ក្រៅពីទស្សនាព្រៃកោងកាង តើពាមក្រសោប មានអ្វីពិសេសទៀត? (វីដេអូ)
- 2020-07-24 03:35:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅពីទស្សនាព្រៃកោងកាង តើពាមក្រសោប មានអ្វីពិសេសទៀត? (វីដេអូ)
ចន្លោះមិនឃើញ
ពាមក្រសោប គឺជាទីតាំងទស្សនាព្រៃកោងកាងដ៏ធំមួយនៅកម្ពុជា។ មានទីតាំងស្ថិតក្នុងដែនជម្រកសត្វព្រៃពាមក្រសោប នៃស្រុកមណ្ឌលសីមា ខេត្តកោះកុង សហគមន៍ទេសចរណ៍ធម្មជាតិមួយនេះ មានចម្ងាយប្រមាណ ៧គីឡូម៉ែត្រប៉ុណ្ណោះពីក្រុងខេមរភូមិន្ទ។
រមណីយដ្ឋានទេសចរណ៍ធម្មជាតិពាមក្រសោប ដែលអ្នកស្រុកនិយមហៅថា បាងកាយ៉ាក ពិតជាបានបង្កប់នូវសក្តានុពលធម្មជាតិដ៏សម្បូរបែប។ នៅពីក្រោមព្រៃកោងកាងដ៏ខៀវស្រងាត់ ស្ពានបេតុងមួយខ្សែប្រវែង ៦៦៦ម៉ែត្រ នឹងនាំផ្លូវភ្ញៀវទេសចរ ធ្វើដំណើរទស្សនាព្រៃកោងកាងដ៏ស្រស់ត្រកាល។ តភ្ជាប់ពីស្ពានបេតុងមួយនេះ សហគមន៍បានកសាងស្ពានយោលមួយខ្សែទៀត សម្រាប់ភ្ញៀវទេសចរដើរកម្សាន្ត។ នៅក្បែរស្ពានយោលនេះដែរ អាចឡើងលើប៉មដ៏ខ្ពស់ដើម្បីទស្សនាទិដ្ឋភាពពាមក្រសោបពីលើអាកាសបានយ៉ាងស្រស់ស្អាត។
បន្តការកម្សាន្តតាមទូកសហគមន៍ ជាញឹកញាប់យើងនឹងប្រទះទូកនេសាទតូចធំ ធ្វើសកម្មភាពយ៉ាងមមាញឹក ក្នុងការប្រមូលផលនេសាទ។ ក្នុងដំណើរទស្សនាចរណ៍នេះដែរ គេក៏មិនអាចរំលងក្រសែភ្នែកចេញពីបណ្ដុំផ្ទះបណ្ដែតទឹកតូចៗសង់នៅខាងស្ដាំដៃបានឡើយ។ នៅទីនេះ ត្រូវបានគេហៅថាភូមិចាស់ ដែលជាភូមិរបស់បងប្អូនប្រជានេសាទស្នាក់អាស្រ័យ។
បន្តដំណើរ មិនដល់ ១០នាទីផង យើងនឹងទៅដល់កូនកោះតូចមួយផូសឡើងកណ្ដាលជលសារ ដែលមានឆ្នេរខ្សាច់ និងព្រៃលិចទឹក បង្អួតសម្រស់ដាក់អ្នកទេសចរគ្រប់ៗគ្នា។ នៅលើកូនកោះមួយនេះ សហគមន៍បានរៀបតូបទេសចរណ៍តូចៗ សម្រាប់ស្វាគមន៍ភ្ញៀវទេសចរដែលមកដល់ផងដែរ។
ចង់ដឹងថាពាមក្រសោប ស្រស់ស្អាតប៉ុណ្ណោះ និងមានចំណុចពិសេសអ្វីខ្លះទៀត សូមទស្សនាវីដេអូ [ផ្លូវទៅស្រុក វគ្គ៣] ខាងក្រោមនេះ
ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕