ក្រសួងអំពាវនាវ ឲ្យមានកិច្ចការពារសុខភាពខ្ពស់ អំឡុងថ្ងៃឈប់សម្រាក សងថ្ងៃចូលឆ្នាំខ្មែរ

  • 2020-08-07 01:08:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការអំពាវនាវរបស់ក្រសួងសុខាភិបាល​ ក្នុងកិច្ចការពារសុខភាពសម្រាប់បុគ្គលគ្រប់រូប​ នាឱកាសឈប់សម្រាកសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីយជាតិខ្មែរ​ និងនារដូវវស្សានេះ​។ សេចក្ដីអំពាវនាវនេះ ធ្វើឡើងតាមរយៈសាររបស់លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ដែលបានចែកចាយនៅក្នុង Telegram របស់អ្នកសារព័ត៌មាន នៅយប់ថ្ងៃទី ០៦ សីហា ២០២០។

លោកជំទាវ ក្នុងនាមតំណាងឲ្យក្រសួងសុខាភិបាល​ បានសូមអំពាវនាវ​ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សុំបន្តការការពារការចម្លងវីរុសកូវីដ-១៩​ កុំឲ្យឆ្លងមកបុគ្គល​ មកក្រុមគ្រួសារ​ និងកុំឲ្យមានការឆ្លងចូលសហគមន៌​ តាមរយ:ការអនុវត្តវិធានការសាមញ្ញៗ​ តាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងរបស់ក្រសួងសុខាភិបាល​ ព្រមទាំងត្រូវចេះការពារការចម្លងជំងឺផ្សេងៗទៀតដូចជាជំងឺគ្រុនឈីក​ គ្រុនឈាម​ គ្រុនចាញ់​ ជាដើម។

លោកជំទាវបានបន្ដទៀតថា ការធ្វើដំណើរទៅទីណា​ កន្លែងណា​ ពេលណា​ ត្រូវតែពាក់ម៉ាស់ការពារជានិច្ច​ លាងដៃសម្អាតឲ្យបានញឹកញាប់​ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលលើសពីមួយម៉ែត្រកន្លះ​ឡើង​ ដើម្បីចៀសផុតការចម្លងវីរុសកូវីដ-១៩។

ទន្ទឹមនឹងនេះ លប់បំបាត់ជម្រកមូសខ្លា​ហើយត្រូវសម្រាន្តក្នុងមុង​ប្រើថ្នាំលាបដៃជើង​ការពារមូសខាំ​ (Repellent) ប្រើសម្លៀកបំពាក់វែងៗជិតដៃជើង​ ដាក់អាបែតក្នុងពាង​ ឫអាងទឹក​ អនាម័យបរិស្ថាន ជុំវិញផ្ទះកុំឲ្យមានទឹកដក់​ និងព្រៃស្តុកជាដើម​ ដើម្បីការពារជំងឺគ្រុនឈាម​ គ្រុនឈីក​ និងជំងឺផ្សេងៗទៀតដែលបង្កឡើងដោយសារមូសខាំ។

«សូមជូនពរបងប្អូនមានសុខភាពល្អ​ ចៀសផុតនូវជំងឺដង្កាត់​ ពិសេសកុំឲ្យមានការចម្លងវីរុសកូវីដ-១៩​ ក្នុងសហគមន៌​ និងកុំឲ្យមូសខាំ​ នាំឲ្យមានជំងឺគ្រុនឈាម​ គ្រុនឈីក​ និងជំងឺផ្សេងៗទៀត។»។ នេះជាការលើកឡើងរបស់ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា