួយម៉ោង។

ចំពោះកម្រិតស៊ីសាំងវិញគឺត្រឹមតែ ៥ ទៅ ៦លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ ហើយធុងសាំងរបស់វាអាចផ្ទុកបានចំណុះ ៥៨លីត្រឯណោះ។

តួ/ជើងក្រោយរបស់វាមានតុល្យភាពល្អ ក្នុងការរក្សាលំនឹងពេលបើកបរប្រកបដោយផាសុកភាព ហើយកម្ពស់ពីបាតរថយន្តទៅដីមានកម្ពស់ខ្ពស់ ខណៈរថយន្តប្រើប៉ុងមុខមានភាពរហ័សនៅលើផ្លូវរាបស្មើ។

សុវត្ថិភាព និងមុខងារជំនួយការបើកបរ

រថយន្ត Audi Q3 ស៊េរីឆ្នាំ២០២០ ទទួលបានចំណាត់ថ្នាក់ល្អបំផុត ពោលគឺ "ផ្កាយ៥" ពី NHTSA ហើយក៏ទទួលបានចំណាត់ថ្នាក់ Top Safety Pick+ ពី IIHS ផងដែរ។ SUV ខ្នាតតូចប្រណីតនេះមានផ្តល់មុខងារជំនួយការបើកបរ និងបច្ចេកវិទ្យាសុវត្ថិភាពជាច្រើន ដោយក្នុងនោះរួមមានដូចជា ចង្កៀងមុខបើកហ្វាអូតូ, ហ្វ្រាំងអូតូ AEB, ប្រព័ន្ធទប់លំនឹង ESC, ប្រព័ន្ធគ្រប់គ្រងចុះចំណោតពីលើភ្នំ HDC, ពោងសុវត្ថិភាពការពារផ្នែកចំហៀង និងពោងសុវត្ថិភាពការពារក្បាល ជាដើម។ អ្វីដែលរឹតតែពិសេសគឺមុខងារ Audi Pre Sense ដែលរថយន្តនឹងចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ នៅពេលមានឧបសគ្គឆ្លងកាត់ពីមុខ និងពីក្រោយរថយន្ត។

ខាង​ក្រោម​ជា​សកម្មភាពនៃកម្មវិធីបើកបរសាកល្បងនូវរថយន្ត Audi Q7 PI , Q3 S-Line និង​ Q2 S-Line កាល​ពី​ថ្ងៃ​ទី ២៧-២៨ ខែមិថុនា ដែលមានការចូលរួមយ៉ាងច្រើនកុះករ។ ក្នុងចំណោមរថយន្ត​ទាំង​បី ដែល​បាន​ដាក់​តាំង​បង្ហាញ​ក្នុង​កម្មវិធី ​រថយន្ត​ Audi Q3 ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ ដោយ​សារ​ជា​ម៉ូដែល S-Line លក្ខណៈ Sport ​សក្ដិសមបំផុតសំរាប់យុវវយ័៕

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី