ហាងកាហ្វេប្រោនថ្មីក្នុងតំបន់បឹងកក់ រចនាប្រៀបដូចជាកូនភ្នំ ប្លែកភ្នែកអស្ចារ្យ

  • 2020-07-11 03:47:46
  • ចំនួនមតិ 256 | ចំនួនចែករំលែក 265

ចន្លោះមិនឃើញ

កាលពីថ្ងៃសុក្រទី០៣ ខែកក្កដានេះ ប្រោនទើប​តែបើកសាខាថ្មីចុងក្រោយមួយថ្មីប្លែករបស់ខ្លួន ដែលមានឈ្មោះថា ប្រោន រូ៉ស្តឺរី ខាលែនឌែល (BROWN Roastery Khalandale) ដែលការរចនាមានលក្ខណៈថ្មីប្លែកដូចសព្វមួយដង មើលទៅ ដូចជាកូនភ្នំមួយ អមដោយរុក្ខជាតិតូចៗជាច្រើន មើលទៅពិតជាស្រស់ស្អាតខ្លាំងខុសប្លែកលើស​ពីហាង​កាហ្វេ​ទាំងអស់ ​ដែលយើងធ្លាប់ចូលកន្លងៗមក។

បើតាមហ្វេសប៊ុកផេករបស់ប្រោន សាខាប្រោនរូ៉ស្តឺរឺ ខាលែនឌែលនេះត្រូវបានគេហៅថា “ភ្នំកាហ្វេប្រោន”។ ​ជាក់​ស្ដែង ការរចនារបស់ហាង គឺយកលំនាំតាមចម្ការកាហ្វេ ដែលគេតែងតែដាំតាមជម្រាលភ្នំខ្ពស់ៗនៅជុំវិញពិភពលោក។ កន្លែងអង្គុយ ត្រូវបានបែងចែកជាថ្នាក់ៗ ពីទាបទៅខ្ពស់តាមជម្រាលទេររបស់កូនភ្នំកាហ្វេមួយនេះ ហើយ​ថ្នាក់នីមួយៗមានរាងកោង និងមានរុក្ខជាតិតូចៗដុះយ៉ាងស្គុះស្គាយនៅតាមជាយនៃគ្រប់ថ្នាក់ទាំងអស់។ រុក្ខជាតិខ្លះវិញមានកូនមែកតូចៗ​ធ្លាក់​តាម ជញ្ជាំងទៀតផង ដែលមើលទៅមានអារម្មណ៍ថា ដូចជាភ្នំធម្មជាតិមែនទែនអញ្ជឹង។

បើនិយាយពីអារម្មណ៍នៅពេលដែលបានចូលទៅញ្ាុំកាហ្វេឬទទួលទានអាហារនៅទីនោះវិញគឺមានអារម្មណ៍ពិសេសពីថ្មីបែបឯកជន។ ដោយសារតែជញ្ជាំងថ្ម និងរុក្ខជាតិ ហើយកន្លែងអង្គុយត្រូវ​បានរៀបចំជាលក្ខណៈបន្ទាត់កោង អតិថិជននឹងមានអារម្មណ៍ថាគាត់នៅដាច់ដោយឡែកពីអ្នកដទៃ បើទោះបីជាគាត់មិនមែននៅ​ទីនោះតែម្នាក់ឯងក៏ដោយ។ រុក្ខជាតិធម្មជាតិ ពន្លឺព្រះអាទិត្យដ៏ស្រទន់ ការៀបចំកន្លែងអង្គុយតាមជម្រាល អមជាមួយរាងកោងរបស់កូនភ្នំ និងទេសភាព នៃទីក្រុងថ្មីរបស់ ទីក្រុងគុជនៃសហគមន៍បឹងកក់ អាចធ្វើឲ្យអ្នកស្ងប់ចិត្ត ធូរស្រាលពីសម្ពាធ និងរសាយអារម្មណ៍តានតឹងដែលកើត​ចេញពី ការសិក្សា ការជួញដូរ​ ឬពីការងារដ៏មមាញឹកប្រចាំថ្ងៃ។ ការរៀបចំរបស់ហាង និងបរិយាកាស​ទាំងមូល ក៏សក្ដិសមខ្លាំងផងដែរ សម្រាប់ ការជួបជុំផ្សារភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ ពិភាក្សាកិច្ចការងារ និងអង្គុយផ្ចង់អារម្មណ៍ធ្វើកិច្ចការងាររបស់ខ្លួនឯងតែម្នាក់ឯង។

ជាចុងក្រោយ ហាងថ្មីនេះគឺហ៊ុមព័ទ្ធដោយជញ្ជាំងកញ្ចក់សុទ្ធ ដូច្នេះយើងក៏អាចគយគន់ថ្ងៃលិចដ៏ស្រស់ស្អាតនៃទីក្រុងថ្មីនេះ បានដែរ ប្រសិនបើ​យើង​ អង្គុយចាប់ពីជាន់ទី២ ឡើងទៅ។ បើនិយាយទៅ គឺដូចអង្គុយតាមជម្រាលភ្នំទទួលទានកាហ្វេ មែនទែនអញ្ជឹង​ ហើយគ្រាន់តែគិតក៏មានអារម្មណ៍ល្អដែរ។​

ហាងថ្មីនេះ បានសម្ពោធជាផ្លូវការនៅថ្ងៃទី ០៣ ខែកក្កដា​ ហើយបើកដំណើរការជារៀងរាលថ្ងៃ ចាប់ពីម៉ោង ៦:៣០ ព្រឹក ដល់ម៉ោង ៩:០០ យប់។​

ផ្សារ​ទំនើប​សហគមន៍ KHALANDALE ទីតាំង​លេខ LOT 002, ជាន់ផ្ទាល់ដី ភូមិ​បឹងកក់ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។