មកមើលការប្រណាំង Mercedes-AMG ជាមួយ Drone ល្បឿនលឿន ទើបដឹងថាញាក់សាច់ (មានវីដេអូ)

  • 2020-07-20 05:21:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រណាំងល្បឿន សម្រាប់យានយន្តមានច្រើនបែប ច្រើនសណ្ឋាន ដោយភាគច្រើនមានម៉ូតូ និងរថយន្ត ដែលជាការប្រណាំង ដ៏ពេញនិយមជុំវិញពិភពលោក។ ដោយហេតុថា ល្បឿនជាផ្នែកមួយដ៏សំខាន់នៃយានយន្ត ក្រុមហ៊ុនផលិតរថយន្តទំនើបភាគច្រើន ផ្ដោតលើការផលិតម៉ាស៊ីនដែលមានអានុភាពខ្លាំង អាចបង្កើនល្បឿន ពី ០ ទៅ ១០០ គ.ម/ម៉ តិចជាង ៥ វិនាទី ហើយល្បឿនកំពូលសុទ្ធតែដល់ ៣០០ គ.ម ក្នុងមួយម៉ោងឯណោះ។

ជាក់ស្តែង រថយន្តដែលផលិតដោយក្រុមហ៊ុនអាឡឺម៉ង់ Mercedes ត្រកូល AMG ម៉ូដែល GT Roadster ជារថយន្តស្ព័រ បើកដំបូលបាន មានម៉ាស៊ីនទំហំ ៤ លីត្រ ប្រភេទ Twin Turbo ស៊ីឡាំង ៨ ប្រភេទ V ដែលអាចបង្កើនអានុភាពបានដល់ ៤៧៦ សេះ បង្កើនល្បឿនពី ០ ទៅ ១០០ គ.ម/ម៉ ប្រើពេលជិត ៤ វិនាទីតែប៉ុណ្ណោះ ហើយអាចរត់បានរហូតដល់ទៅល្បឿន ៣០២ គ.ម/ម៉។

រឿងមួយដែលប្លែក គឺគេបានយករថយន្ត Mercedes-AMG GT Roadster មួយគ្រឿងនេះ មកប្រកួត ជាមួយនឹង Drone ប្រភេទប្រណាំង មិនស្គាល់ម៉ាក ដោយគ្រាន់តែដឹងថាវាមានស្លាប ៤ មានតួធ្វើពីកាបូនស្តង់ដារ និងមានទម្ងន់ប្រមាណ ៥៣៥ ក្រាមប៉ុណ្ណោះ។ អ្វីដែលគួរឲ្យចាប់អារម្មបំផុតនោះគឺ Drone នេះអាចបង្កើនល្បឿន ពី ០ ទៅ ១០០ គ.ម/ម៉ ប្រើពេលតិចជាង ១ វិនាទីទៅទៀត ប៉ុន្តែវាមានល្បឿនអតិបរមាត្រឹម ១៨០ គ.ម/ម៉ ចាញ់ Mercedes-AMG GT Roadster។

ការប្រណាំងនេះ ត្រូវបានចែកចេញជា ៣ វគ្គ ដោយវគ្គទី ១ មានប្រវែង ១០០ ម៉ែត្រ វគ្គទី ២ មានប្រវែង ២០០ ម៉ែត្រ និងវគ្គទី ៣ មានប្រវែង ៣០០ ម៉ែត្រ។ នៅក្នុងវគ្គទី ១ Drone ប្រណាំងនោះស៊ី Mercedes-AMG GT Roadster ផុយតែម្ដង ដោយសារតែសំទុះដ៏លឿនអស្ចារ្យរបស់វា។ ពេលបន្តនៅក្នុងវគ្គទី ២ Drone ប្រណាំងដែលបញ្ជាដោយមនុស្សនោះ នៅតែជាអ្នកឈ្នះដដែល។ ប៉ុន្តែ នៅពេលដល់វគ្គទី ៣ ដែលជាវគ្គ ៣០០ ម៉ែត្រវិញ គេឃើញថា Drone ប្រណាំងនោះ មិនអាចហោះដល់ល្បឿនរបស់ Mercedes-AMG GT Roadster នោះឡើយ។

ចង់ដឹងថាការប្រណាំងនោះបែបណា អាចទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ Motor1   ប្រែសម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម