Qualcomm ដូចឲ្យតម្រុយថា iPhone 12 នឹងពន្យារពេលចេញលក់

  • 2020-07-30 01:35:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​ចចាមអារ៉ាម​កាល​ពី​ថ្មីៗ​នេះ​បាន​អះអាង​ថា​ការ​ចេញ​លក់ iPhone ជំនាន់​ថ្មី នឹង​ត្រូវ​អូស​បន្លាយ​ដល់​ខែ​តុលា ឬ​ខែ​វិច្ឆិកា​ឆ្នាំ​នេះ ដោយ​សារ​តែ​បញ្ហា​លើ​ការ​ផ្គត់ផ្គង់។ ពេល​នេះ​ Qualcomm ទំនង​ជា​បាន​បញ្ជាក់​ថា​​នឹង​មាន​ iPhone 12 ខ្លះ មិន​មាន​លក់​នៅ​ខែ​កញ្ញា​ដូច​ជា​សព្វ​ដង​នោះ​ទេ។

នា​ថ្ងៃ​នេះ Qualcomm បាន​បង្ហាញ​អំពី​ចំណូល​ចំណាយ​ប្រចាំ​ត្រីមាស​ទី​បី​របស់​ខ្លួន និង​ការ​រំពឹង​ទុក​ខ្លះៗ​សម្រាប់​ត្រីមាស​បន្ទាប់។ ក្នុង​របាយការណ៍​នេះ Qualcomm បាន​លើក​ឡើង​ថា​​​ការ​លក់​នៅ​ត្រីមាស​​ទី ៤​ របស់​ខ្លួន​រំពឹង​ថា​នឹង​រង​ផល​ប៉ះពាល់ ដោយ​សារ​ការ​ពន្យារពេល​ចេញ​លក់​​ស្មាតហ្វូន 5G លំដាប់ Flagship មួយ។

គួរ​ដឹង​ថា​ត្រីមាស​ទី​បួន​របស់ Qualcomm គឺ​គិត​ចាប់​ពី​ខែ​កក្កដា ដល់​ខែ​កញ្ញា។ Akash Palkhiwala ​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់ Qualcomm បាន​និយាយ​ថា​ឈីប​ 5G មួយ​ចំនួន​ដែល​ខ្លួន​ផលិត​បាន​គឺ​ត្រៀម​រួច​រាល់​ក្នុង​ការ​ដឹក​ចេញ​នៅ​ក្នុង​ខែ​កញ្ញា ប៉ុន្តែ​ត្រូវ​បាន​​លើក​ពេល​ដល់​ចុង​ឆ្នាំ​នេះ​វិញ។

ត្បិត​ថា Qualcomm មិន​បាន​បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន​ណា​មួយ​មែន ប៉ុន្តែ​គេ​ជឿជាក់​ថា​ស្មាតហ្វូន 5G លំដាប់ Flagship ដែល​ក្រុមហ៊ុន​សំដៅ​លើ​គឺ​ច្បាស់​ជា​ iPhone ជំនាន់​ថ្មី ដែល​តាម​ទំនៀមទម្លាប់​ចេញ​លក់​នៅ​ខែ​កញ្ញា។

ដោយ​ឡែក​ Jon Prosser ​ដែល​ធ្លាប់​​ព្យាករណ៍​ត្រូវ​អំពី​ថ្ងៃ​ចេញ​លក់​ផលិតផល​ Apple ថ្មី​ៗ បាន​និយាយ​លើ Twitter ថា iPhone 12 និង iPad ថ្មី នឹង​​​ចេញ​លក់​ក្នុង​ខែ​តុលា។

បើសិន​ដំណឹង​នេះ​ជា​ការ​ពិត​ វា​មិន​មែន​ជា​រឿង​ប្លែក​សម្រាប់ Apple នោះ​ទេ។ Apple ធ្លាប់​បាន​ប្រកាស​ចេញ iPhone X ក្នុង​ខែ​កញ្ញា ប៉ុន្តែ​ដល់​ខែ​វិច្ឆិកា​ទើប​ចេញ​លក់ ហើយ​កាល​ពី​ឆ្នាំ ២០១៨ កន្លង​ទៅ iPhone XR ប្រកាស​ចេញ​នៅ​ខែ​កញ្ញា ដល់​ខែ​តុលា​ទើប​មាន​លក់​លើ​ទីផ្សារ៕​​​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម