មន្ទីរ​កសិកម្ម​ខេត្ត​សៀមរាប ប្រកាស​ហាម​ឃាត់​មិន​ឲ្យ​ទិញ-លក់​សត្វ​សុនខ

  • 2020-07-07 12:44:25
  • ចំនួនមតិ 34 | ចំនួនចែករំលែក 110

ចន្លោះមិនឃើញ

មន្ទីរ​កសិកម្ម​ រុក្ខប្រមាញ់ និង​នេសាទ​ខេត្ត​សៀមរាប​ចេញ​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃ​ទី៦ ខែ​កក្កដា ឆ្នាំ២០២០ ស្ដី​ពី​ការ​ហាមឃាត់​អាជីវកម្ម​ទិញ-លក់​សត្វ​សុនខ (ឆ្កែ) គ្រប់​ប្រភេទ​ ដោយ​គ្មាន​ការ​អនុញ្ញាត។

រូបភាព៖ អង្គការអន្តរជាតិ​ Four Paws

មន្ទីរ​បាន​លើក​ពី​សារៈសំខាន់​របស់​សត្វ​ឆ្កែ ដោយ​គូស​បញ្ជាក់​ពី​គុណ​តម្លៃ​សម្រាប់​ការពារ​ផ្ទះ ចំការ ហ្វូង​សត្វ និង​ក្នុង​វិស័យ​យោធា។

យ៉ាងណាមិញ​ ក្នុង​មួយ​រយៈ​ចុង​ក្រោយ ការ​ដើរ​ទាក់​លក់-ទិញ​ឆ្កែ មាន​ការ​កើន​ឡើង​គួរ​ឲ្យ​បារម្ភ។ យោង​តាម​ការ​ប៉ាន់ស្មាន​របស់​អង្គការ Four Paws សត្វ​ឆ្កែ​ប្រមាណ​ ២ ទៅ ៣លាន​ក្បាល​បាន​លួច​ និង​សម្លាប់​យក​សាច់​ជា​រៀង​រាល់​ឆ្នាំ​នៅ​កម្ពុជា។

ការ​ធ្វើ​សកម្មភាព​ដើរ​ទាក់​សត្វ​ឆ្កែ លួច ទិញ និង​សម្លាប់​សត្វ​ឆ្កែ​ ដោយ​គ្មាន​ច្បាប់​ទម្លាប់​ នឹង​ទទួល​ទោស​តាម​មាត្រា​១១២ ១១៣ និង​១១៥ច្បាប់​ស្ដីពី​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ ដោយ​ជនល្មើស​អាច​នឹង​ផាក​ពិន័យ​ជា​ទឹកប្រាក់​ចំនួន ៧លាន​រៀល រហូត​ដល់​៥០លាន​រៀល ហើយ​អាច​ជាប់​ពន្ធនាគារ​ពី ២ឆ្នាំ ទៅ ៥ឆ្នាំ៕

អត្ថបទ៖ ហ៊ីម រស្មី