ក្រសួងសាធារណការ បើកកិច្ចប្រជុំផ្សព្វផ្សាយ អំពីដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មអនុញ្ញាតិឲ្យនាវាចូលតាមកំពង់ផែកម្ពុជា

  • 2020-07-21 04:11:03
  • ចំនួនមតិ 1 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពី ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការផ្តល់លិខិតអនុញ្ញាតិអោយនាវាចូលតាមកំពង់ផែកម្ពុជា ដែលមានតំណាងអញ្ជើញចូលរួមពីឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ តំណាង ឯកឧត្តម ស៊ុន ចាន់ថុល រួមជាមួយនិង ថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុន តំណាងធនាគារ និងមន្ត្រីជំនាញពាក់ព័ន្ធ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។

គោលបំណងនៃកិច្ចប្រជុំ គឺផ្តោតទៅលើ ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មផ្តល់លិខិត អនុញ្ញាតិអោយនាវា ចូលតាមកំពង់ផែកម្ពុជា ដល់គ្រប់ភាគីពាក់ព័ន្ធ ដែលទទួលបន្ទុកផ្តល់លិខិតអនុញ្ញាតិ ចូលតាមកំពង់ផែ ដូចជា៖ ប្រតិបត្តិការ និងនិតិវិធីបំពេញទម្រង់ បែបបទចូលចតនាវា ក៏ដូចជានិតិវិធីនៃការទូទាត់ថ្លៃសាវា តាមប្រព័ន្ធអនឡាញ (ជាមួយធនាគារឯកទេសវីង)។

ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ធ្វើការដាក់ពាក្យ និងទូទាត់ប្រាក់ថ្លៃសេវា តាមប្រព័ន្ធអនឡាញនេះ ជាជោគជ័យថ្មីមួយទៀត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ណាមួយនេះជាគោលនយោបាយស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងការបង្ខិតសេវាសាធារណទៅកៀកក្បែរនិងប្រជាពលរដ្ឋ។

យ៉ាងណាមិញ លោកក៏បានសម្តែងនូវការកោតសរសើរចំពោះ ក្រុមការងារជំនាញពាក់ព័ន្ធនៃអគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវទឺក សមុទ្រ និងកំពង់ផែ ជាពិសេសក្រុមការងារ IT បស់នាយកដ្ឋានព័ត៌មាន វិទ្យា និងទំនាក់ទំនងសាធារណៈ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងបានសហការណ៍គ្នាអស់ពី កម្លាំងកាយចិត្ត និងពេលវេលាដើម្បីរៀបប្រព័ន្ធនេះឱ្យចេញជារូបរាងឡើង និងបានស្នើឱ្យក្រុមការងារ ជំនាញពាក់ព័ន្ធទាំងអស់បន្តវប្បធម៌សហការដ៏ស្អិតរមួតនេះបន្តទៀតដើម្បីបំពេញចំណុចខ្វះខាត សំដៅឱ្យប្រព័ន្ធនេះមានសុក្រឹតភាព និងមានភាពជឿទុកចិត្ត ក្នុងការបម្រើសេវាសាធារណៈ និងបម្រើឱ្យឧត្ដម ប្រយោជន៍របស់ជាតិមាតុភូមិ៕

អត្ថបទ ៖ Art